រូបភាព៖ វេង សាខុន

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា បញ្ហាជី និងថ្នាំ កសិកម្មឡើងថ្លៃខ្ពស់នៅពេលនេះ នឹងត្រូវបញ្ចប់នៅពេលការរីករាលដាលជំងឺកូវីដ១៩ត្រូវបានថមថយ ឬផុតរលត់ពីពិភពលោក។ លោកលើកឡើងបែបនេះនៅថ្ងៃទី១៨តុលា ដើម្បីឆ្លើយតបទៅកសិករដែល ចូលទៅសរសេរខមមិន(Comment)នៅក្នុងហ្វេសប៊ុករបស់ខ្លួន ដែលបានត្អួញត្អែរពីតម្លៃជីថ្នាំ និងកម្លាំងពលកម្មឡើងថ្លៃ ហើយកសិផលថោក ដែលកំពុងធ្វើកសិករកាន់តែជាប់បំណុលនៅធនាគារ។

 

កាលថ្ងៃទី៩សីហាកន្លងទៅ ក្រសួងកសិកម្ម បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីបំភ្លឺពីការឡើងថ្លៃនៃថ្នាំ និងជីកសិកម្មក្នុងរយៈពេលជិត២ឆ្នាំមកនេះ ដោយក្រសួងបានអះអាងថា គឺបណ្ដាលមកពីបញ្ហាមួយចំនួន ដូចជាបណ្តាប្រទេសដែលផលិតថ្នាំ និងជីកសិកម្ម មិនអាចឆ្លើយតបតាមការបញ្ជាទិញពីប្រទេសកម្ពុជា ខណៈវត្ថុធាតុដើមមានការខ្វះខាតក្នុងការផ្គត់ផ្គង់ពីប្រទេសផលិតធំៗដូចជាប្រទេសចិន ម៉ាឡេស៊ី និងប្រទេសអារ៉ាប់។

 

ក្នុងសេចក្តីប្រកាសព័ត៌មានបន្តថា តម្រូវការថ្នាំ និងជីកសិកម្មក្នុងស្រុកមានការកើនឡើងជាលំដាប់ ដោយសារអ្នកវិនិយោគមួយចំនួនប្តូរពីវិស័យផ្សេងៗមកវិនិយោគលើវិស័យកសិកម្ម ខណៈដែលប្រទេសកម្ពុជានៅមិនទាន់មានលទ្ធភាពអាចផលិតជីកសិកម្មបានខ្លួនឯងនៅឡើយ ដោយកម្ពុជាមានលទ្ធភាពអាចផលិតបានត្រឹមជីធម្មជាតិ និងជីសរីរាង្គតែប៉ុណ្ណោះ។

 

កន្លងមក ក្រុមហ៊ុននាំចូលជីកសិកម្មពីក្រៅប្រទេស មួយធ្លាប់បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១២កក្កដាកន្លងទៅនេះថា តាំងពីចុងឆ្នាំ២០២០មក តម្លៃជីបានឡើងថ្លៃទ្វេដង គឺក្នុងមួយការុងពី៣ដុល្លារឡើងទៅដល់៦ដុល្លារ ដោយសារតម្រូវការប្រើប្រាស់ជីលើពិភពលោកបានកើនឡើង ប៉ុន្តែការផ្គត់ផ្គត់មានចំនួនតិច។ យោងតាមសេក្តីប្រកាសរបស់ក្រសួងកសិកម្មដដែលបានឱ្យដឹងថា គិតត្រឹមខែឧសភាឆ្នាំ២០២១ កម្ពុជាបាននាំចូលថ្នាំកសិកម្មចំនួន ៤៧,៤០៩ តោន និងជីកសិកម្មចំនួន ៨៥៨,៦៣២ តោន៕

សឹម សល់ម៉ា