យុវជនម្នាក់កំពុងស្វែងរកការប្រកាសរើសបុគ្គលិកនៅតាមអនឡាញ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ភ្នំពេញ — ខែសីហា ឆ្នាំ​២០២១ គឺ​ជា​ពេល​ដែល​កញ្ញា ឃុន ស្រីនី បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ដោយ​រំពឹ​ង​ថា​នឹង​អាច​ស្វែង​រក​ការងារ​ធ្វើ​ជា​គ្រូ​បង្រៀន​ផ្នែក​គីមី​វិទ្យា ឬអាច​ធ្វើការងារ​នៅស្ថាប័ន​រដ្ឋ​ ឬ​ឯកជន ក្រោយ​ខ្លួន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​គីមីវិទ្យា ​ដែល​បាន​សិក្សា​អស់​រយៈពេល​បួន​ឆ្នាំ​កន្លង​មក។ ប៉ុន្តែ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ បានធ្វើ​ឲ្យ​និស្សិត​វ័យ​ ២៣​ឆ្នាំ​រូប​នេះ​ នៅ​តែ​មិន​អាច​រក​ការងារ​បាន​ធ្វើ​ បន្ទាប់​ពី​ដាក់​ពាក្យ​ស្នើ​សុំ​ការងារ​ពាក់ព័ន្ធ​នឹង​មុខ​វិជ្ជា​គីមីវិទ្យា​នេះ​ប្រមាណជា​ ១០​កន្លែងរួច​មក។​

​អង្គុយ​មុខ​កុំព្យូទ័រ​យួរដៃ​បណ្តើរ ស្វែង​រក​មើល​ព័ត៌មាន​អំពី​ការ​រើស​បុគ្គលិក​លើ​បណ្តាញ​អ៊ីនធឺណិត​បណ្តើរ ស្រីនី​ បញ្ជាក់​ថា៖

«កូវីដ​អ៊ីចឹង​សាលា​បិទ សាលាបិទ​ទៅ​គេ​អត់​ត្រូវ​ការ​រើស​គ្រូ​ ដើម្បី​ទៅបង្រៀន​ទេ ព្រោះ​អី​គ្រូ​មានក្នុង​ហ្នឹង​ហើយ។ ហើយ​ណា​មួយ​ គឺ​គេ​បង្រៀន​តាម​អនឡាញ។ អ៊ីចឹង​បុគ្គលិក​គេ​អត់​មាន​រើស​បន្ថែម​ទេ គឺមាន​តែ​បន្ថយ​បុគ្គលិក​ដោយសារ​តែ​អត់សូវ​មាន​ចំណូល»។

មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ និស្សិត​ដែល​ទើប​បញ្ចប់​ការសិក្សា​ផ្នែក​គីមីវិទ្យា​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ​រូប​នេះ​ប្រាប់ VOA ​បន្ថែម កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា​កន្លងទៅ​ថា ​មុខវិជ្ជា​គីមីវិទ្យា​ដែល​កញ្ញា​រៀន ជា​មុ​ខវិជ្ជា​ដែល​ងាយ​ស្រួល​រក​ការងារ​ធ្វើ។ ប៉ុន្តែ​ក្នុង​អំឡុង​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩​ កញ្ញា​បែរ​ជា​មិន​អាច​រក​ការងារ​ធ្វើ​បាន​ទៅ​វិញ។

កញ្ញា ឃុន ស្រីនី បាន​ប្រាប់​ VOA ថា៖ «ខ្ញុំ​ថា ​បើសិន​ជា​រៀន​ចប់ ​ខ្ញុំ​នឹង​រក​ការងារ​ដែល​ត្រូវ​ជំនាញ​របស់​ខ្ញុំ ដើម្បី​យក​ទៅ​ចែក​រំលែក​បទ​ពិសោធន៍​ដែល​រៀន​ពី​សាកល​ទាំង​ប៉ុន្មាន ចំណេះដឹង​ដែល​យើង​មាន បាន​រៀន​រយៈពេល​បួន​ឆ្នាំ​ហ្នឹង​ ទៅ​ប្អូនៗ​ជំនាន់​ក្រោយ សិស្សានុសិស្ស​ជំនាន់​ក្រោយ។ ប៉ុន្តែអ្វី​ដែល​ខ្ញុំ​រំពឹង​ វា​បាន​ខក​ឡើង​ប៉ុន្មាន​អាទិត្យ»។

កញ្ញា ឃុន ស្រីនី និស្សិតទើបបញ្ចប់បរិញ្ញាបត្រគីមីវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កំពុងអង្គុយស្វែងរកការប្រកាសរកបុគ្គលិកនៅតាមអនឡាញ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ស្រីនី បន្ថែម​ថា ប្រសិន​បើ​ជំងឺកូវីដ​១៩​ នេះ​ នៅ​តែ​បន្ត​អូស​បន្លាយ នោះ​កញ្ញា​នឹង​ត្រូវ​ខាត​ពេល​វេលា ហើយ​អនាគត​ការងារ​របស់​កញ្ញា​នឹង​កាន់តែ​លំបាក។​

ស្រីនី បាន​ថ្លែង​ថា៖ «ប៉ះពាល់​ច្រើន។ លក្ខណៈថា​យើង​ចប់ [រៀន] ហើយ យើង​រក​ការងារ​អត់​ទាន់​បាន ហើយ​ទៅ​ស្រុក​វិញក៏​យើង​មិនហ៊ាន​ទៅ។ យើង​ចប់ [រៀន]​ហើយ​យើងអត់​ទាន់​មាន​ការងារ​ធ្វើ​អ៊ីចឹង​ខ្លាច​អ្នក​ស្រុក​អី​គាត់​និយាយ អ្នក​ភូមិ​អី​គាត់​និយាយ​ថា រៀន​ចប់​បរិញ្ញាបត្រ​ហើយ​មកផ្ទះ​ មកធ្វើ​ស្រែ​អី​អ៊ីចឹង​ទៅ»។

ចាប់​តាំង​ពី​មាន​ការ​រាល​ដាល​ជំងឺ​កូវីដ​១៩ ក្នុង​សហគមន៍​នា​ដើម​ឆ្នាំ​ ២០២១​ មក កម្ពុជា​ទទួល​រងផល​ប៉ះពាល់​ស្ទើ​គ្រប់​វិស័យ ដោយសារ​អាជីវកម្ម និង​ក្រុម​ហ៊ុន​ជាច្រើន​ត្រូវ​បាន​បិទទ្វារ ហើយ​សាលា​រៀន​ទូទាំង​ប្រទេស​ត្រូវ​បិទ​ជា​បណ្តោះ​អាសន្ន​ជា​ច្រើន​លើក។ ការណ៍​នេះ​ធ្វើឲ្យ​និស្សិត​រាប់​ពាន់​នាក់​ដែល​បញ្ចប់​ការសិក្សា​ដូច​ ស្រីនី ត្រូវ​ប្រឈម​នឹង​ការ​ពិបាក​ស្វែង​រក​ការងារ​ធ្វើ។​

​កញ្ញា ញឹម បុប្ផា គឺជា​និស្សិត​ទើប​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ទេសចរណ៍​ នៅសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ កញ្ញា​បាន​ប្រាប់ VOA ថា ​វិស័យ​ទេសចរណ៍​ជា​វិស័យ​ដែល​សម្បូរ​ទីផ្សារ​ការងារ​សម្រាប់​កម្ពុជា។ ក្នុង​ពេល​កំពុង​រៀន បុប្ផា​ តែង​មាន​បំណង​ធ្វើ​ជា​អ្នក​នាំទេសចរណ៍​ដើរ​កម្សាន្ត​ក្នុង​និង​ក្រៅ​ប្រទេស ព្រម​ទាំង​ចង់​បើក​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នឹង​ទេសចរណ៍​មួយ​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​ដោយសារ​ការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩​ បុប្ផា​ បាត់​បង់​ឱកាស​ការងារ​ក្នុង​ផ្នែក​កក់​សំបុត្រ​យន្ត​ហោះដែល​ បុប្ផា ប៉ង​តាំង​ពី​រៀន​ឆ្នាំ​ទី​ ២​ មក។​

កញ្ញា ញឹម បុប្ផា បាន​ថ្លែង​ថា៖ «អង្កាល់​ខ្ញុំ​រៀន​ឆ្នាំ​ទី​២ apply [ស្នើ​] ទៅ​អត់​ជាប់​ទេ​ ដោយសារ​ខ្ញុំ​អត់​មាន​ពេល​ធ្វើ​ full time [ពេញម៉ោង] ឲ្យ​គេ។ អ៊ី​ចឹង ​អត់​បាន​ការងារ​ទេ។ ហើយ​ខាង​ក្រុម​ហ៊ុន​ក៏​បាន​ប្រាប់​ដែរ​ថា ចាំ​ដល់​ឆ្នាំ​ទី​ ៣ ​អី​ទៅ​ខ្ញុំ​អាច​មាន​ពេល full time ធ្វើ​ឲ្យ​ពួកគាត់បាន។ ដល់ពេល​ហើយ​ទៅ​កូវីដ​ផ្ទុះ កូវីដ​ផ្ទុះ​អ៊ីចឹង​ទៅ​ក្រុមហ៊ុន​ហ្នឹង ​ក៏​គេ​បិទ​ទ្វារអី​អ៊ី​ចឹង​ទៅ។ អត់​មានការ​ងារ​ធ្វើ​បន្ត​ទៀត​មក»។​

និស្សិត​ដែល​ទើប​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ទេសចរណ៍​វ័យ​ ២៤​ឆ្នាំ​រូប​នេះ​ បន្ថែម​ថា អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​មក​ហើយ​ ដែល​នាង ក៏​ដូចជា​និស្សិត​ផ្សេង​ទៀតដែល​សិក្សា​ផ្នែក​ទេសចរណ៍​ មិន​អាច​ស្វែង​រក​ការងារ​ធ្វើក្នុង​វិស័យ​នេះ​បាន ដោយសារ​ក្រុមហ៊ុន​ជាច្រើន​ត្រូវ​បិទទ្វារ​ ហើយ​អ្នក​ទេសចរណ៍​អន្តរជាតិ​ក៏​មិន​អាច​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា​ ដូច​មុន​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក្តី បុប្ផា​ ថា នាង​បាន​និង​កំពុងស្វែង​រក​ការងារ​ផ្សេង​ដែល​អាច​ធ្វើ​បាន ​ដើម្បី​ទប់​ទល់​ជីវភាព​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ជា​បណ្តោះ​អាសន្ន។

ក្រៅ​ពី​បង្ក​ជា​ឧបសគ្គ​ដល់​និស្សិត​ក្នុង​ការ​ស្វែង​រក​ការងារ​ធ្វើ វិបត្តិ​ជំងឺ​កូវីដ១៩ ក៏​រារាំង​មិន​ឲ្យ​និស្សិត​ដែល​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ស្វែង​រក​ឱកាស​ហាត់ការ​ដែល​ផ្តល់​ជា​បទពិសោធន៍​ដល់​ពួកគេ​ផង​ដែរ។

និស្សិត​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ផ្នែក​សំណង់​ស៊ីវិល​នៅ​សាកល​វិទ្យាល័យផារ៉ាហ្គន លោក ស៊្រី រដ្ឋា បាន​ប្រាប់ VOA​ ថា ក្រោយ​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​សំណង់​កាល​ពី​ខែកក្កដា​កន្លង​ទៅ ​អស់​រយៈពេល​ជាង​ពីរ​ខែមក​ហើយ​ លោក​មិន​ទាន់​អាច​រក​ការងារ​បាន​ធ្វើ​នៅ​ឡើយ។

រដ្ឋា​ដែល​មាន​វ័យ ​២២​ឆ្នាំ​ បាន​លើក​ឡើង​បន្ថែម​ថា ចាប់​តាំង​ពី​មាន​ការ​រាតត្បាត​ជំងឺកូវីដ​១៩ ​មក ការ​ស្វែង​រក​ការងារ​ធ្វើ​របស់​និស្សិត​ដែល​ទើប​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​សំណង់​ស៊ីវិល ​ដូច​ជា​លោក ​មាន​ភាព​លំបាក​ខ្លាំង​ ដោយ​សារ​តែ​និស្សិត​បាត់​បង់​ឱកាស​ហាត់ការ​ ដើម្បី​ស្វែង​រក​បទ​ពិសោធន៍​ការងារ ចំណែក​ក្រុម​ហ៊ុន​ជាច្រើន​ត្រូវ​កាត់​បុគ្គលិក ក្រុម​ហ៊ុន​ខ្លះពន្យារ​គម្រោង​សាងសង់ជាដើម។​

លោក ស៊្រី រដ្ឋា និស្សិតដែលទើបបញ្ចប់ការសិក្សាផ្នែកសំណង់ស៊ីវិលនៅសាកលវិទ្យាល័យផារ៉ាហ្គន កំពុងស្វែងរកការប្រកាសរើសបុគ្គលិកនៅតាមអនឡាញ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

«នៅក្នុង​ company [ក្រុមហ៊ុន] ឬក៏​ organization [ស្ថាប័ន] គាត់​កាត់​បន្ថយ​ចំនួន​បុគ្គលិក​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន ៥០​ភាគរយ។ អ៊ីចឹង​ ៥០​ភាគរយ គាត់​ធ្វើ​ការ​ក្នុង​ office [ការិយាល័យ] ៥០ភាគរយ​ទៀត​work from home [ធ្វើការ​ពី​ផ្ទះ]។ អ៊ីចឹង​នៅពេល​ដែល​យើង​ជា​សិស្ស​ទើប​តែចប់ យើង​ចូលទៅ​ organization [ស្ថាប័ន​] ហ្នឹង គាត់​ត្រូវ​ការ train [បណ្តុះ​បណ្តាល]។ យើង​ឲ្យ​បាន​ពេញ​លេញ​ដើម្បី​អាច​ឲ្យ​យើង​ធ្វើ​ការងារបាន។ អ៊ីចឹង​ទៅ​គាត់​ត្រូវ​វែក​ញែក​ថា ​គាត់​ត្រូវ hire [ជួល] បុគ្គលិក​ប៉ុន្មាន​អី​ប៉ុន្មាន។ អ៊ីចឹង​ចំនួន​កូតា​របស់​ក្រុម​ហ៊ុន​មួយៗ​ ក៏​ធ្លាក់​ចុះ​ដែរ។ អ៊ី​ចឹង​វា​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​រក​ការងារ»។

ក្រុម​និស្សិត​ដែល​ពិបាក​ក្នុង​ការ​ស្វែង​រក​ការងារ​អំឡុង​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩ ទាំង​នោះ​ចង់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​សម្រួល​ដល់​ការ​ស្វែង​រក​ការងារ​របស់​ពួកគេ​ និង​និស្សិត​ផ្សេង​ទៀត តាម​រយៈ​ការ​បង្កើត​កម្ម​វិធី​បណ្តុះ​បណ្តាល និង​តម្រង់​ទិស​ការងារ ដើម្បី​ឲ្យ​ពួកគេ​អាច​ទទួល​បាន​ឱកាស​ការងារ​ទូលាយ​ជាង​នេះ។

លោក ​ស្រ៊ី​ រដ្ឋា លើក​ឡើង​ថា៖ «ក្រសួង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាមួយ​នឹង​បញ្ហា​ទាំងអស់​ហ្នឹង គាត់​អាច​បង្កើតជា​កម្មវិធី​មួយ​ ដើម្បី​ជួយ​តម្រង់​ទិស​ដល់​សិស្ស​និស្សិត​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ ទាក់ទង​ជាមួយ​នឹង​មុខ​វិជ្ជា​ផ្សេងៗ​ ដែល​គាត់​អាច​ធ្វើ​ការ​បាន។ ឧទាហរណ៍​ថា​ ក្នុង​សំណង់​ស៊ីវិល វា​អាច​មាន គាត់​ធ្វើ​ទៅ​ជា​ site engineer [វិស្វករ​ផ្នែក​បច្ចេកវិទ្យា] ឬក៏​គាត់​អាច​ជា​អ្នក ​designer [អ្នក​រចនា] ក្នុង ​office ឬក៏​គាត់​អាច​ជា quantity surveyor [អ្នក​គណនា​គ្រឿង​សំណង់] និង​មាន​ការងារ​ផ្សេងៗ​ទៀត​ដែល​គាត់​អា​ច​ធ្វើ​បាន»។


វិបត្តិជំងឺកូវីដ និងការបោះបង់ចោលការសិក្សា

និស្សិត​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ក្នុង​ឆ្នាំសិក្សា ​២០១៩-២០២០ មាន​ចំនួន​ ៣២,៦៤០​នាក់ ថយ​ចុះ​ចំនួន​ ១៥,៦៧ ​ភាគរយ បើធៀប​នឹង​ឆ្នាំសិក្សា​ ២០១៨-២០១៩ ដែល​មាន​ចំនួន​ ៣៨,៧០៩នាក់។ ចំណែក​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ ១២៨។ នេះ​បើ​តាមរបាយការណ៍​សន្និបាត​របស់​ក្រសួង​អប់រំ​ ចេញ​ផ្សាយកាលពី​ខែមេសា ឆ្នាំ​២០២១។​

ចាប់​តាំង​ពី​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ សាលារៀន​គ្រប់​កម្រិត ទាំង​រដ្ឋ​និង​ឯកជន​តម្រូវ​ឲ្យផ្លាស់​ប្តូរ​ការ​បង្រៀន​ពី​ក្នុង​ថ្នាក់​ផ្ទាល់ ទៅ​ជា​រៀន​ពី​ចម្ងាយ ឬ​អនឡាញ​វិញ​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​នេះ។

លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សា​ភិបាលសមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សាកម្ពុជា ​និង​ជា​នាយក​វិទ្យាស្ថាន​វ៉ាន់ដា ​ប្រាប់ VOA ថា ក្នុង​អំឡុង​ការ​រាតត្បាត​ជំងឺកូវីដ​១៩ និស្សិត​នៅវិទ្យាស្ថាន​របស់​លោក ប្រមាណ​ជា​ ៤០​ភាគរយ​ បានបោះ​បង់​ការ​សិក្សា។

លោក ហេង វ៉ាន់ដា បាន​ថ្លែង​ថា៖ «ពួក​គាត់​អត់​មាន​អ៊ីនធឺណិត។ ណា​មួយ​ដោយ​សារ​កត្តា​សេដ្ឋកិច្ច​ផង​ព្រោះ​និស្សិត​ភាគ​ច្រើន​តែ ចូល​ឆ្នាំ​ទី ២ ទី​ ៣ ទី ​៤ រៀន​បណ្តើរ ​ធ្វើ​ការ​បណ្តើរ ហើយមិនមែន​រៀន​សុទ្ធ​ទេ។ ៨០ ទៅ​៩០​ភាគរយ​ហើយ រៀន​បណ្តើរ ធ្វើ​ការ​បណ្តើរ។ អ៊ីចឹង​ដល់​ពេល​ក្រុម​ហ៊ុន​ក្រុម​អី​បិទ​ទ្វារ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ផង ណា​មួយ​ក្រុមហ៊ុន​នានា​កាត់​ប្រាក់​ខែ​ផង យើង​ឃើញ​គាត់​ទៅ​ស្រុក​វិញ ណា​មួយ​ចូល​ធ្វើ​កម្មករ​ចូល​អីទៅ»។​

លោក​បន្ត​ថា គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ជា​ច្រើន រួម​ទាំង​វិទ្យាស្ថាន​របស់​លោក​ផង មិន​អាច​មាន​លទ្ធភាព​ជួយ​និស្សិត​ក្នុង​អំឡុង​វិបត្តិ​ជំងឺ​ផ្លូវ​ឲ្យ​ដង្ហើម​នេះ​បាន​ទេ ដោយសារ​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ទាំង​នោះ​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​ផ្ទាល់​ខ្លួន ​ដែល​ពិបាក​នឹង​ដោះ​ស្រាយ​ផង​ដែរ។

នាយក​វិទ្យាស្ថាន​វ៉ាន់ដា​រូប​នេះ​បាន​បន្ថែម​ថា៖ «និស្សិត​រឿង​មួយ ប៉ុន្តែ​វិបត្តិ​សាលា​នេះ​រឿង​ចង់​ធំជាង​និស្សិត​រាប់​រយ​ដង​វា​មាន​វិបត្តិ​ធ្វើ​ម៉េច? ឮ​សូរ​មួយៗ​ សួរ​រក​តែ​និស្សិត​គុណភាព ហើយ​បាន​គុណភាព​ឯណា​លោក​ម្ចាស់ បើ​សាលា​ចង់ងាប់​ដែរ​ហើយ​ហ្នឹង។ មាន​លុយ​ឯណា​ទៀត​ពីរ​ឆ្នាំ​ហ្នឹង មិនមែន​ធម្មតា​ឯណា»។

កម្ពុជា​ធ្លាប់​ជាប្រទេស​ដែលមាន​សេដ្ឋកិច្ច​កើនឡើង​ជា​មធ្យម​ប្រមាណ​ជាជាង​ ៧​ភាគរយ ​ចន្លោះ​ពី​ឆ្នាំ​ ១៩៩៨ ដល់​ឆ្នាំ​ ២០១៩ ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​មួយ​មាន​សេដ្ឋកិច្ច​លូត​លាស់​លឿន​បំផុត​លើ​ពិភពលោក។​ ប៉ុន្តែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​១៩ បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ២០២០ ដោយសារ​មាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​លើ​វិស័យ​សំខាន់ៗ​របស់​កម្ពុជា ដូចជា​វិស័យ​ទេសចរណ៍ ការ​នាំ​ចេញ​ផលិតផល​កាត់ដេរ ​និង​សំណង់​ជាដើម។ ការណ៍​នេះ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​ ២០២០ មាន​កំណើន​អវិជ្ជមាន -៣.១ ភាគរយ ដែល​ជា​ការធ្លាក់​ចុះ​យ៉ាង​គំហុក​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ។

រូបឯកសារ៖ ក្រុមមន្ត្រីសុខាភិបាលស្ថិតក្នុងឯកសណ្ឋានការពារពីការឆ្លងជំងឺកូវីដ១៩ បញ្ជូនអ្នកជំងឺកូវីដ១៩ មកទទួលការព្យាបាលនៅមណ្ឌលព្យាបាល នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

លោក ត្រេង ពិសិដ្ឋ អ្នក​គ្រប់គ្រង​ផ្នែក​ប្រតិបត្តិ​នៃ​គេហទំព័រ​បងធំ (Bongthong.com) ដែល​ជា​គេហទំព័រ​ផ្សព្វផ្សាយ​អំពី​ការ​ប្រកាស​ជ្រើស​រើស​បុគ្គលិក​នៅ​កម្ពុជា​ប្រាប់ VOA ថា ក្នុង​អំឡុង​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩ រយៈពេល​ប្រមាណ​ជា​ជិត​ពីរ​ឆ្នាំ​នេះ ការ​ប្រកាស​ជ្រើស​រើស​បុគ្គលិក​លើ​គេ​ហទំព័រ​បង​ធំ ធ្លាក់​ចុះ​ប្រមាណជា ​៧៥ភាគរយ។ លោក​បន្ត​ថា ការ​ប្រកាស​រើស​ការ​ងារ​ក្នុង​វិស័យ​ទេសចរណ៍ អប់រំ​និង​ការ​សាងសង់​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​ជាងគេ ដោយសារ​វិស័យ​ទាំងនេះ​តម្រូវ​ឲ្យ​មាន​ការ​ជួបជុំ​គ្នា​ច្រើន។

លោក ត្រេង ពិសិដ្ឋ បាន​ថ្លែង​ប្រាប់ VOA ថា៖ «កូវីដ​គឺ​ធ្វើ​ឲ្យ​ពិបាក​ហើយ​នៅ​ក្នុង​វិស័យ​អស់ទាំង​ហ្នឹង ចង់​និយាយ​ថា​ បង្អាក់​នូវ​ការ​ជួប​ជុំ​គ្នា ហើយបើ​មានការ lockdown [បិទ​ខ្ទប់​] ផ្សេងៗ។ បើសិន​និយាយ​ពី tourist [អ្នក​ទេសចរ] ពីសំណាក់​ប្រទេស​ផ្សេងៗ ទេសចរណ៍​គាត់​អត់​ចូល​ក្នុង​ស្រុក​យើង សូម្បី​តែ​យើង​ក៏​ចេញ​ទៅខាង​ក្រៅអត់​កើតអ៊ី​ចឹង»។

លោក ត្រេង​ ពិសិដ្ឋ​ បន្ថែម​ថា បើ​យោង​តាម​ស្ថាន​ភាព​ការ​រាល​ដាល​ជំងឺ​កូវីដ​១៩ នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​លោក​រំពឹងថា ការ​ប្រកាស​រើស​បុគ្គលិក​អាច​នឹង​មាន​ភាព​ប្រសើរ​ឡើង​វិញ​បន្តិច​នៅ​ឆ្នាំ​ក្រោយ។​

បើ​តាម​របាយការណ៍ដែល​ផ្សព្វផ្សាយ​រួម​គ្នាដោយ​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បង្ហាញ​ថា​ក្នុង​ឆ្នាំ​ ២០២០ យុវជន​បាត់​បង់​ការងារ​ចំនួន​ប្រមាណជា ​២៥៥,០០០ ស្មើ​នឹង​ប្រមាណជា​ ១៣.១% ខណៈ​កាល​ពី​ឆ្នាំ​ ២០១៩ យុវជន​បាត់​បង់​ការងារ​ត្រឹម​តែ ​១.១ភាគរយ​ប៉ុណ្ណោះ។​

លោក ង៉ែត ជូ អ្នក​វិភាគ​សេដ្ឋកិច្ច​លើកឡើង​ថា សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​ត្រូវ​ពឹង​ផ្អែក​លើ​ចំណូល​របស់​ប្រជាពលរដ្ឋ​ដែល​បាន​មក​ពី​ការ​ផលិត ការ​វិនិយោគ និង​ការ​បង្កើត​ការងារ​ថ្មីៗ​ជាដើម។ លោក​ថា​ ប្រសិន​បើ​យុវជន​ដែល​ទើប​បញ្ចប់​បរិញ្ញាបត្រ​ជា​ច្រើន​ពាន់​នាក់​មិន​មាន​ការងារ​ធ្វើ នោះ​នឹង​ធ្វើ​ឲ្យ​ខាត​បង់​ពេល​វេលា​នៃ​ការ​ស្វែង​រក​ចំណូល​របស់​ពួកគេ ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ និងប៉ះពាល់​សេដ្ឋកិច្ចរបស់​ប្រទេស។​

«យើង​អាច​ប៉ាន់​ប្រមាណ​ថា ​អ្នក​ដែល​ចាប់​ផ្តើមធ្វើ​ការ​ដំបូង​ដែល​ចប់​បរិញ្ញាបត្រ​ហ្នឹង ​គឺ​អាច​បាន​ចំណូល​ ២៥០-៣០០​ដុល្លារ។ ​អ៊ីចឹង​ក្នុង​មួយ​ឆ្នាំ បើសិន​ណា​ជា​ ២៥០ដុល្លារ​ ទៅចុះ​ក្នុង​មួយ​ឆ្នាំ។ អ៊ី​ចឹង​គាត់​បាត់​បង់​ឱកាស​រក​ចំណូល​ហ្នឹង​បីពាន់​ដុល្លារ​បាត់​ហើយ»។

លោក ង៉ែត ជូ បន្ថែម​ថា បើ​តាមការ​ប៉ាន់​ស្មាន​របស់​លោក ការ​អាច​វិល​ត្រឡប់​វិញ​នូវ​ស្ថានភាព​ទេសចរណ៍​ដែល​ប៉ះពាល់​ដោយ​សារ​ជំងឺ​កូវីដ​១៩ យ៉ាង​ហោច​ណាស់​ត្រូវ​ការរយៈពេល ៥​ឆ្នាំ​ទៀត។​

អ្នកជំនាញ​សេដ្ឋកិច្ច​រូប​នេះ​បន្ថែមថា ដើម្បី​សម្រួល​បញ្ហា​ប្រឈម​របស់​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​មិន​មាន​ការងារ​ធ្វើ រដ្ឋាភិបាល​និង​វិស័យ​ឯកជន​អាច​គាំទ្រ​គ្នា​ទៅវិញ​ទៅ​មក​ ដោយ​សម្រួល​មិន​ឲ្យ​មានការ​កាត់​បុគ្គលិក។​ ចំណែក​យុវជន​មួយ​ចំនួន​ដែល​មាន​លទ្ធភាព​បង្កើត​អាជីវកម្ម ឬ​ធ្វើ​កសិកម្មខ្លួន​ឯង គួរតែ​ចាប់​ផ្តើម​ធ្វើ ដូចជា​ការ​ដាំបន្លែ​លើ​ដី​ដែល​មាន​ស្រាប់​ ដើម្បី​សម្រួល​ជីវភាព​ជាដើម។​

VOA បាន​ព្យាយាម​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ តែ​លោក​មិនព្រម​ឆ្លើយតប។ លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ក៏​មិន​ឆ្លើយ​តប​នឹង​សំណួរ​របស់ VOA​ ពាក់​ព័ន្ធ​នឹងការ​លើកឡើង​របស់​និស្សិត​បញ្ចប់​បរិញ្ញាបត្រ​ដែល​មិន​អាច​រក​ការងារ​ធ្វើ​បាន ក្នុង​អំឡុងការរីករាលដាលជំងឺ​កូវីដ​១៩​ដោយ​លោក​គ្រាន់​តែ​ផ្ញើ​ឯកសារ​ស្តីអំពី​យុទ្ធសាស្រ្ត​កំណែ​ទម្រង់​វិស័យ​អប់រំយុវជន និង​កីឡា ២០១៨-២០២៣ ដែល​ចេញ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

បើទោះបីជា​ជំងឺ​កូវីដ​១៩ ​នៅ​តែ​បន្ត​រាតត្បាត​ក្នុង​ប្រទេស​កម្ពុជា​ដោយ​មិនទាន់ដឹង​ថា​អាច​មាន​ភាពស្រាកស្រាន្ត​ពេល​ណា ក៏​កញ្ញា ញឹម បុប្ផា ដែល​ទើប​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ទេសចរណ៍​នៅ​តែមិន​បោះ​បង់សុបិន ដែល​ចង់​ចាប់​អាជីព​ផ្នែក​ឧស្សាហកម្ម​អត់​ផ្សែង​មួយ​នេះ បើ​ទោះ​ជា​ត្រូវ​ចាំ​រយៈពេល​ប្រាំ​ឆ្នាំ​ក៏​ដោយ។

«ខ្ញុំ​រំពឹង​ថា​ទៅ​ថ្ងៃ​អនាគត​ ខ្ញុំអាច​នឹង​មានការងារ ឬ​ក៏​អាច​នឹង​ធ្វើ​អីមួយ​ទាក់ទង​នឹង​វិស័យ​ទេស​ចរណ៍​បាន។​ប៉ុន្តែ​ការ​គិត​របស់​ខ្ញុំ ប្រហែល​ជា​ខ្ទង់​ប្រាំ​ឆ្នាំ​ទៀត​យើង​អាច​រស់​នៅ​ជាមួយ​វា​ដូច​ធម្មតា​វិញ»៕