វិហារសាសនារងការខូចខាតដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតពីក្រុមIS។ រូបភាព៖ Reuters

ក្រុមរដ្ឋអ៊ីស្លាម(IS)បានអះអាងទទួលខុសត្រូវ ចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតនៅវិហារអ៊ីស្លាមនិកាយស៊ីអ៊ីត ស្ថិតនៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន ដែលបានសម្លាប់មនុស្ស៤៧នាក់និងរបួសជាច្រើននាក់ទៀត។ នេះបើតាមការចុះផ្សាយដោយ​សារ​ព័ត៌​​មាន APនៅថ្ងៃសៅរ៌នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះនៅល្ងាចថ្ងៃសុក្រនៅលើបណ្តាញសង្គម ក្រុមរដ្ឋឥស្លាមបាននិយាយថា សមា​ជិក​របស់​ខ្លួនចំនួនពីរនាក់ បានបាញ់សម្លាប់កងសន្តិសុខដែលយាមនៅច្រកដើរចូលវិហារអ៊ីស្លាម នៅក្នុងខេត្ត Kandahar ដោយម្នាក់បានបំផ្ទុះគ្រាប់បែកអត្តឃាតនៅច្រកចូល និងម្នាក់ទៀតបំផ្ទុះនៅខាងក្នុងវិហារ។

ទីភ្នាក់ងារសារព័ត៌មាន Amaq របស់ក្រុមIS បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតទាំងពីរនាក់​នោះគឺឈ្មោះ Anas al-Khurasani និងឈ្មោះ Abu Ali al-Baluchi គឺជាជនជាតិអាហ្វហ្កានីស្ថាន។

ការវាយប្រហារនេះបានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកមួយ ដោយក្រុមសម្ព័ន្ធភាពរដ្ឋអ៊ីស្លាមក្នុងតំបន់បានសម្លាប់​មនុស្ស៤៦នាក់ នៅវិហារអ៊ីស្លាមនិកាយស៊ីអ៊ីត នៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន។ ការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្ស​ជាបន្តបន្ទាប់នេះ កំពុងបង្កើនការភ័យខ្លាចថា ក្រុមIS ដែលជាសត្រូវរបស់តាលីបង់ផង និងប្រទេសលោកខាងលិច កំពុងពង្រីកមូលដ្ឋានរបស់ខ្លួននៅអាហ្វហ្គានីស្ថាន។

ការវាយប្រហារនៅថ្ងៃសុក្រ គឺជាការវាយប្រហារដ៏សាហាវបំផុត ចាប់តាំងពីការចាកចេញរបស់កងទ័ពអាមេរិកពីប្រទេសដែលអនុ​ញ្ញាត​ឱ្យពួកតាលីបង់ដណ្តើមបានអំណាចទាំងស្រុងឡើងវិញ។ វាក៏ជាការវាយប្រហារដ៏ធំលើកដំបូងរបស់ក្រុមនេះនៅភាគខាងត្បូងប្រទេស៕