លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មថតរូបជាមួយនិស្សិតត្រៀមចេញទៅសិក្សាកសិកម្មនៅប្រទេសអ៊ីស្រាអែល។ រូបភាព៖ ហ្វេសប៊ុកលោក វេង សាខុន។

នៅថ្ងៃទី ១៣តុលានេះ រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន បានជួបសំណេះសំណាលផ្ទាល់ជាមួយនិសិ្សតចំនួន១០នាក់ តំណាងឱ្យនិសិ្សតចំនួន ២០០នាក់មកពីសាលកវិទ្យាល័យភូមិន្ទកសិកម្ម នៅទីស្តីការក្រសួង មុនពួកគេចេញដំណើរទៅធ្វើកម្មសិក្សារយ:ពេល១១ខែសម្រាប់ឆ្នាំសិក្សា២០២១-២០២២ ជំនាន់ទី១៤ នៅប្រទេសអ៊ីស្រាអែល។

ការបញ្ជូននិស្សិតកសិកម្មទៅធ្វើកម្មសិក្សានេះ ធ្វើឡើងជាមួយក្រុមហ៊ុន Agrostudie​ ដែលបានផ្តល់ឱកាសឲ្យនិស្សិតឆ្នាំទី៣ បានទៅចូលរួមធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែលដើម្បីដកស្រង់ ផ្លាស់ប្តូរបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងថ្នាក់ ក្នុងមន្ទីរពិសោធន៍ និងនៅកសិដ្ឋានផ្ទាល់។ ក្រុមហ៊ុន Agrostudies បានផ្តល់ឱកាសដល់និស្សិតកម្ពុជាទៅធ្វើកម្មសិក្សារៀងរាល់ឆ្នាំ ដែលចំនួននិស្សិតមានការកើនឡើងជាបន្តបន្ទាប់ពីចំនួន៨នាក់នៅឆ្នាំចាប់ផ្តើម២០០៨ ដល់ ២០០នាក់ នៅក្នុងឆ្នាំ២០២១នេះ។

លោក វេង សាខុន បានលើកឡើងនៅក្នុងជំនួបនេះថា ស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ កម្ពុជាកំពុងពង្រីកតួនាទីរបស់ខ្លួនដើម្បីចូលរួមឲ្យកាន់តែប្រសើរទាន់ពេល និងមានប្រសិទ្ធភាពក្នុងការធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ កំណើនប្រាក់ចំណូល ទិសដៅនាំចេញ និងជាពិសេសឲ្យស្របទៅតាមបរិបទនៃកំណើនសេដ្ឋកិច្ចជាតិ កំណើនប្រជាជន និងនិន្នាការនៃសេចក្តីត្រូវការផលិតផលកសិកម្មប្រកបដោយគុណភាពនៅលើទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស។

លោកមានប្រសាសន៍ថា៖« និស្សិតហាត់ការទាំងអស់នឹងទទួលបានឱកាសល្អសម្រាប់អភិវឌ្ឍសមត្ថភាពខ្លួនតាមរយ:ការសិក្សាទ្រឹស្តី និងហាត់ការផ្ទាល់នៅក្នុងមន្ទីរពិសោធន៍ រោងចក្រកែច្នៃ ចម្ការបន្លែ ផ្លែឈើ និងពូជដំណាំ ថ្នាលពិសោធន៍ និងកសិដ្ឋានទំនើបៗដែលពាក់ព័ន្ធនឹងវិស័យកសិកម្មតែម្តង»។ 

លើសពីនេះលោក បានផ្តាំផ្ញើរទៅដល់និស្សិតទាំងអស់ ឱ្យខិតខំរៀនសូត្រទាំងទ្រឹស្តី និងប្រតិបត្តិ ចែករំលែកបទពិសោធន៍ ប្រកាន់ខ្ជាប់នូវក្បួនច្បាប់ វិន័យ សីលធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ត្រូវមានអំណត់ អត់ធន់ដើម្បីអភិវឌ្ឍន៍ និងកសាងខ្លួនឯងឲ្យក្លាយជានិស្សិតឆ្នើម និងមានតម្លៃ រួចបំពេញប្រយោជន៍ឲ្យខ្លួនឯង ជាពិសេសសង្គមជាតិក្រោយពីត្រឡប់មកមាតុភូមិវិញ។ 

ចាប់តាំងពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០២១នេះ កម្ពុជាបានបញ្ចូននិស្សិតទៅធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែលបានចំនួន ១៤ជំនាន់ហើយ ដែលមាននិស្សិតសរុបចំនួន ១៤៩៧នាក់។ ដោយឡែកនិសិ្សតចំនួន ២០០នាក់ដែលនឹងត្រូវធ្វើដំណើរទៅនាពេលខាងមុខនេះ មាន ១៦៥នាក់(ស្រី ៦៦នាក់) ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មកំពង់ចាមចំនួន ១៨នាក់ សាកលវិទ្យាល័យស្វាយរៀងចំនួន ១១នាក់ (នារី៤) និងសាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំចំនួន ៦នាក់៕