លោក សាយ សំអាល់ឡើងថ្លែងសេចក្តីថ្លែងការកម្ពុជានៅក្នុងកិច្ចប្រជុំកំពូលលើកទី២៦នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុងក្លាហ្កូ ចក្រភពអង់គ្លេសកាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។រូបភាព៖ Ministry of Environment

កម្ពុជាបានប្តេជ្ញាកាត់បន្ថយការបាត់បង់ព្រៃឈើត្រឹមពាក់កណ្តាលត្រឹមឆ្នាំ២០៣០ ខណៈមេដឹកនាំពិភពលោកជាច្រើន ប្តេជ្ញាបញ្ចប់ការកាប់បំផ្លាញព្រៃឈើនៅឆ្នាំ២០៣០។ ការប្តេជ្ញាចិត្តរបស់កម្ពុជានេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលលើកទី២៦ នៃបណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុងក្លាហ្កូ ចក្រភពអង់គ្លេសកាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងក្នុងកិច្ចប្រជុំកំពូលនេះថា កម្ពុជា ជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច តែកម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុ្ងងការដោះស្រាយការប្រែប្រួលអាកាសធាតុតាមរយៈយន្តការ៤ដូចជា កម្ពុជាបានដាក់ឱ្យដំណើរការថាមពលពន្លឺព្រះអាទិត្យដែលមានទំហំជាង ៤០០ មេហ្កាវ៉ាត់ ដែលតំណាងឱ្យ ១៥ភាគរយនៃប្រភពថាមពលរបស់កម្ពុជា មិនបង្កើតរោងចក្រថាមពលធ្យូងថ្មថ្មី មិនសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ និងកាត់បន្ថយការបាត់បង់ព្រៃឈើត្រឹមពាក់កណ្តាលត្រឹមឆ្នាំ២០៣០ និងមិនមានការបញ្ចេញឧស្ម័នពីព្រៃឈើត្រឹមឆ្នាំ២០៤០។

សារព័ត៌មានខ្មែរណាស់បានទាក់ទង លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យក្រសួងបរិស្ថាន ដើម្បីសុំការបកស្រាយបន្ថែម ជុំវិញការប្ដេជ្ញាចិត្តដើម្បីកាត់បន្ថយការបាត់បង់ព្រៃឈើឱ្យបានពាក់កណ្ដាលនេះ ប៉ុន្តែលោកបានឆ្លើយតបថា លោកមិនមានអ្វីអធិប្បាយនោះទេ ព្រោះវាជាការប្តេជ្ញារបស់កម្ពុជា។

លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) បានលើកឡើងថា លោកពិតជាសប្បាយចិត្តណាស់ដែលកម្ពុជាបានប្តេជ្ញាក្នុងកាត់បន្ថយការបាត់បង់ព្រៃឈើត្រឹមពាក់កណ្តាលត្រឹមឆ្នាំ២០៣០។ យ៉ាងណាមិញ លោកបន្តថា ធនធានធម្មជាតិ និងព្រៃឈើមានសារៈសំខាន់ណាស់សម្រាប់មនុស្សជាតិ ដូច្នេះរដ្ឋាភិបាលយកគួរចិត្តទុកដាក់ក្នុងការបញ្ឈប់បទល្មើសព្រៃឈើ។

លោកថ្លែងដូច្នេះថា៖«កម្ពុជាមានច្បាប់ដាក់ទោសទណ្ឌអ្នកប្រព្រឹត្តបទល្មើសព្រៃឈើនេះតឹងរឹងណាស់ ទាំងច្បាប់ព្រៃឈើ និងច្បាប់ស្តីពីតំបន់ការពារធនធានធម្មជាតិ ដូច្នេះធ្វើយ៉ាងណាប្តេជ្ញាចិត្តបញ្ឈប់តែម្តងក៏កាន់តែល្អប្រសើរ»។

លោកបន្ថែមថា លោកហាក់បីដូចជាមិនសូវមានការជឿជាក់លើការប្តេជ្ញាចិត្តនេះប៉ុន្មាននោះទេ ព្រោះជាក់ស្តែងកន្លងមកកម្ពុជាធ្វើការប្តេជ្ញាថែរក្សាព្រៃឱ្យបាន៦០ភាគរយសម្រាប់ប្រទេសកម្ពុជាទាំងមូលត្រឹមឆ្នាំ២០២៩ តាមរយៈការកំណត់ក្នុងកម្មវិធីស្តីពីព្រៃឈើជាតិ ប៉ុន្តែផ្ទុយមកវិញនៅត្រឹមឆ្នាំ២០១៨ កម្ពុជាអាចរក្សាព្រៃដែលនៅសល់ត្រឹមជាង៤៦ភាគរយប៉ុណ្ណោះ។

លោកថ្លែងថា៖«សូម្បីការប្តេជ្ញាថែក្សាព្រៃឈើហ្នឹង ក៏មានការលំបាកក្នុងការធ្វើផង។ ព្រៃដែលនៅសេសសល់ហ្នឹង គឺបូកបញ្ចូលជាមួយនឹង ចម្ភារប្រេងដូង ចម្ភារកៅស៊ូ មិនមែនព្រៃធម្មជាតិនោះទេ»។

លោកស្នើទៅរដ្ឋាភិបាលឱ្យយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាព្រៃឈើនេះ ដោយបញ្ឈប់ការធ្វើបាត់បង់ព្រៃឈើតែម្តង ព្រោះកាត់បន្ថយមិនបានជិះឥទ្ធពលល្អនោះទេ ហើយគួរតែបើកជំហរពីភាគីពាក់ព័ន្ធឱ្យបានទូលំទូលាយ នោះវានឹងអាចការពារព្រៃឈើបានល្អប្រសើរជាងនេះ គឺរដ្ឋាភិបាលត្រូវបញ្ឃប់ការរឹតត្បិតសិទ្ធសេរីភាពក្នុងការចូលរួមថែរក្សាធនធានធម្មជាតិពីភាគីពាក់ព័ន្ធ ជាពិសេសសកម្មជនព្រៃឈើ និងសហគមន៍នៅតាមមូលដ្ឋាន។

កាលពីឆ្នាំ២០២០ របាយការណ៍ពីក្រសួងបរិស្ថានបញ្ជាក់ថា មន្ត្រីឧទ្យានុរក្ស និងសមាជិកនៃសហគមន៍ស្របច្បាប់ បានបន្តសហការគ្នាក្នុងការចុះល្បាតទប់ស្កាត់និងបង្ក្រាបបទល្មើសនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ហើយក្នុងរយៈពេល៩ខែឆ្នាំ២០២០ ពួកគេបានចុះល្បាតចំនួន១៨២៣លើក បង្ក្រាបបទល្មើសបានចំនួន៩៥៤ករណីត្រូវបញ្ជូនទៅតុលាការ និងខ្លះទៀតធ្វើការអប់រំឱ្យចុះកិច្ចសន្យាបញ្ឈប់ និពិន័យអន្តរការណ៍។

លោក នេត្រ ភក្ត្រា ធ្លាប់បានបញ្ជាក់ថា បទល្មើសដែលនៅតែបន្តកើតមាន គឺដោយសារកត្ដាជីវភាពរបស់ប្រជាសហគមន៍ដែលធ្លាប់តែពឹងអាស្រ័យទៅលើផលអនុផលព្រៃឈើ និងការទាក់ទាញនិងញុះញង់ពីសំណាក់ក្រុមឈ្មួញទុច្ចរិតឱ្យពលរដ្ឋចូលកាប់បំផ្លាញព្រៃឈើ គួបផ្សំនឹងចំនួនមន្រ្ដីឧទ្យានុរក្សដែលបានឈរជើងនៅក្នុងតំបន់នោះនៅមានកម្រិតនៅឡើយ៕

សឹម សល់ម៉ា