រូបភាព៖Internet

នៅថ្ងៃទី១៨តុលានេះ ធនាគារអភិវឌ្ឍអាស៊ី(ADB) បានចេញសេចក្តីប្រកាសស្ដីពីការអនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន៤០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកលទ្ធភាពទទួលបានឥណទាន ក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម និងអនុវត្តកំណែទម្រង់ ដើម្បីជំរុញស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធវិស័យហិរញ្ញវត្ថុ។

លោកស្រី Benita Ainabe អ្នកឯកទេសផ្នែកហិរញ្ញវត្ថុ របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាស៍ថា៖« «រដ្ឋាភិបាលកម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឱ្យការគ្រប់គ្រងវិបត្តិមានភាពប្រសើរឡើងក្នុងពេលមានជំងឺរាត្បាតកូវីដ១៩។ តាមរយៈក្នុងវិធីរងថ្មីនេះ រដ្ឋាភិបាលបានអនុម័តច្បាប់សំខាន់ៗដែលគាំទ្រដល់យុទ្ធសាស្ត្របរិយាប័ន្នហិរញ្ញវត្ថុជាតិ និងបានផ្គួចផ្តើមគំនិតជាច្រើន ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុ រួមទាំងគម្រោងធនាឥណទានសាធារណៈ(public credit guarantee scheme) សម្រាប់សហគ្រាសធុនតូច និងមធ្យមដំបូងគេនៅកម្ពុជា»។

សេចក្តីប្រកាសបន្តថា នៅកម្ពុជាលទ្ធភាពទទួលបានផលិតផល និងសេវាកម្មហិរញ្ញវត្ថុ សម្រាប់ពលរដ្ឋក្រីក្រនៅមានកម្រិត ហើយចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅទាប។ មានតែ២១,៧ភាគរយ នៃប្រជាពលរដ្ឋពេញវ័យរបស់ប្រទេសប៉ុណ្ណោះដែលមានគណនីធនាគារ។ អាជីវកម្មជារឿយៗត្រូវបានរារាំងដោយលទ្ធភាពទទួលបានហិរញ្ញវត្ថុរយៈពេលវែង ដោយសារកង្វះវត្ថុបញ្ចាំ ការមិនទាន់ទទួលបានការគាំទ្រពីរដ្ឋាភិបាល ដូចសម្រាប់ការធានា និងអនក្ខរភាពហិរញ្ញវត្ថុ។ មានតែប្រជាពលរដ្ឋកម្ពុជា១៨ភាគរយ ប៉ុណ្ណោះដែលត្រូវបានចាត់ទុកថាមានចំណេះ និងផ្នែកហិរញ្ញវត្ថុ។

កម្មវិធីរងថ្មីនេះ គាំទ្រខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការជួយដល់សហគ្រាសធុនតូច និងមធ្យមឱ្យងើបឡើងពីជំងឺរាតត្បាត តាមរយៈការពង្រីកលទ្ធភាពទទួលបានឥណទាន។ វាក៏ជួយដល់កំណែទម្រង់ហិរញ្ញវត្ថុ រួមទាំងការត្រួតពិនិត្យស្ថាប័នអន្តរវិស័យ ឱ្យការ់តែប្រសើរឡើង ពង្រឹងការគ្រប់គ្រងហានិភ័យឥណទាន និងគាំទ្រប្រព័ន្ធទូទាត់ប្រកបដោយភាពច្នៃប្រឌិត៕

សឹម សល់ម៉ា