លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺចុះពិនិត្យទំនិញស្វាយដែលត្រូវនាំចេញ។ រូបភាព៖ សមាគមន៍ ស្វាយ កែវរមៀត ស្រុកកងមាស ខេត្ត កំពង់ចាម៕

ភ្នំពេញ៖ កម្ពុជារំពឹងថា ផលិតផលសក្តានុពល១០មុខដែលខ្លួនបានកំណត់ នឹងមានកំណើនខ្ពស់ទៅ​កាន់ទីផ្សារ​ចិន​និងកូរ៉េខាងត្បូង បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)នឹងចូលជាធរមាននៅឆ្នាំក្រោយនេះ ។

ការលើកឡើងបែបនេះ បន្ទាប់ពីក្រសួងពាណិជ្ជកម្មដែលមានលោក ប៉ាន សូរស័ក្តិ ជារដ្ឋមន្រ្តីក្រសួងនេះ បាន​អញ្ជើញជាអធិបតីក្នុងកិច្ចពិភាក្សាជាមួយវិស័យឯកជន លើឯកសារយុទ្ធសាស្ត្រទាញ​យកអត្ថ​ប្រយោជន៍​ជា​អតិ​បរមា​​ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តាមរយៈប្រព័ន្ធវីដែអូZOOMដោយ​មានការ​ចូលរួម​ពី​មន្រ្តីមកពីបណ្តាក្រសួងនិងស្ថាប័នរដ្ឋនានា និងពាណិជ្ជករ និងវិនិយោគិនពីវិស័យឯកជន។

លោក ប៉ាន សូរស័ក្តិ បានថ្លែងថា បន្ទាប់ពីបានខិតខំនាពេលកន្លងមក កម្ពុជាបានសម្រេចដោយជោគជ័យក្នុង​ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដំបូងបំផុតមួយ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីថ្ងៃទី១២ ខែតុលាឆ្នាំ២០២០ ហើយនាពេលថ្មីៗនេះ គឺកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ យើងបានចុះហត្ថលេខាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។

លោកថា ដោយផ្អែកលើការសិក្សាស្រាវជ្រាវនេះ ក្រុមការងារបានកំណត់មុខទំនិញសក្ដានុពលចំនួន១០មុខ ដែលត្រូវជំរុញផលិតកម្ម និងជំរុញការនាំចេញ មានដូចជា ស្រូវនិងអង្ករ ដំឡូងមី ចេក មៀនប៉ៃលិន ស្វាយ ស្វាយចន្ទី សាច់សត្វ ជ័រកៅស៊ូ ម្នាស់ និងម្រេច។

លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា  ការសម្រេចបាននូវការធ្វើ FTA ជាមួយចិន និងកូរ៉េ គឺវាជាឪកាស​ល្អ​សម្រាប់​កម្ពុជាក្នុងការជំរុញការនាំចេញ និងទាក់ទាញវិនិយោគ ខណៈសង្រ្គាមពាណិជ្ជកម្មរវាងចិននិង អាមេរិកនៅតែបន្ត។

លោកបានថ្លែងយ៉ាងដូច្នេះថា៖«សង្រ្គាមដំឡើងពន្ធរវាងអាមេរិកនិងចិនកំពុងប្រជែងគ្នានេះ ​គឺអាចអនុញ្ញាត្តិឱ្យ​កម្ពុជា​​អាច​ទាក់​ទាញ​​វិនិយោគិនពីសហរដ្ឋអាមេរិក មកបណ្តាក់ទុននៅកម្ពុជា អាចនាំចេញ​ទៅចិនដោយ​រួចពន្ធ​»។

លោក លឹម ហេង ក៏ជាអ្នកវិនិយោគិនក្នុងវិស័យកសិកម្ម​លើដំណាំកៅស៊ូផងដែរនេះ ក៏មើលឃើញផងដែរថា ជា​មួយ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ក៏នឹងអនុញ្ញាតឱ្យកម្ពុជាកាន់តែមានលទ្ធភាពនាំចូលវត្ថុធាតុ​ដើមពីចិន​និងកូរ៉េបន្ថែមទៀតដើម្បីកែច្នៃនាំចេញ។

កម្ពុជា​បានរកចំណូល​បាន​ប្រាក់​ជិត ៤,១​ពាន់​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​កសិផល​មួយ​ចំនួន​ទៅ​ទីផ្សារ​អន្តរជាតិ​​ក្នុង​រយៈ​ពេល ១០​ខែ​ឆ្នាំ​២០២១។ នេះ​បើ​តាម​ទិន្នន័យ​ពី​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ៕