ស្របពេលកសិករចិញ្ចឹមសត្វជ្រូកត្អួញត្អែរលក់ជ្រូកបានថោក ហើយអ្នកខ្លះប្រឈមក្ស័យធន រដ្ឋមន្រ្តីក្រសួងកសិកម្មបានលើកឡើងនូវបញ្ហាយ៉ាងហោចណាស់ចំនួន៦ចំនុច ដែលកំពុងធ្វើឱ្យជ្រូករស់នៅកម្ពុជាបានចុះថោកខ្លាំង និងបានបញ្ជាក់ថា ក្រសួងកសិកម្មកំពុងប្រឹងប្រែងដើម្បីធ្វើឱ្យសត្វជ្រូករស់មានតម្លៃសមរម្យវិញ។

កាលពីថ្ងៃទី១៨តុលា លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបានបញ្ជាក់ពីបញ្ហា៦ចំណុចធ្វើឱ្យកសិករជួបប្រទះការលក់សត្វជ្រូកបានថោក ដូចជាទី១ដោយសារកសិដ្ឋានចិញ្ចឹមជ្រូកមានកើនចំនួន៣៦កន្លែង ឬស្មើនឹង៧,២% គឺកើនពីចំនួន ៥០៣កន្លែងឆ្នាំ២០២០ ឡើងដល់ចំនួន៥៣៩កន្លែង ក្នុងឆមាសទី១ឆ្នាំ២០២១។

ទី២ កសិករចិញ្ចឹមជ្រូកត្រៀមបញ្ចេញលក់ក្នងឱកាសរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ ប៉ុន្តែត្រូវបានផ្អាកកម្មវិធីរៀបចំពីធីបុណ្យចាប់ពីបិណ្ឌទី៤រហូតដល់បុណ្យភ្ជុំបិណ្ឌ បានធ្វើឱ្យជ្រូកមានការកកស្ទះ។ ទី៣ តម្លៃជ្រូកនៅប្រទេសជិតខាង ដូចជាប្រទេសវៀតណាម បានធ្លាក់ថ្លៃយ៉ាងគំហុកពោលគឺតម្លៃត្រឹមតែចំនួន៦៥០០រៀលក្នុងមួយគីឡូ ដែលខុសពីតម្លៃនៅក្នុងកម្ពុជា គឺចន្លោះពីចំនួន៩៥០០រៀល ទៅចំនួន១០,១០០រៀលក្នុងមួយគីឡូក្រាមនាពេលសព្វថ្ងៃនេះ

ទី៤ ការនាំចូលកូនជ្រូកពូជក្នុងឆ្នាំ២០១៩ មានត្រឹមចំនួន២២,០០០ក្បាល និងនៅឆ្នាំ២០២០ បានកើនឡើងដល់ចំនួន ២៧៥,៩២៥ក្បាល។ ចំណែកឯជ្រូកពូជមេ-បានាំចូលបានចំនួន៧,៨៤០ក្បាលក្នុងឆ្នាំ២០១៩ និងកើនដល់ចំនួ២៨ ១៤៣ក្បាលក្នុងឆ្នាំ២០២០។ គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ការនាំចូលជ្រូកពូជមេ-បា មានចំនួន ២៤ ៨៦៥ក្បាល និងកូនជ្រូកពូជមានចំនួន ១២៦ ១១៦ក្បាល។

ទី៥ វិបត្តិជំងឺកូវីដ១៩ តម្រូវការសាច់ជ្រូកមានការប្រែប្រួលមិនទៀងទាត់ ដោយសារមានការបិទខ្ទប់ ពុំមានកម្មវិធីតាមបុណ្យទាន កម្មវិធីជួបជុំផ្សេង ជាពិសេសពុំមានភ្ញៀវទេសចរធ្វើដំណើកម្សាន្តតាមតំបន់រម្យណីយដ្ឋាននានា។ ទី៦ បទល្មើសចរាចរសត្វ និងផលិតផលសត្វ ពីប្រទេសជិតខាងគិតត្រឹមបំណាច់ខែកញ្ញា ឆ្នាំ២០២១ បង្ក្រាបបទល្មើសបានចំនួន ៥០ករណី ក្នុងនេះបទល្មើសចលនាដឹកជញ្ជូនជ្រូករស់ចំនួន២៣ករណី និងសាច់ជ្រូកបង្កកចំនួន២ករណី។

លោក វេង សាខុន បញ្ជាក់ថា អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នឹងពិនិត្យបន្ថែមទៀតរវាងការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចូល ខណៈបច្ចុប្បន្ន ការនាំចូលជ្រូករស់ពីបរទេស នៅថ្ងៃខ្លះ មានត្រឹម៣០០ក្បាលប៉ុណ្ណោះក្នុងមួយថ្ងៃ គឺការបន្តរឹតបណ្តឹងការអនុវត្តច្បាប់ ពិសេសបទល្មើសចរាចរសត្វ និងផលិតផលសត្វ។

ការលើកឡើងពីរដ្ឋមន្រ្តីកសិកម្មនេះ ស្របពេលលោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានប្រាប់សារព័ត៌មានខ្មែរណាស់ថា ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វជ្រូកខ្នាតតូចនិងមធ្យមនៅក្នុងស្រុក កំពុងប្រឈមការក្ស័យ​ធន​ពីពីរទៅបីខែខាងមុខនេះ ប្រសិនបើការទប់ស្កាត់ការហូរចូលជ្រូកខុសច្បាប់ពីប្រទេសវៀតណាមមិនជោគ​ជ័យ​។ លោកបន្តថា វិស័យចិញ្ចឹមជ្រូកនៅកម្ពុជាមានការរីកចម្រើន ហើយអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកស្ទើរតែគ្រប់គ្រាន់ គឺនៅខ្វះចំនួនតិចតូចប៉ុណ្ណោះ ដោយក្នុងមួយថ្ងៃអាចផ្គត់ផ្គង់ពី៧ពាន់ក្បាល ទៅ៨ពាក់ក្បាលចូលទីផ្សារ៕