រូបឯកសារ៖ មនុស្សម្នា ទិញ​អាហារ និង​គ្រឿងទេស​ផ្សេងៗ​នៅ​ផ្សារទំនើប​មួយ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។

រូបិយប័ណ្ណនៃប្រទេសមីយ៉ាន់ម៉ា គឺលុយ kyat (ខ្យាត់) បានចុះថ្លៃច្រើនមិនធ្លាប់មានពីមុន បណ្តាលឱ្យមានការឡើងថ្លៃនៃគ្រឿងឧបភោគបរិភោគជាចាំបាច់ដែលនាំចូលក្នុងប្រទេស ចាប់តាំងពីប្រេងឥន្ធនៈរថយន្តរហូតដល់ប្រេងសម្រាប់ធ្វើម្ហូប នាំឱ្យមានការពិបាកច្រើនដល់ពលរដ្ឋសាមញ្ញ។

កាលពីសប្តាហ៍ចុងក្រោយនៃខែកញ្ញា អត្រាប្តូរប្រាក់ដុល្លារប្រែប្រួលខ្លាំងនៅពេលមានសេចក្តីត្រូវការកើនឡើងយ៉ាងគំហុកចំពោះរូបិយប័ណ្ណអាមេរិកាំង ដែលបានជំរុញឱ្យអត្រានេះ កើនខ្ពស់ដល់ប្រមាណ ២.៧០០ kyats ស្មើនឹងមួយដុល្លារ គឺជិតពីរដងនៃអត្រានៅមុនរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ។

តាំងពីពេលនោះមក តម្លៃប្រេងឥន្ធនៈនិងគ្រឿងឧបភោគបរិភោគដឹកចូលក្នុងប្រទេស ក៏បានកើនឡើងជិត ៥០%ដែរ នាំឱ្យមានការត្អូញត្អែរពីអាជីវករក្នុងមូលដ្ឋានដែលបាននិយាយជាមួយវីអូអេ ដោយមានរួមបញ្ចូលទាំងឈ្មួញ និងអ្នកដឹកអង្ករទៅលក់ឯប្រទេសក្រៅ ព្រមទាំងអ្នកនាំចូលក្នុងប្រទេសនូវប្រេងចង្អិនអាហារនិងគ្រឿងទេស និងអ្នកលក់ដូរវត្ថុទាំងនេះផងដែរ។

ពួកអ្នកបើករថយន្តតាក់ស៊ីនៅក្រុង Yangon (រ៉ង់ហ្គូន) ទទួលរងផលប៉ះបាល់ខ្លាំងជាពិសេស។ ពួកគេច្រើននាក់ បានឈប់បើកបរពីព្រោះមិនអាចមានប្រាក់សម្រាប់ទិញប្រេងឥន្ធនៈ ហើយអ្នកខ្លះទៀតនិយាយប្រាប់វីអូអេថា ពួកគេនឹងឈប់ធ្វើអាជីវកម្មនេះទាំងស្រុង បើតម្លៃប្រេងឥន្ធនៈមិនចុះថោក។

លោក Al Doe ជាអ្នកបើករថយន្តតាក់ស៊ីអាយុ ៥៣ឆ្នាំនៅក្នុងសង្កាត់ Dagon ខាងជើងនៃក្រុង Yangon។ លោកបាននិយាយថា៖ «នេះជាស្ថានភាពអាក្រក់បំផុតដែលខ្ញុំមិនដែលជួបប្រទះក្នុងពេល៤០ឆ្នាំកន្លងទៅនេះក្នុងរបរជាអ្នកបើកតាក់ស៊ី។ មុនខែកញ្ញា លោក Al Doe មានប្រាក់ចំណូល ៣ម៉ឺន kyats ក្នុងមួយថ្ងៃ ហើយចំណាយ៦ពាន់ kyats សម្រាប់ប្រេងឥន្ធនៈ។

បុរសមានកូនបីនាក់រូបនេះ បានថ្លែងប្រាប់វីអូអេថា៖ «នៅពេលនេះខ្ញុំចំណាយ២ម៉ឺន kyats សម្រាប់ប្រេងឥន្ធនៈក្នុងមួយថ្ងៃ តែមានប្រាក់ចំណូលតែ ៣ម៉ឺន kyats។ តែបើខ្ញុំត្រូវបង់ ១ម៉ឺន kyats ឱ្យម្ចាស់រថយន្តតាក់ស៊ី ខ្ញុំគ្មានប្រាក់ចំណូលទេ។ តែខ្ញុំអាចរស់រានបានដោយសារម្ចាស់រថយន្តតាក់ស៊ីមិនទារប្រាក់ជួលរថយន្តនេះទេ នៅពេលពិបាកនេះ»។

នៅមុនរដ្ឋប្រហារ សាំង ឬប្រេងម៉ាស៊ូតថ្លៃ ៧០០ kyats ក្នុងមួយលីត្រ។ ពេលនេះ វាឡើងថ្លៃដល់ជាង១.៥០០ kyats។ តែក្រុមអ្នកបើករថយន្តតាក់ស៊ីនិយាយថា ពួកគេមិនអាចសុំប្រាក់ថែមទៀតពីអ្នកជិះទេ ដែលនាំឱ្យពួកគេ មិនអាចបង់តម្លៃប្រេងឥន្ធនៈ និងថ្លៃជួលរថយន្តតាក់ស៊ីបានទេ។

លោក Min Wathan ជាអតីតអ្នកកាសែតដែលក្លាយជាអ្នកបើកបរថយន្តតាក់ស៊ីនៅពេលលោកបាត់បង់ការងារក្រោយពីមានរដ្ឋប្រហារ។ លោកបាននិយាយថា៖ «ការបើកបរក្នុងក្រុង Yangon មានគ្រោះថ្នាក់ដែរ ពីព្រោះមានការផ្ទុះគ្រាប់បែកញឹកញយ។ គ្មាននរណាចង់ធ្វើការដោយមានគ្រោះថ្នាក់ ដោយគ្មានប្រាក់ចំណូលគ្រប់គ្រាន់ទេ»។

ពួកអ្នកលក់ដូរស្បៀងអាហារថ្លែងថា កំណើនអត្រាប្តូរប្រាក់ដុល្លារ បាននាំឱ្យតម្លៃស្បៀងអាហារដឹកចូលក្នុងប្រទេសកើនឡើងពី ២០% ទៅ ៥០%។ ជាពិសេស តម្លៃប្រេងចម្អិនអាហារ ត្រូវលក់តាមរង្វាស់រង្វាល់មួយរបស់មីយ៉ាន់ម៉ាហៅថា viss ដែលស្មើប្រមាណ ១,៦ គីឡូក្រាម បានកើនឡើងជិតបីដងក្នុងរយៈពេលតែប៉ុន្មានថ្ងៃ។

លោក Than Than Myint ជាអ្នកលក់រាយ និងលក់ដុំនៅក្នុងទីប្រជុំជន Pyawbwe នៃតំបន់ក្រុង Mandalay។ លោកបាននិយាយថា៖ «តម្លៃប្រេងចម្អិនអាហារ គឺប្រមាណ ២ពាន់ kyats ក្នុងមួយ viss តាមអត្រា ១.១៥០ kyats ស្មើមួយដុល្លារ។ នៅពេលនេះ វាឡើងថ្លៃដល់ប្រមាណ ៦ពាន់ kyats។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលតម្លៃប្រេងចម្អិនអាហារ បានកើនខ្ពស់បែបនេះ»។

អ្នកស្រី Than Htay ស្ត្រីមេផ្ទះអាយុ ៥២ឆ្នាំក្នុងសង្កាត់មួយនៃរដ្ឋធានីប្រទេសមីយ៉ាន់ម៉ាបាននិយាយប្រាប់វីអូអេថា គ្រួសារអ្នកស្រីមានសមាជិកប្រាំនាក់។ អ្នកស្រីថ្លែងថា៖ «ស្វាមីនិងកូនច្បងខ្ញុំជាអ្នករដ្ឋការ។ កូនបីនាក់ទៀតគ្មានការងារធ្វើទេ។ ខ្ញុំមិនដឹងជាចាត់ចែងចំណាយបែបណាទេ ជាមួយប្រាក់ចំណូលទាបតែ ៤សែន kyats នៅពេលម្ហូបអាហារ និងទំនិញឡើងថ្លៃពីរដងបែបនេះ»។

អ្នកស្រីបន្ថែមថា៖ «មានការពិបាកខ្ចីប្រាក់ពីអ្នកដទៃ ក្នុងពេលពិបាកនេះ»។

អ្នកស្រី Nwe Yee Win ជាសកម្មជនសិទ្ធិការងារ អាយុ៣៧ឆ្នាំ និងជាកម្មការិនីដេរសម្លៀកបំពាក់ដែលបានបាត់បង់ការងារដោយសាររោងចក្រអ្នកស្រីបានបិទក្រោយពីមានរដ្ឋប្រហារ។

អ្នកស្រីបាននិយាយថា៖ «តាំងពីបាត់បង់ការងារមក ខ្ញុំប្រុងប្រយ័ត្នណាស់អំពីការចាយវាយប្រាក់កាស។ ខ្ញុំភ្ញាក់ផ្អើលខ្លាំង ពេលខ្ញុំទៅផ្សារកាលពីថ្ងៃទី៣ តុលា។ អ្វីៗទាំងអស់ថ្លៃៗណាស់។ កាលពីខែកញ្ញា ដំឡូងថ្លៃតែ ១ពាន់ ២រយ kyats ក្នុង ១ viss។ ពេលនេះ វាថ្លៃ ២ពាន់ kyats ក្នុង ១ viss»។

អ្នកស្រី Nwe Yee Win បានថ្លែងថា៖ «ខ្ញុំពឹងពាក់លើប្រាក់បៀវត្សរ៍ប្រចាំថ្ងៃរបស់ប្តីខ្ញុំ។ គាត់ បានបាត់បង់ការងារ កាលពីពេលថ្មីៗនេះ។ យើងគ្មានប្រាក់គ្រប់គ្រាន់សម្រាប់បង់ឈ្នួលផ្ទះទេ។ យើងមានផលប៉ះពាល់ធ្ងន់ធ្ងររូចស្រចហើយដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ និងរដ្ឋប្រហារ។ ខ្ញុំមិនដឹងធ្វើបែបណាទេដើម្បីបញ្ចៀសការស្រេកឃ្លាន នៅពេលមានស្ថានភាពអាក្រក់បែបនេះ»។

ការចុះតម្លៃប្រាក់ kyat នាំឱ្យមានការពិបាកមិនមែនតែដល់ប្រជារាស្ត្រក្នុងតំបន់ក្រុងប៉ុណ្ណោះទេ តែក៏បានធ្វើឱ្យលំបាកដល់ក្រុមកសិករក្នុងតំបន់ជនបទដែរ ដែលមានចំនួន ៧០% នៃប្រជារាស្ត្រទាំងអស់របស់ប្រទេសមីយ៉ាន់ម៉ា។ កំណើនតម្លៃជីមានផលប៉ះពាល់ដោយផ្ទាល់ដល់កសិករ។ តម្លៃជីម៉ាក Pearl បានកើនឡើងពី៦៥.០០០ kyats ទៅដល់ ៧៩.០០០ kyats ក្នុងមួយបាវ។

លោក Kyi Myint ជាកសិករដែលដាំស្រូវ និងល្ងនៅលើដី ៨ហិកតារបស់លោកនៅសង្កាត់ Myaing ក្នុងក្រុង Magway។ លោកបាននិយាយថា៖ «ថ្លៃជួលម៉ាស៊ីនច្រូតកាត់ នឹងកើនឡើងពីរដងដោយសារតម្លៃសាំងនៅពេលនេះ។ យើងស្រងាកចិត្តនឹងស្ថានភាពបច្ចុប្បន្ន»។

លោក Kyi Myint បានបន្ថែមថា ទោះជាបានចំណាយប្រាក់ច្រើនជាងមុនសម្រាប់សម្ភារៈ គ្រឿងឧបករណ៍ និងការច្រូតកាត់ក៏ដោយ ក៏កសិករមិនទទួលបានការធានាថា ដំណាំរបស់ពួកគេ នឹងមានតម្លៃល្អទេ។

ឧត្តមសេនីយ៍ Zaw Min Tun អ្នកនាំពាក្យក្រុមប្រឹក្សាយោធា បាននិយាយនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃទី៣០ ខែកញ្ញាថា «មានកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីរកដំណោះស្រាយល្អបំផុត» ចំពោះការកើនឡើងនៃតម្លៃវត្ថុនានានេះ។

លោកបាននិយាយថា៖ «យើងមានការទទួលខុសត្រូវក្នុងការដោះស្រាយកំណើនតម្លៃប្រាក់ដុល្លារ និងមាស នៅពេលនេះ។ យើង នឹងខិតខំព្យាយាមដោះស្រាយបញ្ហាទាំងនេះ តាមវិធីល្អបំផុត ទោះជាវាប្រហែលជាមានខ្ចោះខ្លះក៏ដោយ»។

កាលពីថ្ងៃទី៣ ខែតុលា ធនាគារកណ្តាលរបស់ក្រុមប្រឹក្សាយោធា បានចេញផ្សាយគោលការណ៍ណែនាំមួយថា ពួកអ្នកនាំចេញទៅលក់ឯប្រទេសក្រៅ នឹងត្រូវអនុញ្ញាតឱ្យរក្សាទុកប្រាក់ចំណូលនៃការជញ្ជូនទំនិញទៅលក់ក្រៅប្រទេសរបស់ពួកគេនៅក្នុងគណនីរូបិយវត្ថុបរទេសរបស់ពួកគេ ចំនួនតែ៣០ថ្ងៃប៉ុណ្ណោះ។

ពាណិជ្ជករក្នុងមូលដ្ឋានម្នាក់នៅក្រុង Yangon ដែលមិនចង់ឱ្យគេបញ្ចេញឈ្មោះ បាននិយាយប្រាប់វីអូអេថា៖ «ចំណាត់ការនេះ ជាដំណោះស្រាយមួយសម្រាប់រយៈពេលខ្លីដល់បញ្ហាប្តូរប្រាក់បរទេសរបស់ប្រទេស»៕

ប្រែសម្រួលដោយលោក ឈឹម សុមេធ