ឆ្នេរសមុទ្រ និងការអភិវឌ្ឍឆ្នេរនៅក្រុងព្រះសីហនុ។ រូបភាពដកស្រង់ចេញពីហ្វេសប៊ុកលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

គោលំបណងបង្កើនភាពទាក់ទាញវិនិយោគ និងដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាខេត្តតំបន់ឆ្នេរសមុទ្រធំជាគេនៅប្រទេសកម្ពុជា គឺរដ្ឋាភិបាលបានសម្រេចឱ្យក្រុមហ៊ុនចិនរៀបចំផែនការមេ ដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានសុទិដ្ឋិនិយមខ្ពស់ថា ខេត្តព្រះសីហនុគឺនឹងកាន់តែជាប៉ូលសេដ្ឋកិច្ចសំខាន់ជាងគេមួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចសំខាន់របស់កម្ពុជា នាពេលអនាគតដ៏ខ្លីខាងមុខនេះ។

លោក ឡុង ឌីម៉ង់ បានថ្លែងបែបនេះ បន្ទាប់ពីចូលរួមកិច្ចប្រជុំរវាងក្រុមការងារនៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួល អន្ដរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្ដព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នៃគណៈអភិវឌ្ឍន៍ខេត្តព្រះសីហនុកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកបានសរសេរនៅលើបណ្តាញសង្គមហ្វេសហ៊ុកផ្លូវការរបស់លោកថា ក្នុងបណ្ដាប៉ូលសេដ្ឋកិច្ចដែលមានកាលានុវត្តភាពសំខាន់ៗរបស់កម្ពុជា ខេត្តព្រះសីហនុជាតំបន់ដែលមានឧត្ដមភាពលេចធ្លោសម្រាប់ការអភិវឌ្ឍ ដោយសារខេត្តព្រះសីហនុមានភូមិសាស្ត្រជាប់សមុទ្រ មានកំពង់ផែទឹកជ្រៅ មានអាកាសយានដ្ឋាន និងតំបន់ឆ្នេរទេសចរណ៍ជាច្រើន។

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៧តុលាកន្លងមកនេះ បានសម្រេចជ្រើសរើសវិទ្យាស្ថាននគរូបនីយកម្ម និងឌីហ្សាញស៊ិនជិន(UPDIS) របស់ប្រទេសចិន ដើម្បីរៀបចំផែនការមេសម្រាប់អភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជា«តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ដែលជាមជ្ឈមណ្ឌលនវានុវត្តន៍ថ្មីមួយនៅក្នុងតំបន់។

ផែនការមេនេះដែលចំណាយពេលប្រហែល១៨ខែ គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់ក្នុងការអភិវឌ្ឍក្រុងព្រះសីហនុទៅជា«ទីក្រុង Shenzhen ទី២» ស្របតាមការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥។

ថ្លែងក្នុងឪកាសនៃការចុះហត្ថលេខាជាមួយ UPDIS លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍កាលពីខែតុលាថា រដ្ឋាភិបាលកម្ពុជាបានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់ទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេសដែលអាចក្លាយទៅជា«ក្បាលម៉ាស៊ីនស្នូល»ថ្មីមួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោកថ្លែងថា៖ «ខ្ញុំជឿជាក់លើ UPDIS ដែលមានបទពិសោធន៍ជាង៣០ឆ្នាំ និងបានបញ្ចប់គម្រោងប្រមាណ៥ ៨០០គម្រោងជុំវិញពិភពលោក ជាពិសេសជាស្ថាប័នឈានមុខគេក្នុងការរៀបចំផែនការមេរបស់ទីក្រុងShenzhen ដែលនឹងប្រើប្រាស់បទពិសោធន៍នេះដើម្បីរៀបចំផែនការមេប្រកបដោយគុណភាពខ្ពស់ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងមួយ ដោយមានការបង្ហាញពីចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា»។

លោក ឌីម៉ង់ បានបន្តថា ដោយសារកាលានុវត្តភាពនេះ ខេត្តព្រះសីហនុបានក្លាយជាខេត្តដែលបានទទួលការយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍ ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចឲ្យមានការសិក្សា និងរៀបចំផែនការមេដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ដល់ឆ្នាំ២០២៥។

លោកបានសរសេរបន្ថែមទៀតថា ៖«ផែនការមេនេះគឺជាត្រីវិស័យក្នុងការអភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ ដើម្បីបម្រើឱ្យខ្សែច្រវ៉ាក់ផលលិតកម្មក្នុងតំបន់ សំដៅជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការការពារបរិស្ថានប្រកបដោយចីរភាព និងនិរន្តរភាព»។

«ជាមួយនឹងកត្តាភូមិសាស្រ្ត និន្នាការវិវត្តន៍ថ្មីៗនៃសេដ្ឋកិច្ចសកល និងចរន្តបំលាស់ទីនៃប្រភេទឧស្សាហកម្មនៅក្នុងពិភពលោកមួយចំនួនមកកាន់តំបន់អាស៊ី ដែលបណ្ដាលមកពីសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចធំៗ ខេត្តព្រះសីហនុនឹងកាន់តែមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញ និងស្រូបយកវិនិយោគពីខាងក្រៅ និងអាចក្លាយទៅជាក្បាលម៉ាស៊ីន ឬជាក្បាលនាគជំរុញកំណើនសេដ្ឋកិច្ចជាតិយើង»។ នេះបើយោងតាមការថ្លែងអះអាងរបស់លោក ឡុង ឌីម៉ង់ ៕