លោក ហ៊ាន វណ្ណហន បានជួបជាមួយកញ្ញា ស៊ូវណ្ណា ហ្គោនឡែត នាយិការប្រតិបត្តនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងការពារសត្វព្រៃនៅថ្ងៃទី១៥វិច្ឆិកាឆ្នាំ២០២១។ រូបភាព៖ ហ្វេសប៊ុកលោក ហ៊ាន វណ្ណហន

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance) នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើ​ការ​អនុវត្តគម្រោងស្ដីពី«កម្មវិធីសង្គ្រោះ និងថែរក្សាសត្វព្រៃ» ដែលមានទីតាំងអនុវត្តគម្រោងគឺមជ្ឈមណ្ឌលសង្រ្គោះ​សត្វព្រៃភ្នំតាម៉ៅ និងគ្រប់ខេត្តក្រុងទាំងអស់ និងត្រៀមថវិកាចំណាយសរុបចំនួនជាង២លាន៨សែនដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៤។ នេះបើតាមការផ្សព្វផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម។

នៅថ្ងៃចន្ទនេះ លោក ហ៊ាន វណ្ណហន បានជួបជាមួយកញ្ញា ស៊ូវណ្ណា ហ្គោនឡែត នាយិការប្រតិបត្តនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ស្តីពី«កម្មវិធីសង្គ្រោះ និងថែរក្សាសត្វព្រៃ»។

ទំព័រហ្វេសប៊ុកលោក វណ្ណហន បានបន្តថា កិច្ចសហប្រតិបត្តិរវាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជាមួយក្រសួងកសិកម្ម បានអនុវត្តគម្រោងកម្មវិធីសង្គ្រោះ និងថែរក្សាសត្វព្រៃ ពីឆ្នាំ២០០១ដល់ឆ្នាំ២០២១ ចំណាយថវិកាសរុបចំនួនជាង១៩លានដុល្លាអាមេរិក៕