ប្រធានាធិបតី​ចិន​លោកXi Jinping ថ្លែង​នៅ​​ខួបទី១១០​នៃ​បដិវត្តន៍ Xinhai នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​កាលពី​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១។ (Reuters)

ប្រទេសចិនកាលពីថ្ងៃអង្គារបានសន្យាដាក់បញ្ចូលប្រាក់ចំនួន២៣៣លានដុល្លារនៅក្នុងថវិកាថ្មីដើម្បីការពារជីវៈចម្រុះនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងអំឡុងនៃសន្និសីទកំពូលស្តីពីការអភិរក្សជីវៈចម្រុះរបស់អង្គការសហប្រជាជាតិ បើទោះបីជាមានការខ្វែងគំនិតគ្នាក្នុងចំណោមម្ចាស់ជំនួយសំខាន់ៗស្តីពីកិច្ចផ្តួចផ្តើមនេះក៏ដោយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានAFP។

ចិនដែលជាប្រទេសបញ្ចេញឧស្ម័នកខ្វក់ធំជាងគេបំផុតនៅក្នុងពិភពលោក បានស្វះស្វែងដើរតួនាទីដ៏សំខាន់មួយនៅលើឆាកអន្តរជាតិស្តីពីការអភិរក្សជីវៈចម្រុះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗចុងក្រោយនេះ។

ការសន្យាបស់ចិន កើតមានឡើង នៅពេលដែលប្រតិភូមកពីប្រទេសប្រមាណ១៩៥បានជួបប្រជុំគ្នានៅក្នុងទីក្រុងKunmingភាគខាងត្បូងប្រទេសចិនដែលជាកិច្ចប្រជុំកំពូលមាន២ផ្នែកលើកដំបូងស្តីពីការការពារព្រៃឈើ សត្វនិងប្រព័ន្ធបរិស្ថាន។

សន្និសីទកំពូលនេះ មានបំណងបង្កើតនូវកិច្ចព្រមព្រៀងថ្មីមួយដើម្បីដាក់ចេញនូវទិសដៅសកម្មភាពរបស់ខ្លួនសម្រាប់ឆ្នាំ២០៣០និងឆ្នាំ២០៥០។

ប្រធានាធិបតីចិនលោកXi Jinpingបានថ្លែងសុន្ទរកថាតាមប្រព័ន្ធអនឡាញនៅក្នុងកិច្ចប្រជុំកំពូលCOP15នោះថា«ចិននឹងដឹកនាំនៅក្នុងការបង្កើតថវិកាសម្រាប់ការពារជីវៈចម្រុះក្នុងកិច្ចប្រជុំទីក្រុងKunmingដោយមានការរួមវិភាគទានជាទឹកប្រាក់ចំនួន២៣៣លានដុល្លារ ដើម្បីគាំទ្រនូវបុព្វហេតុអភិរក្សជីវៈចម្រុះនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ប្រទេសចិនអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ ចូលរួមផ្តល់វិភាគទានថវិកា»។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntonio Guterresបានព្រមានថា ប្រទេសក្រីក្របំផុតនៅក្នុងពិភពលោក នឹងរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារការបាត់បង់នូវជីវៈ ចម្រុះ៕