ក្រុមវេជ្ជបណ្ឌិតឥណ្ឌាធ្វើការតវ៉ាប្រឆាំងការប្រើហិង្សាលើបុគ្គលិកសុខាភិបាល។ រូបភាព៖ AFP

ជំងឺកូវីដ១៩បានធ្វើឱ្យប៉ះពាល់ ហើយប្រហែលបានសម្លាប់បុគ្គលិកសុខាភិបាលនៅចន្លោះពី៨ម៉ឺននាក់ទៅ​១​សែន​៨​ម៉ឺន​នាក់​។ នេះបើតាមការលើកឡើងពីអង្គការសុខភាពពិភពលោក និងត្រូវបានសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃសុក្រនេះ។

ប្រធានអង្កការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា បុគ្គលិកសុខា​ភិ​បាល​គួរត្រូវបានផ្ដល់អាទិភាពសម្រាប់ទទួលបានវ៉ាក់សាំង ដោយលោកបានរិះគន់ពីភាពអយុត្តិធម៌នៃការ​បែង​ចាយ​វ៉ាក់សាំងរវាងប្រទេសអ្នកមាននិងអ្នកក្រ។

ចំនួននៃការស្លាប់របស់បុគ្គលិកសុខាភិបាលទាំងនេះ គឺកើតឡើងនៅចន្លោះខែមករាឆ្នាំ២០២០មកដល់ខែឧសភាឆ្នាំ២០២១នេះ។ កាលពីមុន មន្រ្តីជាន់ខ្ពស់អង្គការសុខភាពពិភពលោកផ្សេងទៀតក៏បានព្រមានពីកង្វះខាតនៃការចាក់វ៉ាក់សាំង នឹងអាចធ្វើឱ្យការរាតត្បាតបន្តចូលទៅដល់ឆ្នាំក្រោយទៀត។

បច្ចុប្បន្ន នៅទូទាំងពិភពលោក មានបុគ្គលិកសុខាភិបាលប្រហែល១៣៥លាននាក់។ លោក Tedros បានបន្តថា ទិន្នន័យពី១១៩ប្រទេសបង្ហាញថា ជាមធ្យម ក្នុងចំណោមបុគ្គលិកសុខាភិបាលចំនួន៥នាក់ គឺមានតែ២នាក់ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដពេញលេញ។

លោកបន្តថា ដោយឡែក បុគ្គលិកសុខាភិបាលនៅតំបន់អាហ្វ្រិក គឺមានជាងម្នាក់ក្នុងចំណោម១០នាក់បានចាក់វ៉ាក់សាំង ដែលខុសគ្នាឆ្ងាយបើប្រៀបធៀបទៅនឹងប្រទេសមានប្រាក់ចំណូលខ្ពស់ គឺក្នុងចំណោមបុគ្គលិកសុខាភិបាល១០នាក់ គឺមាន៨នាក់បានចាក់វ៉ាក់សាំងបានពេញលេញ៕