រូបឯកសារ៖ ពលរដ្ឋ​អាហ្វហ្គានីស្ថាន​តម្រង់​ជួរ​នៅ​ខាង​ក្រៅ​ធនាគារ​ដើម្បី​ដក​ប្រាក់​ បន្ទាប់​ពី​ពួកតាលីបង់​ចូល​កាន់កាប់​ទីក្រុង​កាប៊ុល​ អាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។ (Reuters)

អគ្គលេខាធិការអង្គការសហប្រជាជាតិលោកAntonio Guterresបានអំពាវនាវកាលពីថ្ងៃចន្ទឲ្យមានការគាំទ្រពីអន្តរជាតិជាបន្ទាន់ដើម្បីបង្ការកុំឲ្យសេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថានដួលរលំ ស្របពេលក្រុមប្រទេសG-20កំពុងពិភាក្សាគ្នាអំពីស្ថានភាពនៅក្នុងប្រទេសនេះនៅថ្ងៃអង្គារនេះ។

លោកGuterresបានប្រាប់អ្នកសារព័ត៌មាននៅឯការិយាល័យកណ្ដាលរបស់អង្គការសហប្រជាជាតិថា៖«នេះគឺជាដំណាក់កាលបរាជ័យឬក៏ជោគជ័យ»។

លោកបាននិយាយថា ខណៈអង្គការសហប្រជាជាតិកំពុងធ្វើការដើម្បីជួយប្រជាពលរដ្ឋអាហ្វហ្គានីស្ថានចំនួន ១៨ លាននាក់ដែលត្រូវការជំនួយមនុស្សធម៌ ការធ្វើដូច្នេះនឹងមិនគ្រប់គ្រាន់ដើម្បីបង្ការកុំឲ្យមានវិបត្តិធំជាងនេះនោះឡើយ ប្រសិនបើសេដ្ឋកិច្ចរបស់អាហ្វហ្គានីស្ថានបរាជ័យ។

លោកបញ្ជាក់ដូច្នេះថា៖«ខ្ញុំជំរុញពិភពលោកឲ្យចាត់វិធានការនិងបញ្ចូលសាច់ប្រាក់ទៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីបញ្ចៀសកុំឲ្យមានការដួលរលំ»។

លោកGuterresបានលើកឡើងបន្តថា សហគមន៍អន្តរជាតិកំពុងចាត់វិធានការយឺតយ៉ាវលើបញ្ហានេះ និងថា គេអាចបញ្ចូលសាច់ប្រាក់ទៅក្នុងសេដ្ឋកិច្ចអាហ្វហ្គានីស្ថានបានដោយមិនមានការរំលោភលើច្បាប់អន្តរជាតិឬគោលការណ៍សម្របសម្រួលនោះឡើយ ដោយអាចធ្វើបានតាមរយៈអង្គការក្រៅរដ្ឋាភិបាលនិងអង្គការសហប្រជាជាតិ ដែលអាចរំលងផុតក្រុមតាលីបង់(Taliban)បាន។

លោកបានមានប្រសាសន៍ថា៖«រឿងមួយសម្រាប់ខ្ញុំគឺច្បាស់ណាស់ថា ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានមិនអាចទទួលរងនូវទណ្ឌកម្មរួម ព្រោះតែក្រុមតាលីបង់ប្រព្រឹត្តខុសនោះទេ។ មនុស្សមិនគួរស្លាប់ដោយសារការអត់ឃ្លាននោះឡើយទោះក្នុងកាលៈទេសៈណាក៏ដោយ»៕