រូបឯកសារ៖ ប៉ូលិស​ក្នុង​ឈុត​ការពារ​កូវីដ​នៅ​អាកាសយានដ្ឋានក្នុង​ទីក្រុង Harbin ខេត្ត Heilongjiang ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​រុស្ស៊ី កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។ (Reuters)

អាជ្ញាធរក្នុងប្រទេសចិន បានលុបចោលជើងហោះហើររាប់រយនិងបានបិទសាលារៀនជាច្រើនកន្លែងនិងបានបង្កើនការធ្វើតេស្តក្នុងទ្រង់ទ្រាយធំនៅថ្ងៃព្រហស្បតិ៍នេះដើម្បីព្យាយាមរាំងខ្ទប់ការផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ថ្មីដែលជាប់ទាក់ទិននឹងទេសចរណ៍មួយក្រុម។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានAFP។

រដ្ឋភិបាលក្រុងប៉េកាំងបានរក្សាការប្រកាន់ខ្ជាប់នូវវិធីមិនឲ្យមានការឆ្លងជំងឺកូវីដ១៩ដោយការបិទព្រំដែននិងសកម្មភាពសង្គមដ៏តឹងរឹងរបស់ខ្លួន បើទោះបីជាប្រទេសខ្លះ បានព្យាយាមបន្ធូរ បន្ថយការរឹតបន្តឹងរបស់គេយ៉ាងណាក្តី។

ការផ្ទុះឆ្លងក្នុងស្រុកត្រូវបានលុបបំបាត់បានជាច្រើន ប៉ុន្តែនៅពេលដែលប្រទេសចិន កំពុងស្ថិតនៅថ្ងៃទី៥ជាប់ៗគ្នានៃការឆ្លងករណីថ្មីៗដែលភាគច្រើនស្ថិតនៅតំបន់ភាគខាងជើងនិងភាគពាយ័ព្យប្រទេសនោះ អាជ្ញាធរចិនបានចាត់វិធានការតឹងរឹងលើការត្រួតពិនិត្យការឆ្លងវីរុសកូរ៉ូណា។

ការផ្ទុះឆ្លងនៅពេលថ្មីៗនេះ គឺជាប់ពាក់ព័ន្ធនឹងប្តីប្រពន្ធវ័យចំណាស់មួយគូ ដែលបានចូលរួមជាមួយទេសចរណ៍មួយក្រុមដែលមានគ្នាជាច្រើននាក់។ ពួកគេបានចាប់ផ្តើមការធ្វើដំណើរក្នុងទីក្រុងសៀងហៃ មុនពេលធ្វើដំណើរតាមជើងយន្តហោះទៅកាន់ទីក្រុងXi’anក្នុងខេត្តGansuនិងតំបន់ស្វ័យយ័តInner Mongolia។

ករណីឆ្លងជាច្រើន ត្រូវបានគេរកឃើញថា មានជាប់ពាក់ព័ន្ធនឹងការធ្វើដំណើររបស់ពួកគេ ការទំនាក់ទំនងដ៏ជិតស្និទ្ធនៅក្នុងខេត្តនិងតំបន់យ៉ាងហោចណាស់ក៏ចំនួន៥ដែរ ដែលក្នុងនោះក៏មានរដ្ឋធានីប៉េកាំងផងដែរ។

ជាការឆ្លើយតប រដ្ឋាភិបាលមូលដ្ឋាន បានចាត់វិធានការធ្វើតេស្តក្នុងទ្រង់ទ្រាយធំ ដោយបិទរម្មណីយដ្ឋាន ទីតាំងទេសចរណ៍ សាលារៀននិងទីតាំងកំសាន្តផ្សេងៗនៅក្នុងតំបន់ដែលរងការប៉ះពាល់ហើយក៏បានបិទខ្ទប់បរិវេណលំនៅដ្ឋានមួយចំនួនដែលជាគោលដៅនៃការឆ្លងរាលដាលផងដែរ។

តំបន់មួយចំនួនដូចជាទីក្រុងLanzhouដែលមានពលរដ្ឋរស់នៅប្រមាណ៤លាននាក់នៅតំបន់ភាគពាយ័ត្យប្រទេសចិននោះ អាជ្ញាធរបានហាមប្រាមពលរដ្ឋមិនឲ្យចេញពីផ្ទះ លើកលែងតែមានការចាំបាច់បន្ទាន់ប៉ុណ្ណោះ ហើយអ្នកដែលចាកចេញពីផ្ទះ លុះត្រាតែបានបង្ហាញពីការធ្វើតេស្តអវិជ្ជមានពុំមានជំងឺកូវីដ១៩៕