បុរសជាប្ដីសម្លាប់ប្រពន្ធដោយប្រើពស់វែក។ រូបភាព៖អ៊ិនធឺណិត

បុរសឥណ្ឌាម្នាក់ដែលលែងពស់វែកឱ្យទៅចិកសម្លាប់ប្រពន្ធ ដើម្បីប្រមូលយកទ្រព្យសម្បត្តិពីគ្រួសារ ត្រូវតុលាការសម្រេចផ្ដន្ទាទោសអស់មួយចំនួន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអង់គ្លេស Daily Mail នៅថ្ងៃទី១៣តុលានេះ៕

លោក Sooraj Kumar អាយុ២៨ឆ្នាំ បានរៀបចំគម្រោងការ យកពស់វែកមានពិស ឱ្យទៅចិកសម្លាប់ប្រពន្ធរបស់ខ្លួនឈ្មោះ Uthra អាយុ២៥ឆ្នាំ និងបានធ្វើឱ្យនាងត្រូវសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យអស់រយៈពេល២ខែ។ ប៉ុន្តែដោយសារគម្រោងការលើក​ទី​១​បរា​ជ័យ អំឡុងពេលប្រពន្ធបានជាសះស្បើយនៅឯផ្ទះឪពុកម្ដាយរបស់នាង ប្ដីរូបនេះដែលទទួលបានពស់វែកពីអ្នកចាប់ពស់ បាន​បោះ​​ពស់ទៅចិកសម្លាប់នាងជាលើកទី២ ខណៈនាងកំពុងដេកលង់លក់។ នេះបើតាមការអះអាងពីតុលាការ។

ការចិកជាលើកទី២បានបណ្ដាលឱ្យប្រពន្ធស្លាប់ ហើយប្ដីត្រូវបានចាប់ខ្លួនតាំងពីឆ្នាំមុន និងត្រូវបានគេចាត់ទុកថា គឺជាករណីដំបូង​ដែលប្រើប្រាស់ពស់វែកជាអាវុធដើម្បីធ្វើឃាតមនុស្សនៅក្នុងប្រទេសឥណ្ឌា។ ទោះជាយ៉ាងណា ប្ដីរូបនេះមិនបានសារភាពនោះទេ ប៉ុន្តែប៉ូលីសបាននិយាយថា នៅក្នុងទូរសព្ទគឺបានរកឃើញថា លោកបានទាក់ទងជាមួយអ្នកចាប់ពស់ ហើយបានមើលវីដេអូពីសត្វពស់តាមអ៊ិនធឺណិត មុនពេលសម្លាប់ប្រពន្ធរបស់ខ្លួន ស្ថិតនៅរដ្ឋ Kerala។

ឪពុកម្តាយរបស់ស្ត្រីរងគ្រោះ បានសង្ស័យលើបុរសជាប្ដីថាជាអ្នកសម្លាប់ប្រពន្ធរបស់ខ្លួន បន្ទាប់ពីបានព្យាយាមគ្រប់គ្រងទ្រព្យសម្បត្តិ​របស់ប្រពន្ធ បន្ទាប់ពីនាងបានស្លាប់។ អាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរ ពាក់ព័ន្ធនឹងថ្លៃបណ្ណាការ រួមទាំងឡានថ្មីមួយគ្រឿង និងប្រាក់៥០ម៉ឺនរូពីឬស្មើនឹង៥.០០០ ផោន។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានបញ្ជាក់ថា ក្រុមគ្រួសាររបស់ Sooraj ត្រូវបានចោទប្រកាន់ពីបទសមគំនិត បន្ទាប់ពីមាសមួយចំនួនរបស់នាង Uthra ត្រូវបានគេរកឃើញកប់នៅក្បែរផ្ទះរបស់ Sooraj ប៉ុន្មានថ្ងៃក្រោយឃាតកម្មរបស់នាង៕