រូបភាពពី សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា

សមគមអ្នកចិញ្ចឹមសត្វកម្ពុជា បានដាក់លិខិតស្នើតាមបណ្ដាខេត្តជាប់ព្រំដែន ឱ្យជួយទប់ស្កាត់ការហូរចូលជ្រូកខុសច្បាប់ពីវៀតណាមនៅពេលបច្ចុប្បន្ននេះ ដើម្បីជួយដល់អ្នកចិញ្ចឹមជ្រូកក្នុងស្រុកកុំឲ្យក្ស័យធន ដោយសារគ្មានទីផ្សារ និងតម្លៃថោក។ 

លោក ស្រ៊ុន ពៅ ប្រធានសមគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២៧តុលានេះថា ការនាំចូលជ្រូកខុសច្បាប់ពីវៀតណាមនៅតែបន្តកើតមាន ហើយប្រសិនបើគ្មានការទប់ស្កាត់មានប្រសិទ្ធភាពនោះទេ នឹងអាចធ្វើឱ្យជ្រូកក្នុងស្រុកបន្តធ្លាក់កាន់តែគំហុកថែមទៀត។ លោកបន្តថា សព្វថ្ងៃការត្រួតពិនិត្យការនាំចូលជ្រូកខុសច្បាប់ពីវៀតណាមនៅតែមានចន្លោះប្រហោង និងពិបាកទប់ស្កាត់ ​ដោយសារឈ្មួញដែលលួចនាំជ្រូកចូលទាំងនោះភាគច្រើនដឹកតាមច្រកផ្លូវទឹក និងផ្លូវគោកស្ទើតែគ្រប់ច្រក។ 

លោកថ្លែងថា៖«ការដែលនាំចូលស្របច្បាប់ពីវៀតណាមសព្វថ្ងៃនេះមាន៣០០ក្បាល​ តែសាច់ធ្វើហើយនៅតែមានការនាំចូលដដែរ តិចឬច្រើនអី នៅតាមច្រកព្រំដែនវៀតណាម។​ នេះបានសេចក្ដីថា ខាងវៀតណាមគាត់កាប់សាច់ហើយ យកមកលក់នៅតែមានពិតមែន»។

ប្រធានសមគមអ្នកចិញ្ចឹមសត្វរូបនេះឲ្យដឹងទៀតថា បច្ចុប្បន្នការនាំចូលជ្រូកខុសច្បាប់ពីវៀតណាមនៅមានតិចតួចប៉ុណ្ណោះ ខណៈលោកបានយកលិខិតទៅដាក់តាមសាលាខេត្ត មន្ទីរកសិកម្ម សាខាគយនិងរដ្ឋាករ ចំនួន៥ ដូចជានៅខេត្តតាកែវ ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង និងខេត្តកណ្ដាល ដើម្បីឲ្យមន្រ្តីពាក់ព័ន្ធតាមខេត្តជាប់ព្រំដែនទាំងនោះ ជួយទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ពីវៀតណាមបន្ថែមទៀត។

លោកបារម្ភថាការនាំចូលជ្រូកខុសច្បាប់ពីវៀតណាមកើនឡើងកាន់តែខ្លាំង ស្របពេលប្រទេសនេះកំពុងមានការកកស្ទុះដោយសារកូវីដ១៩ និងជ្រូកខ្លះមានជំងឺ ដែលអាចធ្វើឲ្យប៉ះពាល់ខ្លាំងដល់តម្លៃទីផ្សារក្នុងស្រុក និងប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ដោយសារសត្វដែលនាំចូលទាំងនោះគ្មានការត្រួតពិនិត្យជំងឺឲ្យត្រឹមត្រូវ។  

លោកថ្លែងដូច្នេះថា៖«យើងឃើញថា ឥឡូវពីថៃមានតម្លៃប្រហាក់ប្រហែលនឹងកម្ពុជាយើងដែរទេ អ៊ីចឹង​! វាមិនអាចហូចូលមកបានទេ។ ហើយការបារម្ភគឺវៀតណាម ព្រោះវៀតណាមមានការកកស្ទុះដោយសារកូវីដ​​ទី១ ហើយទី២ ដោយសារជំងឺដែលផ្ទុះខ្លាំងនៅវៀតណាម។ អាហ្នឹងដែលធ្វើឲ្យមានការជំរុញមកកម្ពុជាយើង ហើយកម្ពុជាយើងបានទប់ស្កាត់ការបង្ហូរចូលនោះទេ គឺ១០០ភាគរយកសិករ ត្រូវតែដួលរលំទាំងអស់ ដូចនឹងឆ្នាំ២០១៧ ២០១៨ អ៊ីចឹង»។ 

សារព័ត៌មានខ្មែរណាស់ មិនអាចសុំការបញ្ជាក់បន្ថែមពីលោក តាន់ ផាន់ណារ៉ា បានឡើយ ដោយសារទូរសព្ទចូលគ្មានអ្នកទទួល។ 

កាលពីថ្ងៃទី១៨តុលា លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងពីចំណុចមួយចំនួនដែលធ្វើ ឱ្យជ្រូក​ក្នុងស្រុកកក​ស្ទះ និង​លក់​បាន​ថោក ដូចជា​ មកពីការ​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​កើន​ឡើង​ កសិករចិញ្ចឹមជ្រូកត្រៀមបញ្ចេញលក់ក្នុងឱកាសរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ ប៉ុន្តែត្រូវបានផ្អាកទៅវិញ  វិបត្តិជំងឺកូវីដ១៩ធ្វើឱ្យតម្រូវការសាច់ជ្រូកមានការប្រែប្រួលមិនទៀងទាត់ ដោយសារមានការបិទខ្ទប់ ពុំមានកម្មវិធីតាមបុណ្យទាន កម្មវិធីជួបជុំផ្សេង ជាពិសេសពុំមានភ្ញៀវទេសចរធ្វើដំណើកម្សាន្តតាមតំបន់រមណីយដ្ឋាននានា។ 

លោកបញ្ជាក់ថា អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នឹងពិនិត្យបន្ថែមទៀតរវាងការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចូល ខណៈបច្ចុប្បន្ន ការនាំចូលជ្រូករស់ពីបរទេសនៅថ្ងៃខ្លះ មានត្រឹម៣០០ក្បាលប៉ុណ្ណោះក្នុងមួយថ្ងៃ គឺការបន្តរឹតបណ្តឹងការអនុវត្តច្បាប់ ពិសេសបទល្មើសចរាចរសត្វ និងផលិតផលសត្វ៕