មន្ត្រីបានលែងពស់ថ្លាន់ចំនួន៨៥ក្បាលឲ្យរស់នៅបែបធម្មជាតិនៅតំបន់អភិរក្សជលផលផាត់សណ្តាយ ក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ រូបភាព៖ Phnom Tamao Zoo

មន្ត្រីឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្រោះសត្វព្រៃភ្នំតាម៉ៅបានលើកឡើងថា នៅថ្ងៃទី១៤ ខែតុលាម្សិលមិញ ពស់ថ្លាន់ចំនួន៨៥ក្បាលត្រូវបានលែងឱ្យរស់នៅបែបធម្មជាតិវិញ នៅតំបន់អភិរក្សជលផលផាត់សណ្តាយ ក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្រោយពីពួកវាបានបាត់បង់ទីជម្រក ហើយត្រូវពលរដ្ឋចាប់បាន។

លោក យង់ រតនា អនុប្រធានការិយាល័យ និងវិបុលកម្ម នៅឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្រោះសត្វព្រៃភ្នំតាម៉ៅបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៥តុលានេះថា ពស់ថ្លាន់ទាំងអស់នោះ ត្រូវប្រជាពលរដ្ឋចាប់បានហើយប្រគល់មកឱ្យមន្ត្រីរក្សាទុកឧទ្យានសួនសត្វ ខណៈចំនួនទៀតទទួលបានពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ លោកបន្តថា ពស់ថ្លាន់ទាំងនោះ ភាគច្រើនមានទម្ងន់ពី១៥ ទៅ២០គីឡូក្រាម។

លោកថ្លែងដូច្នេះថា៖«ប្រភេទពស់អាចជាមិនកម្រទេវា(មាន)មធ្យម ប៉ុន្តែបញ្ហាវាបាត់បង់ទីជម្រក ដោយសារទីក្រុងរីកកាន់តែធំ ចំនួនប្រជាជនកាន់តែច្រើន ដូចជាខេត្តកណ្តាល តាកែវ និងភ្នំពេញ។ ដូច្នេះការលុបបឹង លុបដីធ្វើឱ្យវាបាត់បង់ជាជម្រក។ អ៊ីចឹង! យកវាទៅលែងនៅតំបន់មួយដែលមានព្រៃមានទឹក មានចំណីគ្រប់គ្រាន់ឱ្យវារស់នៅវិញ»។

លោកបន្តថា ពស់ថ្លាន់ ឬសត្វព្រៃផ្សេងទៀតដែលប្រជាពលរដ្ឋប្រគល់ឱ្យឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្រោះសត្វព្រៃភ្នំតាម៉ៅ គឺត្រូវរក្សាទុកនៅក្នុងសួននេះរយៈពេល១៥ថ្ងៃទៅ១ខែ ដើម្បីតាមដានក្រែងលោមានជំងឺ ហើយនៅពេលពួកគេវាមានសុខភាពល្អ ទើបយកទៅលែងក្នុងព្រៃធម្មជាតិវិញ។ លោកបញ្ជាក់ថា ក្នុងមួយឆ្នាំពស់ថ្លាន់ត្រូវយកទៅលែងក្នុងព្រៃធម្មជាតិ ពី៥ ទៅ៦ដង ដោយម្តងលែងមានចន្លោះពី៥០ ទៅ៨០ក្បាល៕

សឹម សល់ម៉ា