លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះជួបពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្ទាក់បណ្តាលឲ្យខូចខាតផ្ទះនៅថ្ងៃទី២៣តុលាឆ្នាំ២០២១។ រូបភាពដកស្រង់ចេញពីហ្វេសប៊ុករបស់លោក។​

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបានសរសេរបកស្រាយតាមទំព័រហ្វេសប៊ុកថា ជុំវិញកសិផលកម្ពុជា ដែលអាចនាំចេញត្រឹមប្រទេសវៀតណាមនិងប្រទេសថៃ ខណៈលោកបញ្ជាក់ថា ប្រទេសជិតខាងធំៗ២ ដែលមានប្រជា​ជន​សរុបប្រមាណជាង១៦៧លាននាក់ គឺជាទីផ្សារដ៏មានសក្តានុពលសម្រាប់កសិផលរបស់កម្ពុជា។

លោកបន្តថា ប្រទេសទាំង២នេះគឺជាទីផ្សារប្រពៃណីប្រកបដោយសក្តានុពលក្នុងការស្រូបយកទំនិញជាកសិផលពីប្រទេសកម្ពុជា ប៉ុន្តែជាក់ស្តែងក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ផលិតផលកសិកម្មកម្ពុជាបានជ្រៀតចូលទីផ្សារពិភព​លោកចំនួន៩០ប្រទេសរួចមកហើយ។ បើតួលេខ ក្នុងរយៈពេល៩ខែឆ្នាំ២០២១នេះ ការនាំចេញរបស់កម្ពុជាសម្រេចបានជាង ៥,៩៣លានតោន ក្នុងនោះការនាំចេញទៅកាន់ប្រទេសវៀតណាមមាន៦៤,១១% ប្រទេសថៃចំនួន​២១,៤៩% ប្រទេសចិនចំនួន៦,៦៩% និងគោលដៅប្រទេសដទៃទៀតចំនួន៤,៧១%តែប៉ុណ្ណោះ។

ចំពោះបញ្ហាដែលកម្ពុជាត្រូវពឹងទីផ្សារប្រទេសជិតខាងទាំងពីរនេះ គឺដោយស្ថានភាពនៃជញ្ជីងពាណិជ្ជកម្ម ដែលជាទំនាក់ទំនងរវាងការផ្គត់ផ្គង់និងតម្រូវការ។ ទីណាមានតម្រូវការ លំហូរពាណិជ្ជកម្មនឹងតម្រង់ទិសទៅកាន់ទីនោះ ទៅ​ក្នុងទម្រង់ជាវត្ថុធាតុដើម ឬផលិតផលសម្រេច។ ការធ្វើពាណិជ្ជកម្មជារឿងខាតនិងចំណេញ។ សុភាសិតខ្មែរពីបុរាណបានពោលថា«ជួញជិតជាជាងជួញឆ្ងាយ»។

ហេតុផលមួយទៀតនោះ គឺថាប្រទេសទាំង២ បានធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់តម្លៃកសិកម្មពិភពលោកមុនកម្ពុជា ដោយទទួលបានបទពិសោធន៍ពេញលេញជាប្រទេសកែច្នៃនាំចេញផលិតផលកសិកម្មនិងម្ហូបអាហារទៅកាន់ទីផ្សារតំបន់និងពិភពលោក។ ជារួមប្រទេសទាំង២ បានអភិវឌ្ឍខ្លួនទៅជាចំណុចប្រមូលផ្តុំស្បៀង (Food Hub/Basket) សម្រាប់ពិភពលោកមុនកម្ពុជា។ ដូច្នេះត្រូវការវត្ថុធាតុដើមច្រើនពីប្រទេសផ្សេងរួមទាំងកម្ពុជាផងដែរ ដើម្បីផ្គត់ផ្គង់ឱ្យឧស្សាហកម្មកែច្នៃរបស់ខ្លួនសម្រាប់នាំចេញ។

ក្នុងពេលខាងមុខនៅពេលកម្ពុជាមានការអភិវឌ្ឍខ្សែច្រវាក់តម្លៃ សមត្ថភាពកែច្នៃ និងហេដ្ឋរចនាសម្ព័ន្ធភស្តភាកម្មពាក់ព័ន្ធបានមួយកម្រិតបន្ថែមទៀត នឹងជំរុញឱ្យមានការស្រូបយកវត្ថុធាតុដើមមកធ្វើការកែច្នៃពង្រីកការនាំចេញត្រទៅកាន់ទីផ្សារមានសក្តានុពលមួយចំនួនដូចជាប្រទេសចិន និងបណ្តាប្រទេសដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀត ដែលជាកត្តាសន្យានុម័តកាត់បន្ថយការនាំចេញផលិតផលកសិកម្មទៅកាន់តីផ្សារប្រទេសជិតខាងទាំង២។

សំខាន់បំផុតនោះ កម្ពុជាបានជួបប្រទះទៅនឹងបញ្ញានៃការដឹកជញ្ជូនទៅកាន់ទីផ្សារក្រៅតំបន់ រួមទាំងតម្លៃនៃការកែឆ្នៃក្នុងស្រុកមានតម្លៃខ្ពស់ជាងគេបន្តិចបើប្រៀបធៀបទៅនឹងប្រទេសជិតខាងទាំងពីរ ។

ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នាដែលមានលក្ខណៈភូមិសាស្ត្រប្រហាក់ប្រហែលគ្នា នាំឱ្យមានការអនុវត្តនូវលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញ នាំចូលទំនិញកសិផលមានលក្ខណៈទន់ភ្លន់ មិនសូវស្មុគស្មាញ បើធៀបជាមួយលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃប្រទេសទី៣៕