លោក ប៊ិន សុជាតិ ទីប្រឹក្សា ស្ថាបនិក និងគ្រប់គ្រងអាជីវកម្ម «ពេទ្យយើង» តំណាងអោយកម្មវិធីពេទ្យយើងក្នុងកម្មវិធីប្រកួតប្រជែងAEA វគ្គផ្តាច់ព្រ័ត្រ

កម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលពេទ្យយើង បង្កើតដោយក្រុមហ៊ុន ​ហ្វឺស វីម៉ិនថេក អេស៊ា បានជាប់ជយលាភី នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រក្នុង​កម្មវិធី AEA 2021​ និងបានឈ្នះ Audience Award នៅប្រទេសជប៉ុន កាលពីថ្ងៃពុធ ទី២៧ ខែតុលា។ ជយលាភី​ពេទ្យយើងនេះ បន្ទាប់​ពី​​ជម្រុះ​ក្នុងវគ្គផ្តាច់ព្រ័ត្រ ចេញពីបេក្ខភាពក្រុមហ៊ុនចំនួន ៣០​ក្រុមហ៊ុន ដែលធ្វើការពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យាផ្សេងៗទៀត មកពីបណ្តាប្រទេសចំនួន១៤។

ពេទ្យយើង គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដំបូងគេពីកម្ពុជា ដែលបានចូលរួមការប្រកួតប្រជែង នៅក្នុងកម្មវិធី ASIAN ENTREPRENEURSHIP AWARD 2021 (AEA 2021) នៅប្រទេសជប៉ុន។ ពេទ្យយើង បានឆ្លងកាត់វគ្គជម្រុះជាច្រើន ដំណាក់កាល​ ដោយមានបេក្ខភាពក្រុមហ៊ុនរាប់រយមកពីបណ្តាប្រទេសជាច្រើន នៅក្នុងសកលលោក ទើបអាចឈានដល់វគ្គផ្តាច់ព្រ័ត្រ​នេះ។

កម្មវិធីប្រកួតប្រជែង AEA ​ ​បានបង្កើតឡើង ក្នុងគោលបំណង បង្កើនកិច្ចសហការរវាងក្រុមបច្ចេកវិទ្យា ក្នុងបណ្តាប្រទេសផ្សេងៗ ជាមួយនឹងក្រុមហ៊ុនអាជីវកម្មជប៉ុន។ ឆ្នាំនេះ AEA ​បានផ្តល់ឱកាសឱ្យបណ្តាក្រុមហ៊ុន នៅក្នុងតំបន់អាស៊ី ដែលធ្វើការពាក់ព័ន្ធនឹង Environmental Symbolic, Health and Longevity and Creation of New Industries ចូលរួមប្រកួតប្រជែង។ កម្មវិធីនេះ ផ្តោតសំខាន់ទៅលើគម្រោង «Kashiwa-no-ha Smart City»។

លោក ប៊ិន សុជាតិ ទីប្រឹក្សា ស្ថាបនិក និងគ្រប់គ្រងអាជីវកម្ម «ពេទ្យយើង» ដែលជាអ្នកតំណាងអោយ «ពេទ្យយើង» ចូលរួមនៅក្នុងកម្មវិធីនេះ បានលើកឡើងថា «នេះគឺជាលើកទីមួយរបស់កម្ពុជា ខណៈ​ពេទ្យយើង ជាក្រុមហ៊ុនបច្ចេកវិទ្យាដំបូងគេរបស់កម្ពុជា ដែលទទួល​បាន​ជ័​យលាភី​ នៅក្នុងការប្រកួតប្រជែង ក្នុង​កម្មវិធី AEA របស់ជប៉ុន។ យើងតំណាងអោយកម្ពុជា យើង​ពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងបំផុត ដែលបានបង្ហាញពីស្នាដៃផ្នែកបច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល លើ​ឆាកអន្តរជាតិ »។

លោក ប៊ិន សុជាតិ បានបន្ថែមថា «យើងបានធ្វើការយ៉ាងហ្មត់ចត់​​លើការបង្កើតប្រព័ន្ធឌីជីថលគ្រប់គ្រ​ង​នៅក្នុងស្ថាប័នសុខាភិបាល ដែលមានភាពច្នៃប្រឌិត​ទំនើប កាត់បន្ថយការប្រើប្រាស់សម្ភារៈនានា និងផ្តល់សុវត្ថិភាពជូនដល់អ្នកប្រើប្រាស់។ ក្រុមការងារយើងភាគច្រើន សុទ្ធសឹងតែជាយុវជន​ វ័យ​ក្មេង ដែលពោរពេញដោយឆន្ទៈ ក្នុងចូលរួមអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន និងផ្តល់ភាព​ងាយស្រួលដល់ប្រជាពលរដ្ឋយើង។ មិនតែប៉ុណ្ណោះ យើងនឹងខិតខំធ្វើយ៉ាងណា បង្កើតគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីជួយសម្រួលដល់ប្រតិបត្តិការនានារបស់មនុស្សជាតិ នៅទូទាំងសកលលោក»។

កម្មវិធីពេទ្យយើង បង្កើតដោយក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា ជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលដំបូងគេនៅកម្ពុជា ​ដើម្បីចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលទំនើប បែបឌីជីថល នៅកម្ពុជា និងសម្រាប់សហគមន៍អាស៊ាន តាមរយៈការផ្តល់សុវត្ថិភាពដល់កំណត់ត្រាព្យាបាល ទិន្នន័យសុខភាពអ្នកជំងឺ និងជួយឲ្យគ្លីនិក និងមន្ទីរពេទ្យ ដៃគូដំណើរការរលូន​ និងពុំមានការរំខាន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១​ ពេទ្យយើង ត្រូវបានជ្រើសរើសជាតំណាងប្រទេសកម្ពុជា ក្នុងកម្មវីធីប្រកួតប្រជែងប្រចាំតំបន់អាស៊ីរបស់កិច្ចប្រជុំកំពូល ស្តីពី ការវិនិយោគ នៅសហរដ្ឋអាមេរិក SelectUSA Investment Summit។ កម្មវិធីប្រកួតប្រជែងនេះ បង្កើតឡើងដោយរដ្ឋាភិបាលអាមេរិក ក្នុងគោលបំណង លើក​កម្ពស់ទិសដៅវិនិយោគ និងផ្សារ​ភ្ជាប់ក្រុមហ៊ុនអាជីវកម្មបរទេស ដែលត្រូវបានជ្រើសរើសជាមួយ​នឹងស្ថាប័ន​អាមេរិក ដើម្បីជ្រោម​ជ្រែង អភិវឌ្ឍន៍សេដ្ឋកិច្ច ​(EDOs) និងផ្ដួចផ្ដើមការបោះទុនលើអាជីកម្ម និងបង្កើតការងារ៕

កម្មវិធី AEA 2021 ក្នុងវគ្គផ្តាច់ព្រ័ត្រដែលមានការចូលរួមពីបណ្តាលក្រុមហ៊ុនបច្ចេកវិទ្យាជាង៣០ក្រុមហ៊ុន
កម្មវិធី AEA 2021 ក្នុងវគ្គផ្តាច់ព្រ័ត្រដែលមានការចូលរួមពីបណ្តាលក្រុមហ៊ុនបច្ចេកវិទ្យាជាង៣០ក្រុមហ៊ុន
លោក ប៊ិន សុជាតិ ទីប្រឹក្សា ស្ថាបនិក និងគ្រប់គ្រងអាជីវកម្ម «ពេទ្យយើង» តំណាងអោយកម្មវិធីពេទ្យយើងក្នុងកម្មវិធីប្រកួតប្រជែងAEA វគ្គផ្តាច់ព្រ័ត្រ
លោក ប៊ិន សុជាតិ ទីប្រឹក្សា ស្ថាបនិក និងគ្រប់គ្រងអាជីវកម្ម «ពេទ្យយើង» តំណាងអោយកម្មវិធីពេទ្យយើងក្នុងកម្មវិធីប្រកួតប្រជែងAEA វគ្គផ្តាច់ព្រ័ត្រ