លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា និងលោក Pablo Kang អគ្គរដ្ឋទូតអូស្រ្ដាលី ត្រៀមឡើងជិះរថយន្តអគ្គសនីកាលពីថ្ងៃទី៤វិច្ឆិកា។ រូបភាពដកស្រង់ចេញពីទំព័រហ្វេសប៊ុកស្ថានទូតអូស្រ្ដាលី។

ក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងរៀបចំគោលនយោបាយដើម្បីគាំទ្រឱ្យពលរដ្ឋងាកមកប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី(EVs) ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅដល់បរិស្ថាន ហើយថា ក្រសួងនឹងបង្កើតឱ្យមានហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការប្រើប្រាស់រថយន្តដើរដោយអគ្គិសនីនៅកម្ពុជា ដូចជាស្ថានីយ៍សាកអាគុយ កន្លែងផ្តល់សេវាគ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល និងកន្លែងបោះចោលអាគុយ និងធានាថារថយន្តអគ្គិសនីដែលនាំចូលមកកម្ពុជាមានគុណភាពល្អ។ នេះបើតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ។

កាលពីថ្ងៃទី៤វិច្ឆិកាកន្លងទៅនេះ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា និងលោក ស៊ុន ចាន់ថុល បានជួបពិភាក្សាលើសារៈប្រយោជន៍នៃការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី និងស្តីអំពីអនាគតនៃយានយន្តអគ្គិសនីនៅប្រទេសកម្ពុជា ដើម្បីចូលរួមជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនិចក្នុងទៅបរិយាកាសផែនដី។

លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា និងលោក ស៊ុន ចាន់ថុល បានជួបពិភាក្សាលើសារៈប្រយោជន៍នៃការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី។

លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោលនៃក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រាប់សារព័ត៌មានខ្មែរណាស់ថា លោកមិនទាន់អាចបញ្ជាក់ថា គោលនយោបាយនេះ នឹងត្រូវរៀបចំចប់និងអាចដាក់ឱ្យអនុវត្តនៅពេលណាឡើយ ខណៈក្រសួងកំពុងតែបញ្ចូលធាតុផ្សំផ្សេងៗទៀត នៅក្នុងគោលនយោបាយ។

លោកថ្លែងដូច្នេះថា៖«យើងលើកទឹកចិត្តឱ្យមានមធ្យបាយដឹកជញ្ជូនសាធារណៈផ្សេងៗ ដូចជាឡានក្រុង ជារថយន្តអគ្គិសនី ជាពិសេសតំបន់ទេសចរណ៍សំខាន់ៗ ដូចនៅសៀមរាប ហើយតិចទៀតនៅខេត្តព្រះសហនុអីចឹងទៅ»។

លោកបន្តថា សព្វថ្ងៃនេះ រថយន្តដើរដោយថាមពលអគ្គិសនីដែលចុះបញ្ជីរនៅក្នុងក្រសួងមានចំនួនប្រមាណជាង៤០គ្រឿង។

លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានលើកឡើងថា បច្ចុប្បន្នកម្ពុជាមាន ថាមពលកកើតឡើងវិញនៅក្នុងបណ្ដាញចែកចាយអគ្គិសនីកម្ពុជាចំនួន៩% និងក្នុងពេលខាងមុខនឹង ឡើងដល់១០% ខណៈការផ្គត់ផ្គង់អគ្គិសនីដើរដោយថាមពលកកើតឡើងវិញក្នុងកម្រិតពិភពលោក គិតជាមធ្យមមានប្រហែលពី៤% ទៅ ៥% ដូច្នេះ កម្ពុជាស្ថិតក្នុងស្ថានភាពល្អ៕