រូបភាពពី Cambodia Angkor Air

កម្ពុជា​ បានប្រកាសបើកទទួលអ្នកទេសចរវ៉ាក់សាំងអន្តរជាតិលើកដំបូង នៅក្រុងព្រះសីហនុ កោះរ៉ុង និងតំបន់តារាសាគរក្នុងខេត្តកោះកុងចាប់ពីថ្ងៃទី៣០វិច្ឆិកាខាងមុខនេះ ខណៈសៀមរាបជាគោលដៅបន្ទាប់នៅខែមករាឆ្នាំ២០២២។ ការប្រកាសបើកទទួលទេសចរវ៉ាក់សាំងនេះ បន្ទាប់ពីការឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃធ្លាក់ត្រឹមជាង១០០នាក់។ 

បើតាមការជូនដំណឹងរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី២៦តុលានេះ អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចហើយ នឹងត្រូវបានអនុញ្ញាតឲ្យស្នាក់នៅ និងដើរទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពរយៈពេល៥ថ្ងៃ ដោយពុំចាំបាច់ធ្វើចត្តាឡីស័ក។ 

ភ្ញៀវទេសចរដែលមកក្នុងកម្មវិធីទេសចរវ៉ាក់សាំង គឺតម្រូវឲ្យធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ប៉ុណ្ណោះ នៅពេលមកដល់អាកាសយានដ្ឋាន ក្នុងករណីទទួលបានលទ្ធផលអវិជ្ជមាន ភ្ញៀវទេសចរអាចដើរកម្សាន្តដោយសេរីនៅក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ដោយមូលដ្ឋានអាជីវកម្មទេសចរណ៍សុទ្ធតែត្រូវបានពិនិត្យតាមស្ដង់ដារ និងវិធានការសុវត្ថិភាព។ 

ទោះជាយ៉ាងណា ភ្ញៀវទេសចរណ៍អន្តរជាតិទាំងអស់ត្រូវធ្វើតេស្ត PCR មុន១ថ្ងៃ បន្ទាប់ពីចាកចេញពីតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ដើម្បីបញ្ជាក់ពីលទ្ធផលអវិជ្ជមាន មុននឹងអនុញ្ញាតឲ្យចេញដំណើរទៅតំបន់ផ្សេងទៀត ឬចាកចេញពីកម្ពុជា៕