រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken (ឆ្វេង) និង​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​អេក្វាទ័រ​លោក Mauricio Montalvo និយាយ​គ្នា​នៅ​ចុង​បញ្ចប់​នៃ​សន្និសីទ​សារព័ត៌មាន​ដែល​បាន​ធ្វើឡើង​នៅ​វិមាន​រដ្ឋាភិបាល​ក្នុង​ទីក្រុងគីតូ ប្រទេស​អេក្វាទ័រ កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken មានគម្រោងថ្លែងសុន្ទរកថានៅថ្ងៃពុធនេះ ក្នុងប្រទេសអេក្វាទ័រ អំពីអ្វីដែលក្រសួងការបរទេសអាមេរិកហៅថា «ជាការប្រឈមផ្នែកប្រជាធិបតេយ្យនៅក្នុងតំបន់» មុនពេលលោកបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូឡុំប៊ីដែលនៅក្បែរខាងនោះ ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំនានានៅទីនោះ។

ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា សុន្ទកថារបស់លោក Blinken នឹងសង្កត់ធ្ងន់អំពីស្ថាប័នប្រជាធិបតេយ្យដែលមានលក្ខណៈពេញលេញនិងឆ្លើយតប អាចអនុវត្តនូវគោលនយោបាយសេដ្ឋកិច្ច ដែលផ្តល់នូវ«ការការពារបរិស្ថាន និងការរីកចម្រើនដ៏ពេញលេញមួយ» បានយ៉ាងដូចម្តេច។

បន្ថែមទៅលើបញ្ហាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនោះ ដំណើរទស្សនកិច្ចរបស់លោក Blinken ក៏ផ្តោតជាសំខាន់ផងដែរទៅលើបញ្ហាជនចំណាកស្រុក។ នៅក្នុងរដ្ឋធានីបូហ្គោតានៃប្រទេសកូឡុំប៊ី លោក Blinken នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសមកពីតំបន់ ស្តីពីគោលនយោបាយជនចំណាកស្រុកដែលមានលក្ខណៈមនុស្សធម៌មួយ។

លោក Blinken បានថ្លែងកាលពីថ្ងៃអង្គារម្សិលមិញជាមួយរដ្ឋមន្ត្រីការបរទេសអេក្វាទ័រលោក Mauricio Montalvo ដោយគូសបញ្ជាក់ថា ការធ្វើចំណាកស្រុក ជាការប្រឈមដល់មនុស្សគ្រប់គ្នានៅក្នុងតំបន់អឌ្ឍគោលដែលក្នុងនោះ ក៏មានប្រទេសអេក្វាទ័រផងដែរ ដែលមានប្រជាពលរដ្ឋវេណេស៊ុយអេឡារាប់ពាន់នាក់ បានមករស់នៅក្នុងរយៈប៉ុន្មានឆ្នាំថ្មីៗនេះ។

លោក Blinken បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «រដ្ឋមន្ត្រីការបរទេសអេក្វាទ័រ និងរូបខ្ញុំ នឹងធ្វើដំណើរទៅកាន់ប្រទេសកូឡុំប៊ីនៅថ្ងៃស្អែកនេះ ដែលនៅទីនោះយើងនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសនៅក្នុងតំបន់អឌ្ឍគោល ដើម្បីពិភាក្សាអំពីអ្វីដែលជាការចាំបាច់នៅក្នុងពេលនេះ ហើយដែលនេះ ជាវិធីសម្របសម្រួលនៃការចែករំលែកការទទួលខុសត្រូវក្នុងតំបន់ដ៏ពិតប្រាកដមួយ»។

លោក Blinken ក៏បានលើកសរសើដល់ប្រទេសអេក្វាទ័រ ដែលបានធ្វើយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ផងដែរ៕

ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះ ដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន AP AFP និង Reuters។