
អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានលើកឡើងថា ខ្លួន បានស្នើសុំការសម្រេចជាគោលការណ៍ពីថ្នាក់ដឹកនាំ ដើម្បីដកចេញការតម្រូវឱ្យយកសំណាកសាច់បង្កកនាំចូលមកពីប្រទេសឥណ្ឌា ទៅធ្វើតេស្តរកវីរុសកូវីដ១៩។
ប៉ុន្តែគយបញ្ជាក់ថា នឹងរក្សាការតម្រូវឱ្យមានវិញ្ញាបនបត្រឬលិខិតបញ្ជាក់ថា គ្មានវីរុសកូវីដ១៩ លើសាច់បង្កក ចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសឥណ្ឌាដដែល និងបន្តអនុវត្តត្រឹមវិធានការអនាម័យ និងវិធានការសុខាភិបាលលើទំនិញត្រជាក់ និងទំនិញបង្កកនាំចូលពីប្រទេសជិតខាង ដោយបាញ់ថ្នាំសម្លាប់មេរោគលើសំបកវេចខ្ចប់ និងមធ្យោបាយដឹកជញ្ជូនទំនិញ។
អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបញ្ជាក់ថា វិធានការកែសម្រួលនេះ នឹងអនុវត្តចាប់ពីថ្ងៃទី២៥តុលានេះតទៅ ហើយប្រសិនបើក្នុងករណីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅប្រទេសនាំចេញកាន់តែធូរស្រាល វិធានការខាងលើនេះនឹងអាចដកចេញទាំងស្រុងចាប់ពីថ្ងៃទី១មករាឆ្នាំ២០២២។
កាលពីថ្ងៃទី២៧កក្កដា កម្ពុជាបានរកឃើញសាច់ក្របីបង្កកចំនួន៣កុងតឺន័រ ដែលនាំចូលមកពីប្រទេសឥណ្ឌា ត្រូវបានរកឃើញផ្ទុកវីរុសកូវីដ១៩ និងត្រូវបានដុតកម្ទេចចោលនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ប៉ុន្តែអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបញ្ជាក់ជាថ្មីថា តាមការតាមដាននិងវាយតម្លៃពីស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ នៅប្រទេសសំខាន់ៗ ដែលនាំចេញមុខទំនិញសាច់បង្កកមកកម្ពុជា បញ្ជាក់ថា អត្រានៃការឆ្លងនៅប្រទេសទាំងនោះមានការធ្លាក់ចុះយ៉ាងច្រើន ដែលជាកត្តាកាត់បន្ថយហានិភ័យនៃវត្តមានវីរុសកូវីដ១៩លើសាច់បង្កកនាំចូលមកកម្ពុជា៕
- ដំណឹងជ្រើសរើសបុគ្គលិក - នៅថ្ងៃទី 19/05/2022
- ដំណឹងជ្រើសរើសបុគ្គលិក - នៅថ្ងៃទី 19/05/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា (ប្រកាសឡើងវិញ) - នៅថ្ងៃទី 18/02/2022