ក្មេងប្រុសនិងក្មេងស្រីដែលបានពាក់ម៉ាស់ កំពុងឈរសម្លឹងទៅក្នុងសួនកម្សាន្តមួយកន្លែងនៅក្នុងទីក្រុងតូក្យូ អំឡុងខែកក្កដាឆ្នាំ២០២១។ រូបភាព៖ Reuters

កុមារធ្វើអត្តឃាតនៅក្នុងប្រទេសជប៉ុន បានកើនឡើងខ្ពស់បំផុតក្នុងរយៈពេលជាង៤ទសវត្សរ៍មកហើយនេះ នេះបើតាមក្រសួងអប់រំរបស់ប្រទេសជប៉ុន។

សារព័ត៌មានសិង្ហបុរីCNAបានចុះផ្សាយនៅថ្ងៃទី១៤តុលាម្សិលមិញថា ដោយសារជំងឺរាតត្បាតកូវីដ១៩ បានធ្វើឱ្យបិទសាលារៀននិង​រំខានដល់ការសិក្សាកាលពីឆ្នាំមុននេះ គឺមានកុមារចំនួន៤១៥នាក់ ចាប់ពីកម្រិតបឋមសិក្សា រហូតដល់មធ្យមសិក្សា​ឬ​វិទ្យា​ល័យ បានសម្រេចធ្វើអត្តឃាតបញ្ចប់ជីវិតរបស់ពួកគេ។

យោងតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុននៅថ្ងៃព្រហស្បតិ៍បានបញ្ជាក់ដែរថា នេះគឺជាតួលេខបានកើនឡើងជិត​១០០​នាក់​បើ​ប្រៀបធៀបនឹងតួលេខឆ្នាំមុន ហើយជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៧៤មក។

ការសម្លាប់ខ្លួននៅក្នុងប្រទេសជប៉ុន គឺមានជាយូរលុងមកហើយ និងជាវិធីមួយដើម្បីគេចចេញពីសេចក្ដីខ្មាសអៀនឬមិនអាចធ្វើ​អ្វី​ជាកត្តិយស។ ជប៉ុនស្ថិតនៅក្នុងចំណោមប្រទេសទាំង៧ដែលមានអ្នកសម្លាប់ខ្លួនច្រើនបំផុត ប៉ុន្តែការខិតខំថ្នាក់ជាតិរបស់ជប៉ុន បានធ្វើឱ្យការសម្លាប់ខ្លួនធ្លាក់ចុះប្រហែល៤០% និងការធ្លាក់ចុះក្នុងរយៈពេល១០ឆ្នាំជាប់គ្នាចាប់តាំងពីឆ្នាំ២០០៩មក។

អំឡុងពេលមានជំងឺរាតត្បាត ការធ្វើអត្តឃាតបានកើនឡើងនៅឆ្នាំ២០២០ បន្ទាប់ពីការធ្លាក់ចុះអស់មួយទសវត្សរ៍។ ចំនួនស្ត្រីស្លាប់​ដោយសារការធ្វើអត្តឃាត បានកើនឡើងចំពេលមានភាពតានតឹងផ្នែកអារម្មណ៍និងហិរញ្ញវត្ថុដែលបណ្តាលមកពីការរីក​រាល​ដាល​នៃមេរោគឆ្លងកូវីដ ហើយបុរសមានចំនួនកើនឡើងតិចតួចបើធៀបនឹងស្រ្ដី។

ក្រសួងអប់រំជប៉ុនបានបញ្ជាក់ថា សិស្សសាលាជាង១៩៦.១២៧នាក់ បានអវត្តមានពីការសិក្សាក្នុងរយៈពេល៣០ថ្ងៃឬច្រើនជាងនេះ និងជាចំនួនខ្ពស់បំផុតមួយ។ ក្រសួងបន្តថា លទ្ធផលនេះបានបង្ហាញថា ការផ្លាស់ប្តូរបរិយាកាសសាលារៀននិងគ្រួសារដោយសារជំងឺ​រាត​ត្បាតកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់អាកប្បកិរិយារបស់កុមារ៕