សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា លោកមិនបានប្រកាសតាមសារសំឡេងឱ្យអាជ្ញាធរតាមរាជ​ធានី​និងខេត្ត អនុញ្ញាតឱ្យពលរដ្ឋអាចរៀបចំពិធីមង្គលការឡើងវិញនោះទេ។ នេះបើតាមការចុះផ្សាយដោយ​សារ​ព័ត៌​​មានស្និទ្ធនឹងរដ្ឋាភិបាលហ្វ្រេសញូវនៅថ្ងៃទី២១តុលានេះ។

ការបដិសេធនេះ បន្ទាប់ពីមានសារសំឡេងខ្លីមួយមានរយៈពេលប្រហែល១នាទីរបស់សម្ដេច ហ៊ុន សែន ដែលបញ្ជាក់​ពីការអនុញ្ញាតឱ្យពលរដ្ឋអាចរៀបចំពិធីមង្គលការឡើងវិញ និងត្រូវបានសារព័ត៌មានមួយចំនួនយកមកបង្ហោះ​តាមបណ្ដាញសង្គមហ្វេសប៊ុកនិងតេឡេក្រាមនៅថ្ងៃចន្ទនេះ ប៉ុន្តែត្រូវបានសម្ដេចបញ្ជាក់ថា គឺជាសារសំឡេង​ចាស់តាំងពីខែវិច្ឆិកាឆ្នាំ២០២០។​

កាលពីពេលថ្មីៗនេះ សម្ដេច ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលនឹងបើកសេដ្ឋកិច្ចនិងសង្គមលើគ្រប់វិស័យឡើង​វិញ ប្រសិនបើគ្មានករណីឆ្លងនិងស្លាប់ច្រើនក្រោយពី១៤ទៅ១៥ថ្ងៃ នៃការបើកសាកល្បងឱ្យពលរដ្ឋដើរកម្សាន្តរ​យៈពេល៣ថ្ងៃអំឡុងពេលបុណ្យភ្ជុំបិណ្ឌ។ សម្ដេចបញ្ជាក់ថា រដ្ឋាភិបាលនឹងអនុញ្ញាតឱ្យពលរដ្ឋដើរកម្សាន្តបន្ថែមនៅថ្ងៃបុណ្យអុំទូក ថ្វីពិធីប្រណាំងទូកមិនត្រូវបានរៀបចំឡើងក្ដី៕