ពលករដែលពុលអាកុលលាយទឹកអូអ៉ិឈិនៅខេត្តបន្ទាយមានជ័យកំពុងសម្រាកព្យាបាលនៅន្ទីរពេទ្យ។ ដោយៈ ហ្វេសប៊ុក

មនុស្សចំនួន២៥បានពុល ក្នុងនោះស្លាប់៧នាក់ និង១៨នាក់ទៀតកំពុងសម្រាកនៅមន្ទីរពេទ្យ បន្ទាប់ពីនាំគ្នាយកទឹកអាល់កុលលាយជាមួយភេសជ្ជៈអូអ៉ិឈិ(Oishi) ធ្វើជាស្រាផឹក នៅក្នុងមណ្ឌចត្តាឡីស័កមួយនៅសង្កាត់និមិត្រ ក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១១វិច្ឆិកាម្សិលមិញ។

លោក រឿន សុធី អ្នកនាំពាក្យមន្ទីរសុខាភិបាលខេត្តន្ទាយមានជ័យបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទៅ១២វិច្ឆិកានេះថា អ្នកដែលបានពុលបានកើនដល់ចំនួន២៥នាក់ ក្នុងនោះមានស្រីចំនួ៣នាក់ និងប្រុស២២នាក់ ចំណែកឯអ្នកដែលបានបាត់បង់ជីវិត៧នាក់ គឺមានស្រីចំនួន១នាក់។

លោកបន្តថា ក្នុងចំណោមអ្នកពុល១៨នាក់ទៀត គឺបានធូរស្បើយស្ទើរទាំងស្រុង គឺនៅសល់តែពីរនាក់ទៀត កំពុងប្រឈមអាការៈកាន់តែធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភ នឹងត្រូវបានបញ្ជូនទៅសង្គ្រោះបន្តនៅខេត្តសៀមរាប។

មន្រ្តីរូបនេះអះអាងថា៖« អ្នកដែលពុលនិងឈានដកល់ស្លាប់ទាំងនោះពុំមានផ្ទុកវីរុសកូវីដ-១៩ នោះទេ ដែលពួកគេភាគច្រើនជាពលករដែលទើបត្រលប់មកពីប្រទេសថៃ និងអ្នកខ្លះទៀតគឺជាពលករដែលបម្រុងលួចចេញទៅក្រៅប្រទេសដោយខុសច្បាប់និងត្រូវចាប់បញ្ជូនឱ្យទៅធ្វើចត្តាឡីស័ក»។
លោកបញ្ជាក់ថា បន្ទាប់ពីមានករណីពុលក្នុងមណ្ឌលចត្តាឡីស័កនេះ មន្រ្តីនឹង រឹតបន្តឹងការត្រួតពិនិត្យរបស់ដែលត្រូវយកចូលឱ្យបានម៉ឺងម៉ាត់ជាងមុន និងមិនត្រូវឱ្យមានការយកអាល់កុលឬវត្ថុរាវផ្សេងៗចូលទៀតឡើយ។

ចំណែកលោក ស៊ុ ច័ន្ទគា មន្រ្តីសម្របសម្រួលសមាគមអាដហុកខេត្តបន្ទាយមានជ័យបានលើកឡើងថា ពលករធ្វើចត្តាឡីស័កទាំងនេះ បាននាំគ្នាផឹកទឹកអាល់កុលលាយជាមួយទឹកអូអ៉ិឈិតាំងពីថ្ងៃទី៩វិច្ឆិកាមកម្ល៉េះ៕