រូបឯកសារ៖ អគារ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​សហប្រជាជាតិ ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង New York សហរដ្ឋអាមេរិក ថត​កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

សហរដ្ឋអាមេរិកត្រៀមត្រឡប់ចូលជាសមាជិករបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិឡើងវិញ បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានដកសហរដ្ឋអាមេរិកចេញ ពីក្រុមប្រឹក្សានេះកាលពីឆ្នាំ ២០១៨ មក។

នៅថ្ងៃព្រហស្បតិ៍នេះ មហាសន្និបាតអង្គការសហប្រជាជាតិ នឹងបោះឆ្នោតជ្រើសរើសសមាជិកថ្មីចំនួន ១៨ ប្រទេសដើម្បីចូលរួមនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សដែលមានសមាជិក ៤៧ ប្រទេសនេះ។

សហរដ្ឋអាមេរិក ស្ថិតក្នុងចំណោមប្រទេសប្រជែងនានាដែលត្រូវការសំឡេងគាំទ្រភាគច្រើនធម្មតាដើម្បីបានក្លាយជាសមាជិករបស់ក្រុមប្រឹក្សានេះ។ ទោះជាយ៉ាងណាក៏ដោយ គេឃើញថានៅក្នុងការបោះឆ្នោតលើកនេះ មិនមានប្រទេសប្រជែងណាមួយដែលប្រឈមនឹងការប្រកួតប្រជែងក្នុងចំណោមក្រុមប្រទេសនៅក្នុងតំបន់របស់ខ្លួននោះឡើយ។

គេឃើញមានប្រទេសផ្សេងៗទៀតដែលស្វះស្វែងចង់ធ្វើជាសមាជិករបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ ដូចជាប្រទេសអាហ្សង់ទីន ឥណ្ឌា លីទុយអានី កាតា និងសូម៉ាលីជាដើម។ ប្រទេសប្រជែងខ្លះ មានភាពចម្រូងចម្រាសជាងប្រទេសប្រជែងផ្សេងទៀត ដោយសារតែប្រវត្តិសិទ្ធិមនុស្សរបស់ខ្លួន។

លោក Louis Charbonneau ប្រធានផ្នែកអង្គការសហប្រជាជាតិនៃអង្គការសិទ្ធិមនុស្ស Human Rights Watch បាននិយាយថា៖ «អវត្តមាននៃការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស [អង្គការសហប្រជាជាតិ] នៅឆ្នាំនេះ ធ្វើឲ្យពាក្យ «បោះឆ្នោត» នេះ ក្លាយជាពាក្យដ៏គួរឲ្យអស់សំណើច»។

លោកបានបន្ថែមថា៖ «ការបោះឆ្នោតជ្រើសរើសប្រទេសរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដូចជាប្រទេសកាមេរូន អេរីត្រេ និងអេមីរ៉ាតអារ៉ាប់រួមជាដើម គឺបានផ្ញើសារដ៏អាក្រក់ថា ប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិមិនមានភាពម៉ឺងម៉ាត់អំពីបេសកកម្មជាមូលដ្ឋានរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅក្នុងការការពារសិទ្ធិមនុស្ស»។

លោក Charbonneau បានជំរុញកុំឲ្យមានការបោះឆ្នោតជ្រើសរើសប្រទេសណាដែលគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

ប្រទេសដែលចូលជាសមាជិករបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនេះត្រូវគេរំពឹងថានឹង «ប្រកាន់ខ្ជាប់តាមបទដ្ឋានខ្ពស់បំផុតនៅក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស» ទាំងនៅក្នុងនិងក្រៅបរទេស៕