រូបឯកសារ៖ ​មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា​លោក Min Aung Hlaing ចូលរួម​នៅក្នុង​សន្និសីទ IX Moscow ស្តីពី​សន្តិសុខ​អន្តរជាតិ​នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាដែលបង្កើតឡើងដោយក្រុមប្រឆាំងនឹងក្រុមយោធាដែលកំពុងកាន់អំណាចបានស្វាគមន៍ការដកមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោកMin Aung Hlaingចេញពីកិច្ចប្រជុំកំពូលអាស៊ាននៅពេលខាងមុខ និងថា រដ្ឋាភិបាលស្រមោលនេះគួរតែជាតំណាងស្របច្បាប់របស់មីយ៉ាន់ម៉ា។

ក្រុមប្រឆាំងក៏លើកឡើងថា ខ្លួននឹងទទួលយកការអញ្ជើញអ្នកតំណាងមីយ៉ាន់ម៉ាផ្សេងដែលមានអព្យាក្រឹត្យពិតប្រាកដ ដូចការសម្រេចដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន។

អាស៊ាននឹងអញ្ជើញអ្នកតំណាងមិនមែនជាអ្នកនយោបាយមកពីមីយ៉ាន់ម៉ាឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលាខាងមុខ។ ការធ្វើបែបនេះជាការមិនអើពើដែលមិនធ្លាប់មានពីមុនមកចំពោះមេដឹកនាំយោធាដែលនៅពីក្រោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រីAung San Suu Kyiកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំមុន។

រដ្ឋាភិបាលរួបរួមជាតិ (NUG)ដែលជាក្រុមប្រឆាំង និងត្រូវបានរបបយោធាចាត់ទុកថាជាក្រុមខុសច្បាប់បាននិយាយថា បុគ្គលដែលមិនមែនជាអ្នកនយោបាយ និងត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលមិនត្រូវជាអ្នកតំណាងឱ្យរបបយោធាតាមរយៈការក្លែងបន្លំនោះទេ។

លោកបណ្ឌិតSasaអ្នកនាំពាក្យរបស់រដ្ឋាភិបាលNUGបានថ្លែងក្នុងសម្តីដើមថា«ការដែលអាស៊ានដកលោកMin Aung Hlaingជាជំហានដ៏សំខាន់មួយ ប៉ុន្តែយើងសូមសំណូមពរថា ពួកគេគួរទទួលស្គាល់ពួកយើងជាអ្នកតំណាងត្រឹមត្រូវ»។

ការសម្រេចនេះជាជំហានដ៏កម្រប្រកបដោយហានិភ័យសម្រាប់ប្លុកប្រទេសដែលពឹងផ្អែកលើការយល់ព្រមជាកុងសង់ស៊ីសនេះ ហើយជាប្រពៃណី ប្លុកនេះគាំទ្រដល់គោលនយោបាយចូលរួម និងមិនមានការជ្រៀតជ្រែក។

ប្រទេសព្រុយណេ ដែលជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងពីការខ្វះការវិវត្តនៃការអនុវត្តតាមផែនទីបង្ហាញផ្លូវដែលរបបយោធាបានយល់ព្រមជាមួយអាស៊ានក្នុងខែមេសាដើម្បីស្តារសន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ាឡើងវិញ។

អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានបន្ទោស«ការអន្តរាគមន៍បរទេស»ចំពោះសេចក្តីសម្រេចនេះ និងអះអាងថា វាប្រឆាំងនឹងគោលបំណងរបស់អាស៊ាន ធម្មនុញ្ញអាស៊ាន និងគោលការណ៍អាស៊ាន។

ប្រទេសមីយ៉ាន់ម៉ាស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំមុន ដែលបានបញ្ចប់កំណែទម្រង់សេដ្ឋកិច្ច និងប្រជាធិបតេយ្យដែលបានកសាងអស់រយៈពេលមួយទសវត្សរ៍។ ក្រុមប្រឆាំងរាប់ពាន់នាក់ត្រូវបានចាប់ខ្លួន រួមទាំងអ្នកស្រីSuu Kyiផងដែរ។

កងកម្លាំងសន្តិសុខបានសម្លាប់មនុស្សជាង ១.១០០ នាក់។ នេះបើយោងតាមសមាគមផ្តល់ជំនួយដល់អ្នកទោសនយោបាយ (AAPP)ដែលជាក្រុមសកម្មជនតាមដានការចាប់ខ្លួន និងការសម្លាប់អ្នកទោសនយោបាយ។ ក្រុមយោធាបានហៅក្រុមប្រឆាំងនឹងខ្លួនថា ជាក្រុមភេរវករប្រឆាំង៕