ពលរដ្ឋជាង១០០នាក់នៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ បាននាំគ្នាចេញតវ៉ា ដើម្បីរារាំងក្រុមយោធានិងមន្រ្តីបរិស្ថាន ឱ្យបញ្ឈប់ការប្រើប្រាស់គ្រឿងចក្រឈូសឆាយបំផ្លាញដីព្រៃសហគមន៍របស់ពួកគាត់ ដើម្បីទុកធ្វើជាជម្រកសត្វព្រៃ និង​សម្រាប់ឱ្យពួកគាត់អាស្រ័យផល។ ប៉ុន្តែមន្រ្តីបានលើកឡើងថា ការឈូសឆាយនោះ គឺជាដី ដែលរដ្ឋាភិបាលបាន​សម្រេចកាត់ចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រគល់ទៅឱ្យគ្រួសារកងទ័ពធ្វើជាលំនៅឋាននិងអាស្រ័យផល។

ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ដើមឈើជាច្រើនដើមស្ថិតនៅព្រៃសហគមន៍ឧត្តមស្រែពស់ ឬហៅថាព្រៃមេត្តាធម្មជាតិ ដែលពួកគាត់រួមទាំងព្រះសង្ឃខិតខំការពារតាំងពីឆ្នាំ២០០៣ ស្ថិតក្នុងភូមិពោធិ៍មាស​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ កំពុងត្រូវបានគ្រឿងចក្ររបស់ក្រុមយោធា«ង៧០» ឈូសឆាយចាប់តាំងពីថ្ងៃទី១៩តុលាមក ថ្វីត្បិតពួកគាត់រាប់រយនាក់ចេញតវ៉ាក្ដី។

លោក ខន សារិត អាយុ៤១ឆ្នាំ ជាប្រជាសហគមន៍ឧត្តមស្រែពស់ម្នាក់ ដែលបានចេញតវ៉ាដើម្បីរារាំងការឈូសឆាយ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២២តុលានេះថា អស់រយៈពេល៣ថ្ងៃហើយ ដែលក្រុមពលរដ្ឋនៅក្នុងសហគមន៍បានចេញតវ៉ា ដើម្បីកុំឱ្យមន្ត្រីបរិស្ថាននិងក្រុមទាហានង៧០ឈូសឆាយបំផ្លាញព្រៃឈើតទៅទៀត។

លោកថ្លែងដូច្នេះថា៖«ដោយពួកគាត់អះអាងថា ខាងក្រសួងបានកាត់ឱ្យ គាត់មានអនុក្រឹត្យអ៊ីចឹង។ ប៉ុន្តែប្រជាពលរដ្ឋនៅតំបន់ហ្នឹងគាត់អត់សុខចិត្តទេ ដោយសារតែព្រៃសហគមន៍របស់គាត់ហ្នឹង គឺគាត់ ការពារមកយូរឆ្នាំមកហើយ ហើយក៏ធ្លាប់កាត់ឱ្យទាហានង៧០មួយដងដែរហើយ ប៉ុន្តែអត់មានទាហានង៧០ណាមកនៅផងហ្នឹង។ កាត់ឱ្យហើយឃើញមកនៅតែ២គ្រួសារ ហើយសល់ប៉ុន្មានឃើញបូមខ្សាច់ ដូច្នេះគាត់មិនសុខចិត្តឱ្យកាត់ទៀតទេ»។

ព្រៃសហគមន៍ឧត្តមស្រែពស់ ឬហៅថាព្រៃមេត្តាធម្មជាតិ គឺមានព្រះសង្ឃមួយអង្គព្រះនាម ព្រហ្ម សុជាតិ បានគង់នៅក្នុងអាស្រមនៅក្នុងព្រៃនេះអស់រយៈពេល២០ឆ្នាំមកហើយ ដើម្បីការពារព្រៃឈើនិងជីវិតសត្វព្រៃដែលនៅសេសសល់ចុងក្រោយ ខណៈកាលពីថ្ងៃទី៨ខែតុលាកន្លងនេះ ទំព័រហ្វេសប៊ុករបស់ព្រៃមេត្តាធម្មជាតិ បានបង្ហោះវីដេអូបង្ហាញពីព្រះតេជគុណ ព្រហ្ម សុជាតិ កំពុងឱ្យចំណីសត្វព្រៃជាច្រើនប្រភេទ ដូចជាសត្វទោច ក្ងោក មាន់ព្រៃ និងទន្សាយជាដើម។ 

លោក ខន សារិត ព្រួយបារម្ភថា ការឈូសឆាយលើកនេះ នឹងអាចមានគោលដៅឈូសចំអាស្រមរបស់ព្រះតេជគុណ ព្រហ្ម សុជាតិ ខណៈកន្លែងដែលក្រុមទាហានកំពុងឈូសឆាយ គឺជាព្រៃក្រាស់។

លោកថ្លែងដូច្នេះថា៖«ដីហ្នឹងមានប្រយោជន៍ច្រើនណាស់សម្រាប់ពលរដ្ឋ ព្រោះដីហ្នឹងជាកន្លែងដែលគាត់ឃ្វាលគោល ឃ្វាលក្របី រកអុស រកវល្លិ៍អីក្នុងហ្នឹង ហើយគាត់មានស្រែនៅក្នុងហ្នឹងខ្លះៗដែរ ហើយគាត់ដកផ្សិតអីនៅហ្នឹង សំខាន់ជាងគេជាជម្រកសត្វតែម្តង វាមានសត្វស្វា៣ប្រភេទ មានក្ញោក មាន់ព្រៃ វាមានសត្វគ្រប់ប្រភេទណាស់ដែលរស់នៅនោះ»។

លោកបន្ថែមទៀតថា កាលពីដើមឡើយ ដីព្រៃសហគមន៍ឧត្តមស្រែពស់មានទំហំធំរហូតជាង២០០០ហិកតា ប៉ុន្តែក្រោយមកក៏មានការឈូសឆាយពីក្រុមហ៊ុនឈ្មោះអេចអេនអេច ដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល និងមានការឈូសឆាយយកដីពីក្រុមទាហានម្ដងរួចហើយអស់៧៨ហិកតា ហើយមកដល់សព្វថ្ងៃ ព្រៃសហគមន៍នេះនៅសល់តែ៨៨៧ហិកតាប៉ុណ្ណោះ។

ប៉ុន្តែលោក ទេព ណែម មេឃុំត្រពាំងជោរ បានចាត់ទុកការតវ៉ារបស់ពលរដ្ឋ ថាជារឿងមិនត្រឹមត្រូវ ព្រោះលោកអះអាងថា តំបន់ដែលឈូសឆាយជាដីរបស់រដ្ឋ ដែលត្រូវរដ្ឋាភិបាលកាត់ប្រគល់ទៅឱ្យទៅគ្រួសារកងទ័ព។

លោកថ្លែងដូច្នេះថា៖«ដីនេះមិនមែនជាដីរបស់ប្រជាពលរដ្ឋ ហើយក៏មិនមែនដីសហគមន៍ដែរ គ្រាន់តែដីហ្នឹងវាជាប់នឹងដីសហគមន៍ហ្នឹង គេមិនមែនយកដីសហគមន៍ណា។ គេយកធ្វើតែដីរបស់គ្រួសារកងទ័ពដែលគាត់ស្នើសុំពីមេបញ្ជាការ ហើយគាត់កាត់ឱ្យ»។

ចំណែកលោក លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្អឺក៏បានលើកឡើងថា ការចុះឈូសឆាយគឺអនុវត្តតាមផ្លូវច្បាប់ដែលមានសជណពីគណៈរដ្ឋមន្ត្រី ហើយមិនមានការពាក់ព័ន្ធជាមួយដីព្រៃសហគមន៍នោះទេ។

លោកថ្លែងថា៖«កន្លែងសហគមន៍គាត់មានទៅប៉ះពាល់អី បើខ្ញុំអ្នកគ្រប់គ្រង ខ្ញុំប្រធានការិយាល័យចុះទៅមើលអត់មានអីផង»។

 កាលពីថ្ងៃទី២០សីហា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យ​មួយដោយ​សម្រេចកាត់ដីទំហំ២៦២ហិកតា ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រ​ភូមិពោធិ៍មាស ឃុំត្រពាំងជោរ ដើម្បីធ្វើជា កម្មសិទ្ធិជូនគ្រួសារយោធិនបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងប្រជាពលរដ្ឋសរុប៤១គ្រួសារ សម្រាប់កសាងលំនៅឋាន និងបង្កបង្កើនផល។

លោក រ័ត្ន ថាវី មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ស្អីបានលើកឡើងថា​ ចាប់តាំងពីថ្ងៃទី១៩តុលាមក ភាគីខាងយោធានង៧០ បានចាប់ផ្តើមចុះអនុវត្តការឈូសឆាយធ្វើព្រំដី តាមការកំណត់អនុក្រឹត្យចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។

លោកថ្លែងដូច្នេះថា«ការឈូសឆាយធ្វើព្រំហ្នឹងបើតាមសហគមន៍អះអាង ហើយខ្ញុំក៏បានចុះទៅមើលផ្ទាល់ យើងមើលទៅជាដីព្រៃស្រោង ដីព្រៃធនធានធម្មជាតិ សម្បូរទៅដោយសត្វព្រៃគ្រប់ប្រភេទ ហើយវាបានប៉ះពាលទៅដល់ដីសហគមន៍ការពារធនធានធម្មជាតិហ្នឹងមែន។ ការឈូសឆាយធ្វើព្រំហ្នឹង បើគិតទៅឈូសបានប្រហែល២ហិកតា»។

ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ដីព្រៃសហគមន៍ស្រែពស់នេះ គឺជាតំបន់ព្រៃដែលសម្បូរទៅដោយជីវ:ចម្រុះគ្រប់ប្រភេទ រួមមានឈើមានតម្លៃ សត្វព្រៃកម្រ មានទោច ស្វា ក្ងោក មាន់ព្រៃ ឈ្លូស ក្តាន់ និងសត្វជាច្រើនទៀត ហើយក៏ជាទីកន្លែងសក្ការ:បូជាដោយមានអាស្រមព្រះសង្ឃគង់នៅ និងមានពុទ្ធបរិស័ទ្ធ រួមទាំងភ្ញៀវទេសចរមកលេងកម្សាន្តជាប់មិនដាច់។

ពួកគាត់បានស្នើរសុំទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍ ទៅមន្ត្រីស្ថាប័នពាក់ព័ន្ធទាំងអស់ ឱ្យបញ្ឈប់ការឈូសឆាយ ទន្ទ្រានយកដីព្រៃនេះទៀត  ដើម្បីអភិរក្សទុកឱ្យកូនចៅជំនាន់ក្រោយបានឃើញនិងស្គាល់ពីសក្តានុពលនៃធនធានធម្មជាតិទាំងអស់នេះនៅពេលខាងមុខ៕