រូបភាពជ្រូករបស់ពលរដ្ឋបានធ្វើការបង្ហោះលក់នៅតាមបណ្តាញសង្គមហ្វេសប៊ុក។ រូបភាព៖ ហ្វេសប៊ុក

អ្នកចិញ្ចឹមជ្រូកមួយចំនួន បាននាំគ្នាងាកមកចិញ្ចឹមជ្រូកយកកូនលក់វិញ​ម្ដង ខណៈការចិញ្ចឹមយកសាច់លក់កំពុងប្រឈមការខាត់បង់កាន់តែខ្លាំង ដោយសារតម្លៃទីផ្សារជ្រូកសាច់ក្នុងស្រុកបន្តធ្លាក់ថ្លៃនិងពិបាកលក់ចេញ រីឯតម្លៃចំណី និងកន្ទក់ បែរជាឡើងថ្លៃបន្តបន្ទាប់អំឡុងពេលផ្ទុះជំងឺកូវីដ១៩នេះ។

លោកស្រី សុខ សុភាព អាយុ៥៥ឆ្នាំ អ្នកចិញ្ចឹមជ្រូកម្នាក់នៅក្នុងកំពត បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៣តុលានេះថា តាំងពីតម្លៃជ្រូកធ្លាក់ថ្លៃមក លោកស្រីចាប់ផ្តើមចិញ្ចឹមកូនជ្រូកលក់វិញម្ដង ខណៈទីផ្សារកូនជ្រូកលក់បានតម្លៃថ្លៃ និងមិនត្រូវចំណាយដើមទុនច្រើន។

លោកស្រីថា៖« លក់កូនឱ្យគេ វាមិនសូវអស់ចំណីច្រើន។​ កាល(ជ្រូកសាច់)នៅមួយគីឡូ ១៥០០០រៀល។ ខ្ញុំលក់(កូនជ្រូក)​បានមួយក្បាល ៤២ម៉ឺនរៀល តែឥឡូវលក់បានតែ ៤០ម៉ឺនទេ។ ក្នុងមេមួយក្បាលអាចមានកូន ៨ទៅ ១១ក្បាល​»។

កសិកររូបនេះបញ្ជាក់ថា បច្ចុប្បន្ន តម្លៃទីផ្សារសាច់ជ្រូកនៅក្នុងខេត្ត បន្តធ្លាក់មកដល់១២០០០រៀលក្នុងមួយគីឡូក្រាម។

លោកស្រី រ៉េន ធារ៉ា អ្នកចិញ្ចឹមជ្រូកម្នាក់នៅក្នុងខេត្តត្បូងឃ្មុំ ក៏បានលើកឡើងស្រដៀងគ្នាថា តម្លៃសាច់ជ្រូកនៅក្នុងខេត្តលោកស្រីមានតម្លៃចន្លោះពី១ម៉ឺន​ទៅ១២០០០រៀល និងកំពុងធ្វើឱ្យក្រុមអ្នកចិញ្ចឹម មិនសូវចំណេញ នៅពេលដែលចំណី​ និងកន្ទក់កំពុងឡើងថ្លៃខ្លាំងពេកបែបនេះ។

លោកស្រីថា៖« ពីមុន(ចំណី) ១ការ៉ុង តែ១០ម៉ឺនរៀល តែឥឡូវក្នុងមួយការ៉ុងជិត ១២ម៉ឺន ហើយកន្ទក់ធ្លាប់តែមួយគីឡូ៥០០រៀល ឥឡូវឡើងដល់មួយគីឡូ១ពាន់រៀល និង ១២០០រៀលសម្រាប់កន្ទក់ម៉ត់»។

លោកស្រីអាចនឹងឈប់ចិញ្ចឹមជ្រូកសាច់ និងងាកមកចិញ្ចឹមតែកូនសម្រាប់លក់ ប្រសិនបើចំណីនៅតែបន្តឡើងថ្លៃ។

ចំណែកលោក ឌឹម យឿន អ្នកចិញ្ចឹមជ្រូកសាច់នៅក្នុងខេត្តស្វាយរៀងបានអះអាងដែរថា នៅពេលជ្រូកចិញ្ចឹមយកសាច់លក់ មានតម្លៃ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម​ បានធ្វើឱ្យលោកមិនបានចំណេញឡើយ ដោយសារជ្រូកកូនទិញចូលក្នុងមួយក្បាលមានតម្លៃជាង៤០ម៉ឺនរៀល បូករួមជាមួយចំណីឡើងថ្លៃ។

ជាមួយគ្នានេះ លោក ស្រ៊ុន ពៅ ប្រធានសហគមន៍អ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹងថា ក្រោយពីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ទៅ តម្លៃជ្រូកក្នុងស្រុកហាក់ងើបបានបន្តិចប្រមាណ ៥០០រៀលក្នុងមួយគីឡូ។

លោកថ្លែងថា៖« បើយើងមិនបាច់ថាបានច្រើនទេ ឱ្យតែបានមួយគីឡូពី ១១០០០ ទៅ ១២០០០រៀល គឺកសិករ និងក្រុមហ៊ុនកសិដ្ឋានក្នុងស្រុកទាំងអស់ទទួលយកបានហើយ មិនបាច់ខ្ពស់ជាងហ្នឹងទៀតទេ»។

លោកថា បច្ចុប្បន្នចំណីជ្រូកគឺមានការឡើងថ្លៃជាបន្តបន្ទាប់ នឹងអាចឡើងខ្ពស់ជាងហ្នឹងទៅទៀត ដោយសារតែការដឹកជញ្ជូនឡើងថ្លៃ និងការនាំចូលមានការប៉ះពាល់ដោយសារបញ្ហាកូវីដ ដែលការឡើងថ្លៃទាំងនេះធ្វើឱ្យអ្នកចិញ្ចឹមជាច្រើនប្រឈមមុខនឹងការខាតបង់។

យោងតាមការប្រកាសរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទកន្លងមក កម្ពុជាមានក្រុមហ៊ុនចំនួន​ ៦ ​ ដែលទទួលបានគោលការណ៍នាំជ្រូករស់ចូលមកកម្ពុជា និងមានក្រុមចំនួន៤ទៀត ទទួលបានគោលការណ៍សម្រាប់នាំជ្រូកឆ្លងកាត់ប្រទេស។ ក្រសួងបន្តថា តម្លៃជ្រូកសាច់នាំចូលបានលក់ថោកជាងចន្លោះពី១០០រៀលទៅ២០០រៀល ក្នុងមួយគីឡូក្រាម ពីជ្រូកសាច់រស់ក្នុងស្រុក ខណៈតម្លៃសាច់ជ្រូកនៅលើទីផ្សារបានប្រែប្រួលចន្លោះ ពី២៣៥០០រៀលទៅ២៦៣០០រៀល៕