រោងចក្រចម្រាញ់ប្រេងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីខែឧសភាឆ្នាំ២០១៨។ រូបភាព៖ Reuters

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តម្លៃប្រេងឥន្ធនៈ បានកើនឡើងខ្ពស់បំផុត បើគិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ខណៈតម្រូវ ការកំពុងបន្តងើបឡើងវិញពីជំងឺរាតត្បាតកូវីដ១៩។ នេះបើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Reuters។

តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង៨៧សេនឬ១% ក្នុងមួយធុងឬមួយបារ៉ែល។ កាលពីខែកញ្ញាឆ្នាំ២០២១ តម្លៃប្រេងឆៅប្រភេទនេះ មានតម្លៃត្រឹមជាង៧៤ដុល្លារក្នុងមួយធុង ប៉ុន្តែបច្ចុប្បន្នបានកើនដល់ជាង៨៦ដុល្លារក្នុងមួយធុង និងជាតម្លៃខ្ពស់បំផុតចាប់តាំងពីខែតុលាឆ្នាំ២០១៨។ ចំណែកតម្លៃប្រេងឆៅប្រភេទWTI បានកើនចំនួន១.១២ដុល្លារ ឬស្មើ១.៤% ដែលធ្វើឱ្យតម្លៃប្រេងនេះមានតម្លៃកើនដល់ជាង៨៣ដុល្លារក្នុងមួយធុង។ ប្រេងក្នុងមួយធុងឬមួយបារ៉ែល គឺស្មើនឹង១៥៨ទៅ១៥៩លីត្រ។

តម្លៃប្រេងឆៅទាំងពីរនេះបានកើនឡើង ស្របពេលការចុះកិច្ចសន្យាបញ្ជាទិញបានកើនឡើងយ៉ាងហោចណាស់៣%កាលពីសប្ដាហ៍មុន។ ក្រុមអ្នកវិភាគមកពីធនាគារ ANZ បាននិយាយនៅក្នុងកំណត់ហេតុមួយនៅថ្ងៃចន្ទនេះថា ការបន្ធូរបន្ថយវិធានការប្រឆាំង​កូវីដនៅទូទាំងពិភពលោក ប្រហែលជាជួយឱ្យការប្រើប្រាស់ប្រេងឥន្ធនៈ កំពុងមានសន្ទុះងើបឡើងវិញ។

ពួកគេបន្តថា ទីផ្សារប្រេងយន្តហោះ បានពុះកញ្ជ្រោលឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសថា នឹងបើកព្រំដែនទទួលអ្នកដំណើរបរទេសដែលចាក់វ៉ាក់សាំងហើយចាប់តាំងពីខែក្រោយនេះ ហើយការប្រកាសបើកប្រទេសនេះ ក៏ត្រូវបានធ្វើឡើងនៅអូស្រ្ដាលី និងនៅតាមប្រទេសនៅទូទាំងទ្វីបអាស៊ីជាបន្តបន្ទាប់។

ស្របពេលតម្លៃប្រេងឥន្ធនៈអន្តរជាតិកើនឡើង តម្លៃនៅកម្ពុជាក៏បានកើនឡើងដែរ គឺស៊ាំងស៊ុបពែរមានតម្លៃជិត៤៩០០រៀលក្នុងមួយលីត្រ សាំងធម្មតាមានតម្លៃ៤៣០០រៀលក្នុងមួយលីត្រ និងម៉ាស៊ូតមានតម្លៃ៤០០០រៀលក្នុងមួយលីត្រ៕