សមាជិកសភាអង់គ្លេសលោក David Amess ។ រូបភាព៖ BBC

សមាជិកសភាអង់គ្លេសលោក David Amess ត្រូវបានបុរសវ័យក្មេងម្នាក់ចាក់សម្លាប់កាលពីថ្ងៃសុក្រ នៅក្នុងវិហារសាសនាគ្រឹស្ដមួយនៅតំបន់ Essex ភាគអាគ្នេយ៍នៃប្រទេសអង់គ្លេ ខណៈតំណាងរាស្រ្ដរូបនេះ កំពុងជួបជាមួយអ្នកបោះឆ្នោត។ ប៉ូលីសនិយាយ​ថា ការធ្វើឃាតតំណាងរាស្រ្ដរូបនេះ គឺជាការវាយប្រហារភេរវកម្មមួយ។

បុរសជនជាតិអង់គ្លេសអាយុ២៥ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ ពីបទសង្ស័យក្នុងករណីឃាតកម្មនេះ ហើយប៉ូលិសបាននិយាយថា ពួកគេមិនបានស្វែងរកជនសង្ស័យផ្សេងទៀតនោះទេ។ ប៉ុលិសជឿជាក់ថា បុរសរូបនេះ អាចធ្វើសកម្មភាពតែម្នាក់​ឯង​ប៉ុណ្ណោះ ខណៈការសួរចម្លើយកំពុងតែបន្ត។

ការចាក់សម្លាប់នេះ គឺបានកើតឡើង អំឡុងពេលលោកតំណាងរាស្រ្ដ David Amess អាយុ៦៩ឆ្នាំ កំពុងស្ថិតក្នុងការជួបជុំមួយ ដែលអ្នកបោះឆ្នោតអាចជួបជាមួយតំណាងរាស្រ្ដ ដើម្បីពិភាក្សាពីក្ដីកង្វល់។

លោកនាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន បាននិយាយថា លោកបានបាត់បង់អ្នកបម្រើពលរដ្ឋដ៏ល្អម្នាក់ មិត្តភក្តិ និងមិត្តរួមការងារជាទីស្រឡាញ់៕