សកម្មភាណកងកម្លាំងខណ្ឌដូនពេញចុះបិទទីតាំងកម្សាន្តកន្លងមក។ រូបភាព៖រដ្ឋបាលខណ្ឌដូនពេញ

កាលពីថ្ងៃទី១៤ តុលា សាលាក្រុងបានចេញវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩រយៈពេល១៤ថ្ងៃបន្ថែមទៀត ដោយគិតចាប់ពីថ្ងៃទី១៥តុលា ដល់ថ្ងៃទី២៨តុលា ដើម្បីប្រយទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

សាលាក្រុងក៏បន្តហាមឃាត់ការប្រមូលផ្គុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី៥០នាក់ លើកលែងតែករណី ការជួបជុំគ្រួសារក្នុងពិធីសាសនាឬពិធីប្រពៃណីផ្សេងៗ ដូចជារៀបចំបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរ ការជួបជុំតាមស្ថាបនសាធារណៈដូចជាការយកសំណាកមកវិភាគរកមេរោគកូវីដ១៩ ការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ ការជួបជុំរបស់អាជ្ញាធរ ការជួបជុំមនុស្សក្នុងអំឡុងពេលនីតិវិធីរបស់មន្ត្រីនរគបាល និងការជួបជុំមនុស្សមានការចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

សេចក្តីសម្រេចដដែលបញ្ជាក់ថា ក្នុងអំឡុងពេលនៃការបន្តចេញវិធានការរដ្ឋបាលនេះ គឺត្រូវបានផ្អាកបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបស់ ឬអាជីវកម្មដែលមានហានិភ័យមានដូចជា គ្រឹះស្ថានកសិក្សាសាធារណៈ និងឯកជន ដែលមិនទាន់មានគោលការណ៍អនុញ្ញាតឱ្យបើកដំណើរការឡើងវិញត្រូវបន្តធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទដូចជា ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ រមណីដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា សូណា និងស្ទឹមគ្រប់ប្រភេទ ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ និងរោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹមហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ៕

សឹម សល់ម៉ា