កញ្ញា រិទ្ធ សុវណ្ណដាលីន ជាសិស្សដែលជំនះឧបសគ្គក្នុងការរៀនសរសេរកូដ ខណៈនាងជាសិស្សស្រីតែម្នាក់នៅក្នុងថ្នាក់។ រូបភាព៖ ហ្វេសប៊ុក Sovandalin Rith

សិស្សស្រីម្នាក់មកពីវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ជំនះឧបសគ្គចូលរៀនជំនាញសរសេរកូដ ដើម្បីចង់អភិវឌ្ឍសមភាពយេនឌ័រ ក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា(STEM) បើទោះបីជាមានការជំទាស់ពីឪពុក និងឧបសគ្គជាច្រើនទៀត។ នាង​គឺជាសិស្សស្រីតែម្នាក់នៅក្នុងថ្នាក់រៀនសរសេរកូដនេះ។

កញ្ញា រិទ្ធ សុវណ្ណដាលីន អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៤តុលានេះថា នៅពេលដំបូងចូលរៀនជំនាញនេះ នាងហាក់មានអារម្មណ៍ប្លែកពីគេ ដោយសារនាងគឺជាសិស្សស្រីតែម្នាក់នៅក្នុងថ្នាក់ ប៉ុន្តែនាងមិនខ្វល់នឹងអារម្មណ៍បែបនេះឡើយ ដោយសារមានគំនិតថា ជាមនុស្សដូចគ្នា ហើយការសរសេរកូដក៏មិនមែនធ្វើឡើងសម្រាប់តែមនុស្សប្រុស។

នាងក៏ធ្លាប់ត្រូវបានឪពុករារាំងមិនឱ្យចូលរៀនជំនាញនេះដែរ ប៉ុន្តែដោយសារចិត្តស្រឡាញ់ ស្រ្ដីវ័យក្មេងរូបនេះ ខិតខំព្យាយាមពន្យល់ឪពុក ឱ្យយល់ពីអ្វីជាជំនាញដែលនាងកំពុងសិក្សា។

សិស្សទាំងអស់ដែលជាសមាជិកនៅក្លឹបសិក្សារ STEM។ រូបភាពផ្តល់ដោយកញ្ញា ដាលីន

នាងថា៖« ពីដំបូងមក ខ្ញុំក៏រាងទាស់សម្តីជាមួយឪពុករបស់ខ្ញុំដែរ ដែលគាត់មិនសូវគាំទ្រខ្ញុំប៉ុន្មានទេនៅលើវិស័យ STEM ហ្នឹង ក៏ដូចជាការសរសេរកូដដែរ ដោយគាត់គិតថា វាត្រូវការពេលច្រើនក្នុងការរៀន​ ហើយឈឺក្បាលអ៊ីចឹង។ គាត់មិនសូវលើកទឹកចិត្តអ្វីប៉ុន្មានទេ ប៉ុន្តែនៅពេលដែលខ្ញុំជំនះ ដោយសារមនុស្សខ្ញុំ នៅពេលដែលចង់ធ្វើអ្វីហើយ គឺខ្ញុំចង់ធ្វើវាឱ្យបាន មិនមែនធ្វើលេងៗទេ ទើបខ្ញុំពន្យល់ប្រាប់គាត់(ឪពុក)វិញ ថាវាមិនមែនដូចជាអ្វីដែលគាត់គិតនោះទេ រៀនជំនាញណាក៏ដូចតែគ្នា គឺសុទ្ធតែពិបាកទាំងអស់ សំខាន់គឺលើការដែលយើងខំប្រឹងហ្នឹង»។

កញ្ញា ដាលីន បានចូលរៀនជំនាញនេះតាំងពីរៀននៅថ្នាក់ទី១០។​ នៅពេលចូលរៀនដំបូង នាងក៏ប្រឈមនឹងផ្នត់គំនិតសិស្សប្រុស ដែលគិតថាសិស្សស្រីមិនគួររៀនជំនាញនេះ រួមទាំងមិនសូវមានឱកាសក្នុងការបញ្ចេញមតិ ក៏ធ្លាប់ធ្វើឱ្យនាងធ្លាប់មានចិត្តចង់បោះបង់ជំនាញវិញ។ ប៉ុន្តែក្រោយពីមានការលើកទឹកចិត្តពីគ្រូបង្រៀនមួយចំនួន ទើបនាងអាចរក្សាជំហរបានមកដល់បច្ចុប្បន្ន និងបានបង្កើតជាក្លឹបសិក្សាមួយដែលអាចកៀរគរសិស្សស្រីមកចួលរួមបានច្រើន។

ស្របពេលសិស្សស្រីៗជាច្រើននៅកម្ពុជាហាក់មិនសូវចាប់អារម្មណ៍លើជំនាញនេះ ខណៈពួកគេភាគច្រើនរើសយកជំនាញផ្សេងៗដូចជា គ្រូបង្រៀន គ្រូពេទ្យ ឬក៏ជំនាញរដ្ឋបាលសាធារណៈជាដើម កញ្ញា ដាលីន ថាខ្លួនជ្រើសរើសផ្លូវដើរខុសពីគេ មិនមែនមានន័យថា នាងជ្រើសរើសផ្លូវខុសនោះទេ។

កញ្ញាបន្ថែមថា៖« ខ្ញុំគិតថាមិនមែនការធ្វើខុសគេនេះ គឺដើរផ្លូវខុសនោះទេ ពេលខ្លះមនុស្សយើងអាចជ្រើសរើសផ្លូវដើររៀងៗខ្លួនបាន។ ចំពោះខ្ញុំក៏ដូចគ្នាដែរ ខ្ញុំខុសគេមែន​ ប៉ុន្តែខ្ញុំមានគោលដៅខ្ញុំច្បាស់លាស់ ហើយខ្ញុំចាប់អារម្មណ៍ទៅលើបច្ចេកវិទ្យានេះគឺមានតាំងពីខ្ញុំនៅក្មេង ក៏ដូចជាការប្រើប្រាស់កម្មវិធីទូរសព្ទមួយចំនួនសព្វថ្ងៃនេះ វាបានជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ខ្ញុំបានច្រើនមែនទែន»។

តាមរយៈការសិក្សាជំនាញនេះនៅក្នុងកម្មវិធីសិក្សា STEM កញ្ញាធ្លាប់បានចូលរួមជាមួយមិត្តភក្តិបង្កើតកម្មវិធីមួយ ដែលជួយស្វែងរកព័ត៌មានអាហាររូបករណ៍ផ្សេងៗសម្រាប់សិស្សវិទ្យាល័យ យកទៅដាក់ប្រកួត ដែលកម្មវិធីរបស់ក្រុមនាង ជាប់បានត្រឹមក្នុងដំណាក់កាលទីមួយ។

ប៉ុន្តែនៅពេលថ្មីៗនេះ នាងនិងមិត្តភក្តិបានកំពុងដាក់ប្រកួតប្រជែងគម្រោងមួយ ដែលជាឧបករណ៍ជួយសន្សំសំចៃថាមពលអគ្គិសនី នៅក្នុងកម្មវិធីប្រកួត World Robotic Olympiad (WRO)។ គម្រោងនេះទាមទារឱ្យមានការប្រកួតប្រជែងរវាងសិស្សនៅក្នុងស្រុក ដើម្បីរកក្រុមដែលឈ្នះទៅប្រកួតជាលក្ខណៈពិភពលោក។​ លទ្ធផលនៃការប្រកាសនៃកម្មវិធីនេះ គឺនឹងប្រកាសនៅថ្ងៃទី ១៦តុលាខាងមុខនេះ។

ក្នុងនាមជាក្មេងស្រីមួយរូបដែលជំនះពីផ្នត់គំនិតដែលថាស្រ្តីមិនអាចធ្វើការងារដូចបុរសបាន​ កញ្ញាលើកទឹកចិត្តឱ្យក្មេងស្រីដទៃទៀតបានរៀនជំនាញនេះ ត្រូវមានទំនុកចិត្តលើខ្លួនឯង និងមិនត្រូវយកគំនិតចាស់គំរិលយកមកធ្វើជាឧបសគ្គរារាំងក្តីស្រម៉ៃរបស់ខ្លួនឯងឡើយ៕