រូបភាពកូវីដ ដែលដកស្រង់ចេញពីសារព័ត៌មាន BBC។

ទម្រង់នៃការបំប្លែងថ្មីមួយរបស់វីរុសកូរ៉ូណា និងត្រូវបានអ្នកខ្លះហៅថា វីរុសដែលតាបូក(Delta Plus) នឹងអាចចម្លងកាន់តែងាយស្រួលជាងវីរុសដែលតាធម្មតាទៅទៀត នេះបើតាមការលើកឡើងពីក្រុមអ្នកជំនាញនៅក្នុងប្រទេសអង់គ្លេស។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី២២តុលា។

ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) កំពុងដាក់វីរុសថ្មីនេះស្ថិតក្រោមការស៊ើបអង្កេត ដើម្បីស្វែងយល់ពីហានិភ័យរបស់វា ប៉ុន្តែបច្ចុប្បន្ន វាមិនទាន់បានបង្ហាញ​ភស្ដុតាង ថានឹងបង្កឱ្យមានជំងឺកាន់តែធ្ងន់ធ្ងរនៅឡើយទេ។

ក្រុមអ្នកជំនាញបាននិយាយថា​ វីរុសដែលតាបូកនេះ មិនទំនងជាអាចធ្វើឱ្យវ៉ាក់សាំងគ្មានប្រសិទ្ធភាពនោះទេ ប៉ុន្តែក្រុមមន្ត្រីអង់គ្លេសនិយាយថា មានភស្តុតាងមួយចំនួនបង្ហាញថា វាអាចមានការកើនឡើងអត្រាឆ្លងនៅក្នុងចក្រភពអង់គ្លេស បើធៀបនឹងវីរុសដែលតាធម្មតា។

ទោះជាយ៉ាងណាក៏ដោយ វាមិនដូចនឹងវីរុសដែលតាទេ។ វីរុសបំប្លែងថ្មីដែលតាបូកនេះ មិនទាន់ត្រូវបានចាត់ទុកថា ជាវីរុសបំប្លែងគួរឱ្យព្រួយបារម្ភនៅឡើយទេ។​

ករណីឆ្លងភាគច្រើននៅចក្រភពអង់គ្លេស គឺជាវីរុសដែលតា ប៉ុន្តែការឆ្លងវីរុសដែលតាបូកនេះ ក៏កំពុងមានកំណើនដែរ។ ប៉ុន្មានករណីនៃវីរុសដែលតាបូកនេះ ក៏ត្រូវបានគេរាយការណ៍នៅសហរដ្ឋអាមេរិកនិងដាណឺម៉ាក ប៉ុន្តែករណីឆ្លងថ្មីបានធ្លាក់ចុះវិញនៅប្រទេសទាំងពីរនេះ៕