រូបភាពផ្ដល់ដោយ លោក រិន ម៉ាត់ណូ

លោក រិន ម៉ាត់ណូ ទើបបញ្ចប់ការសិក្សាផ្នែកច្បាប់នៅសកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច​​ បានបោះបង់ឱកាសស្វែងរកការងារធ្វើតាមជំនាន់ដែលលោកបានសិក្សា ហើយបានបង្កើតមុខរបរចិញ្ចឹមសត្វអូទ្រីសនៅស្រុកកំណើតកាលអំឡុងខែកុម្ភៈឆ្នាំ២០២១នេះ។ យុវជនរូបនេះ ចង់ពង្រីកការចិញ្ចឹមសត្វអូទ្រីសឱ្យកាន់តែធំបន្ថែមទៀត ហើយហាក់មិនចង់វិលទៅរកការងារតាមជំនាញដែលខ្លួនប្រឹងរៀនសូត្រពីសាកលវិទ្យាល័យនោះទេ។

លោក រិន ម៉ាត់ណូ រស់នៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសា ក្រុងកែប ខេត្តកែប បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៥​តុលា​ថា ការចិញ្ចឹមសត្វអូទ្រីសនេះ គឺផ្ដើមចេញពីការស្រលាញ់ ហើយដោយសារមានការជ្រោមជ្រែងពីឪពុកម្ដាយផង លោកបានចាប់ផ្ដើមពង្រីករបរនេះឱ្យកាន់តែធំបន្តិចម្ដងៗ ដោយទិញកូនសត្វអូទ្រីសពីកសិដ្ឋានក្នុងស្រុកខ្លះ និងពីប្រទេសជិតខាងខ្លះមកចិញ្ចឹមបន្ថែម ហើយចប្ចុប្បន្នលោកកំពុងមានសត្វអូទ្រីសប្រមាណ១០០ក្បាល ចិញ្ចឹមនៅលើផ្ទៃដីប្រមាណជាង៣ហិកតា។  

លោកថ្លែងថា៖«ដំបូងឡើយយើងជាលក្ខណៈគ្រួសារទេ ប៉ុន្តែដោយសារយើងស្រលាញ់សត្វអូទ្រីស ដោយសារតែយើងមើលឃើញថា ពង​របស់វា​ គេចូលចិត្តឲ្យស្រីដែលមានផ្ទៃពោះ(បរិភោគ)។ អ៊ីចឹង!ក៏ចាប់ផ្ដើមចិញ្ចឹមលក្ខណៈទ្រង់ទ្រាយធំជាងមុន។ យើងនាំកូនចូលច្រើនជាងមុន យើងចាប់ផ្ដើមមានអ្នកទាក់ទងចង់បាន ហើយក៏ចាប់ផ្ដើមធ្វើអាជីវកម្មតិចៗទៅ»។ 

លោកបន្តថា អូទ្រីសគឺជាសត្វងាយស្រួលចិញ្ចឹម ហើយទីផ្សារមានច្រើន ព្រោះអាចលក់បានទាំង ពង កូន និងសាច់។ យុវជនរូបនេះបន្ថែមថា ភាគច្រើននៃអូទ្រីសរបស់លោក ត្រូវបានគេទិញយកទៅដាក់ចម្ការ ឬផ្ទះ ដើម្បីចិញ្ចឹមកម្សាន្ត ហើយក្នុងមួយក្បាលមានតម្លៃចន្លោះពីជាង២០០ដុល្លារ រីឯពងមានតម្លៃចន្លោះពី២៥ទៅ៣០ដុល្លារ។

លោកថ្លែងដូច្នេះថា៖«ទាក់ទងនឹងការលក់អត់មានជាបញ្ហាទេឲ្យតែមានសត្វលក់ឲ្យគេ អ្វីដែលសំខាន់សត្វយើងមានសុខភាពល្អនៅ​ពេលដែលភ្ញៀវគាត់ទិញទៅគាត់មានទំនប់ចិត្ត»។ 

លោកប្ដេជ្ញាពង្រីកការចញ្ចឹមនេះឲ្យធំជាងនេះទៀត រហូតឈានដល់«កសិទេសចរណ៍» ដែលអាចឲ្យភ្ទេសចរមកលេងកម្សាន្តបាន ពិសេសការបង្កាត់កូន ឬពងដោយខ្លួនឯង។ សត្វអូទ្រីស ដែលមានឈ្មោះវិទ្យាសាស្ត្រថា (Struthio Camelus) គឺជាប្រភេទសត្វដែលរស់នៅ លើវាលខ្សាច់ និងវាលស្មៅដែលមានដើមកំណើតនៅតំបន់ធំៗមួយចំនួននៃទ្វីបអាហ្វ្រិក។  សត្វនេះ មានទម្ងន់ចន្លោះ​ពី​៨០គីឡូទៅជិត១៥០គីឡូ និងមានអាយុ៤០ឆ្នាំទៅ៥០ឆ្នាំ ដែលមានការរស់នៅជាហ្វូង ដោយស៊ីរុក្ខជាតិ និងស៊ីស្មៅជាអាហារ៕