បុគ្គលិកអ៊ែរវ៉េប្រទេសកាតាម្នាក់ ដើរនៅអាកាសយានដ្ឋានអន្តរជាតិស៊ីដនី។ រូបភាព៖ AFP

អភិបាលរដ្ឋ New South Wales លោក Dominic Perrottet បាននិយាយនៅថ្ងៃសុក្រ១៥តុលានេះថា ទីក្រុងស៊ីដនី នឹងលើកលែងការ​ធ្វើ​ចត្តាឡីស័កចាប់ពីថ្ងៃទី១ខែវិច្ឆិកាខាងមុខនេះ សម្រាប់អ្នកដំណើរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងពេញលេញរួច។ នេះបើតាម​ការចុះផ្សាយដោយសារព័ត៌មាន CNAនៅថ្ងៃទី១៥តុលានេះ។

ប្រទេសអូស្រ្តាលី បានបិទព្រំដែនអន្តរជាតិរបស់ខ្លួន តាំងពីខែមីនាឆ្នាំ២០២០ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាត​ត្បាត​កូវីដ១៩ ដោយអនុញ្ញាតឱ្យចូលស្ទើរតែទាំងស្រុង ចំពោះតែប្រជាពលរដ្ឋនិងអ្នករស់នៅអចិន្ត្រៃយ៍នៅក្នុងប្រទេសខ្លួនប៉ុណ្ណោះ ប៉ុន្តែ​ត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ករយៈពេលពីរសប្តាហ៍នៅសណ្ឋាគារដោយចំណាយផ្ទាល់ខ្លួន។

លោក Perrottet បានប្រាប់អ្នកសារព័ត៌មានថា៖« យើងចង់ឱ្យមានការធ្វើដំណើរត្រឡប់មកវិញ យើងកំពុងដឹកនាំប្រទេសចេញពីការរាតត្បាត។ យើងកំពុងបើកទីក្រុងស៊ីដនី និងញូវសៅវែលទៅកាន់ពិភពលោក»។

រដ្ឋាភិបាលសហព័ទ្ធអូស្រ្ដាលីមានគម្រោងបើកឱ្យមានការធ្វើដំណើរជាអន្តរជាតិជាមួយប្រទេសដែលមានសុវត្ថិភាពឡើងវិញ នៅ​ពេល​អត្រាចាក់វ៉ាក់សាំងពេញលេញបានឈានដល់៨០%។ ការចាក់វ៉ាក់សាំងពេញលេញនៅរដ្ឋញូវសៅវែល ត្រូវបានគេរំពឹងថា នឹង​ឈានដល់៨០%ក្នុងចំណោមប្រជាជនពេញវ័យនៅសប្ដាហ៍នេះ ខណៈតំបន់ដែលសេសសល់នៅក្នុងប្រទេសអូស្រ្ដាលី នឹងត្រូវចំណាយពេល​ជាច្រើនសប្ដាហ៍ទៀត ដើម្បីឈានដល់កម្រិត៨០%នេះ៕