រូបភាពពី សហព័ន្ធសហជីពកម្មករកម្ពុជា - CLUF

រដ្ឋាភិបាលសម្រេចបន្តផ្ដល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរការងារដោយសារវិបត្តិជំងឺកូវីដ១៩រយៈពេល៣ខែទៀត បើទោះបីជាកម្ពុជាបានចាប់ផ្ដើមបើកសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសបណ្ដើរៗ ជាពិសេសការបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ។ 

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលកាលពីថ្ងៃទី២៨តុលានេះ គឺ បានសម្រេចដាក់ចេញវិធានការបន្ថែមជុំទី១០ ដើម្បីបន្តជួយដល់វិស័យកាត់ដេរវាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ កាបូប ដោយបន្តផ្ដល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារក្នុងមួយខែសម្រាប់កម្មករ និយោជិត រយៈពេល៣ខែបន្ថែមទៀត ចាប់ពីខែ តុលាដល់ធ្នូ។ ម្ចាស់រោងចក្រ សហគ្រាស ត្រូវបន្ថែម៣០ដុល្លារទៀត ដើម្បីឲ្យកម្មករ និយោជិតទទួលបាន៧០ដុល្លារក្នុងមួយខែ។ 

លើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅបណ្ដាខេត្តមួយចំនួនដូចជា ភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត រយៈពេល៣ខែទៀត។ បន្តផ្ដល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារដល់កម្មករ និយោជិត ដែលបំពេញការងារក្នុងវិស័យទេសចរណ៍ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ រយៈពេល៣ដូចគ្នា។

លើកលែងការបង់ពន្ធអប្បបរមា សម្រាប់រយៈពេល៣ខែបន្ថែមទៀតដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា និងបន្តផ្ដល់ការអនុគ្រោះចំពោះការបង់ប្រាក់ជំពាក់លើកម្រៃអាកាសចរស៊ីវិលរយៈពេល៣ខែទៀត។ បន្តលើកលែងការបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នៃបេឡាជាតិសន្តិសុខសង្គមក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្ម។

ថ្មីៗនេះកម្ពុជា​ បានប្រកាសបើកទទួលអ្នកទេសចរវ៉ាក់សាំងអន្តរជាតិលើកដំបូងនៅក្រុងព្រះសីហនុ កោះរ៉ុង និងតំបន់តារាសាគរក្នុងខេត្តកោះកុងចាប់ពីថ្ងៃទី៣០វិច្ឆិកាខាងមុខ រួមទាំងវិស័យមួយចំនួនទៀតដូចជា រោងភាពយន្ត ក្លឹបហាត់ប្រាណ សារៈមន្ទីរ ខណៈក្លឹបកម្សាន្ត ខារ៉ាអូខេ ត្រូវបន្តបិទ៕