អភិបាលខេត្តបាត់ដំបងចុះពិនិត្យស្ថានភាពមៀនប៉ៃលិនកន្លងមក។ រូបភាព៖ ហ្វេសប៊ុក ឡេង ណាវ៉ាត្រា
សូមស្តាប់បទយកការណ៍ជាសំឡេងនៅទីនេះ។

ផ្លែមៀនប៉ៃលិនជាង៥០០តោនរបស់កសិករនៅខេត្តបាត់ដំបង កំពុងប្រឈមជ្រុះចោល ដោយសារគ្មានទីផ្សារសម្រាប់លក់ចេញ ខណៈប្រទេសថៃបានសម្រេចបិទព្រំដែនជាថ្មីម្ដងទៀត។ ក្រុមកសិករបានលើកឡើងថា ទីផ្សារក្នុងស្រុក អាចជួយទិញផ្លែមៀនប៉ៃលិនពីពួកគាត់ ក្នុងចំនួនតិចតួចប៉ុណ្ណោះ និងកំពុងធ្វើឱ្យដាំផ្លែមៀនម្នាក់ៗ ប្រឈមការខាតបង់ប្រាក់អស់រាប់ម៉ឺនដុល្លារ។

លោក យ៉ឹម ប៊ុនធឿន អាយុ៣៩ឆ្នាំ ជាកសិករដាំមៀនប៉ៃលិនចំនួន១៥ហិកតា នៅស្រុកកំរៀងខេត្តបាត់ដំបង់ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៣ តុលានេះថា ទីផ្សារផ្លែមៀនប៉ៃលិនបានជួបប្រទះការលំបាក ក្រោយពីប្រទេសថៃសម្រេចបិទច្រកព្រំដែនសារជាថ្មីម្ដងទៀត ចាត់តាំងពីថ្ងៃទី១តុលាមក។ លោកបន្តថា នៅពេលពលរដ្ឋនាំគ្នាចេញតវ៉ានៅមុខច្រកព្រំដែនអន្តរជាតិឡែមកាលពីខែសីហាកន្លងមក ដើម្បីទាមទារឱ្យភាគីថៃបើកព្រំដែនវិញ គឺមកដល់ខែកញ្ញា ប្រទេសថៃ បានបើកឱ្យនាំចូលផ្លៃមៀនបានរយៈពេល១សប្តាហ៍ប៉ុណ្ណោះ ក្រោយមកក៏បានសម្រេចបិទព្រំដែនវិញ។

លោកថ្លែងដូច្នេះថា៖«ឥឡូវខាងថៃគេបិទ ច្រកដែលយើងធ្លាប់ចេញគេបិទទៀតហើយ តែពេលអ៊ីចឹង យើងវាពិបាកក្នុងការលក់ដូរ ហើយមៀនក៏ទុំច្រើន។ គេយកលេសដោះដូរទាហាន ពីមុនខាងមុខ(ច្រក)ហ្នឹងប៉ូលីស តែពេលដូរដាក់ទាហានវិញ គេអត់ទាន់សម្រេចពីមេខាងថៃវិញ»។

កសិកររូបនេះបន្ថែមថា ក្រៅពីទីផ្សារលក់ឱ្យទៅថៃ ក៏មានទីផ្សារនៅក្នុងស្រុកដែរ ដូចជាការលក់ទៅខេត្តកំពង់ចាម និងខេត្តរតនគិរី ប៉ុន្តែអាចលក់បានក្នុងចំនួនតិចតួច និងមានតម្លៃថោក ដោយមួយកន្លែងទទួលទិញតែ៣តោនប៉ុណ្ណោះ ខណៈក្នុងមួយថ្ងៃ ពួកលោកត្រូវបេះពី៥០ទៅ១០០តោន ដែលជាហេតុធ្វើឱ្យផ្លែមៀនប្រឈមជ្រុះចោល។

លោកថ្លែងទៀតថា៖«ទូទាត់ហើយដូចជាមិនបានប៉ុន្មានទេ នៅសល់១គីឡូ១០០០រៀល ថ្លៃបេះ ថ្លែដឹកជញ្ជូន ការវេចខ្ចាប់។ ទៅថៃយើងបានជាង២០បាត ឬជិត៣០០០ពាន់រៀល»។

លោកបន្ថែមថា កន្លងមក ក្រុមការងាររបស់សម្តេច ហ៊ុន សែន ដែលបានចុះជួយទិញមៀនប៉ៃលិនពីកសិករនោះ គឺមិនបានជួយទិញក្នុងចំនួនច្រើនឡើយ។

ចំណែកលោក ហេង វណ្ណា កសិករដាំផ្លែមៀនប៉ៃលិនចំនួនជាង២០ហិកតា បានឱ្យដឹងដែរថា ការពិបាកក្នុងការលក់មៀនទៅថៃ ហើយមិនសូវមានទីផ្សារនៅក្នុងស្រុក បានធ្វើឱ្យលោកមានការព្រួយបារម្ភជាខ្លាំង ដោយសារផ្លែមៀនកំពុងទុំប៉ុន្តែមិនអាចបេះយកទៅលក់ សម្រាប់យកប្រាក់សងទៅលុយធនាគារ។ លោកបញ្ជាក់ថា លោកបានខ្ចីលុយធនាគារជិត១០ម៉ឺនដុល្លារសម្រាប់ដាំមៀន ហើយឆ្នាំនេះ លោកត្រូវប្រឈមខាតបង់ប្រាក់ប្រហែល៣ម៉ឺនដុល្លារ។

លោកថ្លែងដូច្នេះថា៖«ប្រឈមៗច្រើន ប៉ះពាល់ ណាមួយជំពាក់លុយធនាគារអីទៅ បារម្ភគ្មានលុយឱ្យគេ មានតែលក់ដីសងគេ។ ធនាគារដូចជាមិនអាចពន្យារពេល(បង់) ព្រោះដល់ថ្ងៃត្រូវសងគេ មានតែខ្ចីបងប្អូន បើទីផ្សារមៀនអ៊ី​ចឹង»។

ចំណែកលោក សួន ជុំ ឈ្មួញប្រមូលទិញមៀនប៉ៃលិនពីកសិករបានប្រាប់ដែរថា ផ្លែមៀនចំនួនជាង៥០០តោនកំពុងប្រឈមខូចខាត និងជ្រុះចោល ក្រោយមានបញ្ហាមិនអាចនាំចូលទៅថៃសារជាថ្មី ខណៈកសិករក៏ពិបាករកឈ្មួញទិញក្នុងស្រុកដែរ ហើយយុទ្ធនាការប្រមូលទិញរបស់ក្រុមការងារសម្តេច ហ៊ុន សែន បានផ្អាកតាំងពីថ្ងៃទី១៣ ខែកញ្ញា។ លោកបន្តថា បើថៃនៅតែបន្តមិនបើកទទួលទិញមៀនពីកសិករខ្មែរទេ នោះផ្លែមៀននឹងទុំជ្រុះចោលកាន់តែច្រើននៅខែវិច្ឆិកានិងខែធ្នូ។

លោកថ្លែងដូច្នេះថា៖«ប្រហែលកន្លះខែមកហើយថៃបិទទៀត យុទ្ធនាការក៏ផ្អាកតាំងពីថ្ងៃទី១៣ ខែកញ្ញា ហើយនៅសល់តែឈ្មួញធម្មតាតាមទម្លាប់គាត់ទិញលក់តាមខេត្ត។ អ៊ីចឹង!ចេះតែកក(ស្ទះ)ខូចច្រើនមែនទែន»។

លោកបន្តថា ចាប់តាំងពីកកស្ទះដើមខែតុលាមក ពុំទាន់មានមន្ត្រីណាចុះសួរនាំ និងរកដំណោះស្រាយជូននោះទេ ទោះបីគាត់បានរាយការណ៍ទៅមន្ទីរកសិកររុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងក៏ដោយ។

ជុំវិញបញ្ហាកកស្ទះមៀនប៉ៃលិន សារព័ត៌មានខ្មែរណាស់បានព្យាយាមទាក់ទងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មតាមរយៈប្រព័ន្ធតេឡេក្រាម ប៉ុន្តែពុំមានការឆ្លើយតប។ ចំណែក លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបានប្រាប់ថា បច្ចុប្បន្នមៀនប៉ៃលិនពុំទាន់មានបញ្ហាទីផ្សារនោះទេ ប៉ុន្តែបើមានក៏មានចំនួនតិចតួចប៉ុណ្ណោះ។

លោកថា៖«វាមានៗតិចតួច មិនអាចស្ទះលក់អត់ចេញនោះទេ។ ប៉ុន្តែទន្ទឹមនេះ ក្នុងនាមជារដ្ឋាភិបាលកំពុងជំរុញក្នុងក្របខណ្ឌបចេ្ចកទេស រៀបចំតម្រង់ទិសពូកគាត់ធ្វើយ៉ាងណាឱ្យប្រើប្រាស់បច្ចេកទេសបានត្រឹមត្រូវ ដើម្បីឱ្យប្រទេសដាក់លក្ខខណ្ឌតម្រូវគេទទួលយកបាន ទៅលើគុណភាពសុវត្ថិភាព ចំណីអាហារហ្នឹង ដើម្បីនាំចូលទៅប្រទេសគេ»។

កន្លងមកកម្ពុជាក៏បានដាក់លិខិតស្នើសុំនាំចេញផ្លែមៀនទៅប្រទេសចិន ប៉ុន្តែការចរចារនេះ ក៏មិនទាន់សម្រេចគ្នានៅ​ឡើយ ព្រោះភាគីចិនកំពុងធ្វើការវិភាគហានិភ័យសមាសភាពចង្រៃស្របតាមវិធានបច្ចេកទេស និងបទដ្ឋានគតិយុត្តរបស់ប្រទេសចិន។

កាលពីថ្ងៃទី៣០សីហា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងនៅក្នុងគណនីហ្វេសប៊ុករបស់លោកថា លក្ខខណ្ឌបំពេញតម្រូវភូតគាមអនាម័យ ដើម្បីអាចនាំចូលផ្លែមៀនទៅទីផ្សារប្រទេសចិន គឺកម្ពុជាទើបសម្រេចបាន២ដំណាក់កាលប៉ុណ្ណោះ និងនៅសល់៥ដំណាក់កាលទៀត។

លោក វេង សាខុន បានបញ្ជាក់ថា ដំណាក់កាលដែលទើបសម្រេចបាននោះ មានដូចជាដំណាក់កកាលស្នើរសុំបើកទីផ្សារ និងដំណាក់កាលវាយតម្លៃហានិភ័យសមាសភាពចង្រៃ។ ចំណែកដំណាក់កាលនៅសល់ មានដូចជាការចុះត្រួតពិនិត្យខ្សែច្រវ៉ាក់ផលិតកម្ម ការរៀបចំសេចក្តីសម្រេចពិធីសារ ការចុះហត្ថលេខា ការបំពេញលក្ខខណ្ឌតម្រូវដូចមានចែងនៅក្នុងពិធីសារ ការចុះត្រួតពិនិត្យមើលលទ្ធផលនៃការបំពេញលក្ខខណ្ឌតម្រូវ និងដំណាក់កាលសម្រេចចិត្តបើកទីផ្សារ៕