រូបឯកសារ៖ អតីត​នាយក​រដ្ឋមន្រ្តី​អូស្រ្តាលី​លោក Tony Abbott ពាក់ម៉ាស់​ដែល​មាន​សរសេរ​អក្សរ​ចិន​ថា «អូស្រ្តាលី» ក្នុង​អំឡុងពេល​ជួប​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing -wen នៅ​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ នៅ​ការិយាល័យ​ប្រធានាធិបតី​ក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់។

អតីត​នាយករដ្ឋមន្ត្រីអូស្ត្រាលី​ លោក Tony Abbott និយាយ​ថា ប្រទេស​អូស្ត្រាលី គួរ​ធ្វើការ​ឲ្យ​បាន​ច្រើន​ជាង​នេះ​ទៀត​នៅ​ក្នុង​ការគាំទ្រ​ប្រទេសប្រជាធិបតេយ្យ​ ដូច​ជា​កោះ​តៃវ៉ាន់​ជាដើម​ ស្រប​ពេល​ដែល​ប្រទេស​ចិន​ដីគោគ​ កំពុង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

នៅ​ក្នុង​សុន្ទករថា​ដែលប្រើ​ពាក្យ​ធ្ងន់ៗមួយ​កាល​ពី​ដើម​ខែ​តុលានេះ​ នៅ​វេទិកា Yushan ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាលក្នុង​ទីក្រុង​តៃប៉ិ លោក Abbott បាន​ព្រមាន​ថា បញ្ហា​ផ្ទៃក្នុង​របស់​ចិន​ អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាលក្រុង​ប៉េកាំងវាយ​ប្រហារ​កោះ​តៃវ៉ាន់។ ប៉ុន្មាន​ថ្ងៃ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​កោះ​នេះ ចិន​ បាន​ធ្វើការ​ហោះ​ហើរ​យន្តហោះ​របស់​ខ្លួន​ចំនួន​១៤៩​លើក ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ចូលក្នុង​តំបន់ការពារ​ដែន​អាកាស​របស់​តៃវ៉ាន់​នៅ​ចន្លោះ​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៤ ខែ​តុលា​កន្លង​ទៅ។

លោក​និយាយ​ថា មិត្តភ័ក្ត​របស់​តៃវ៉ាន់ ត្រូវតែ​បង្ហាញ​នូវ​ការគាំទ្រ​របស់ខ្លួន​នៅ​ពេល​នេះ​ជាង​ពេល​ណាៗ​ទាំង​អស់ «ដោយ​ពុំ​មាន​ការ​តស៊ូ​នៅទី​កន្លែង​ណា​រវាង​លទ្ធិ​សេរី​និង​លទ្ធិ​ផ្តាច់ការ​ជាង​ច្រក​សមុទ្រ​តៃវ៉ាន់​ទេ»។

សុន្ទរកថា​របស់​អតីត​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Abbott បាន​ទាក់​ទាញចំណាប់​អារម្មណ៍ និង​ការគាំទ្រ​យ៉ាង​ខ្លាំង​របស់​លោក​ដល់​តៃវ៉ាន់​ដែល​ជា​សកម្មភាពមិន​ធ្លាប់​មាន​ពីមុន​ដោយ​អតីត​មេដឹកនាំ​របស់អូស្ត្រាលី​បណ្តាល​មកពី​ភាពឯកោ​ខាង​ការទូត​របស់​តៃវ៉ាន់។

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​បច្ចុប្បន្ន​លោក Scott Morrison បានលើក​ឡើង​ថា ដំណើ​រទស្សនកិច្ចរបស់​លោក Abbott ទៅ​កាន់​កោះ​តៃវ៉ាន់ ​គឺ​ក្នុង​នាម​ជា​ពលរដ្ឋ​ធម្មតា បើ​ទោះបី​ជា​លោក​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​ប្រធានាធិបតី​តៃវ៉ាន់​លោក​ស្រី Tsai Ing-wen នៅ​មុន​ការ​ថ្លែង​សុន្ទរកថា​របស់​លោក​កាល​ពី​ថ្ងៃ​ទី​៨​ ខែតុលា និង​មិន​តម្រូវ​ឲ្យ​ធ្វើ​ចតាឡីស័ក្ត​នៅកោះ​តៃវ៉ាន់​ក៏​ដោយ។

ចាប់តាំង​ពី​ចាកចេញ​ពី​អំណាច​ក្នុង​ឆ្នាំ​២០១៥​ មក លោក Abbott បាន​ផ្តោត​ការ​តស៊ូ​មតិរបស់​លោក​លើ​បញ្ហា​ពាណិជ្ជកម្ម ​ហើយ​នៅ​ពេល​ថ្មីៗ​នេះ​ បាន​ចាប់​ផ្តើមប្រមូលការគាំទ្រលើ​កិច្ចព្រមព្រៀង​ទូលំ​ទូលាយ ​និង​ជឿនលឿន​មួយ​សម្រាប់​ភាព​ជាដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក៕