គ្រូបង្រៀនឈ្មោះ Heiry Calvi ដែលជាប់ចោទបានរួមភេទជាមួយកូនសិស្ស។ រូបភាពដកស្រង់ចេញពីអ៊ិនធឺណិត។

គ្រូបង្រៀនម្នាក់នៅរដ្ឋ Florida សហរដ្ឋអាមេរិក ដែលត្រូវបានគេចោទពីបទបានរួមភេទជាមួយកូនសិស្ស១៥ឆ្នាំ គឺបច្ចុប្បន្នកំពុងមានផ្ទៃពោះ ប៉ុន្តែនាងបានបដិសេធមិនបញ្ជាក់ថា ឪពុករបស់ទារកនៅក្នុងផ្ទៃនោះ ជាអ្នកណាឡើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន New York Post។

អ្នកគ្រូឈ្មោះ Heiry Calvi អាយុ៤១ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ពីបទមានទំនាក់ទំនងមិនសមរម្យជាមួយកូន​សិស្សប្រុសរបស់នាង ដែលកំពុងសិក្សានៅវិទ្យាល័យមួយ។ បន្ទាប់ពីត្រូវបានឃុំឃាំង នាងបានប្រាប់ប៉ូលិសថា នាងកំពុងមានផ្ទៃពោះ ប៉ុន្តែនាងបានបដិសេធបង្ហាញអត្តសញ្ញាណឪពុករបស់ទារកកំពុងនៅក្នុងផ្ទៃនោះ។

គ្រូបង្រៀនរូបនេះ បានឈប់សម្រាកពីការងារតាំងពីខែមីនា គឺនៅពេលដែលប៉ូលិសទទួលបានការរាយការណ៍ជាលើកដំបូង​ពី​សិស្ស​ថា ពួកគេបានឃើញវីដេអូរបស់នាងបានរួមភេទជាមួយក្មេងជំទង់។ ប៉ុន្តែគេមិនទាន់ច្បាស់ថា តើគ្រូបង្រៀនម្នាក់នេះ មានទំនាក់ទំនងជាមួយកូនសិស្សរបស់នាង ចាប់តាំងពីប៉ូលីសបានចាប់ផ្តើមស៊ើបអង្កេតយ៉ាងណានោះទេ។

ការស្រាវជ្រាវនៅក្នុងទូរសព្ទរបស់កូនសិស្ស បានរកឃើញរូបភាពអាក្រាតកាយរបស់អ្នកទាំងពីរ ហើយនៅក្នុង WhatsApp គឺបានរកឃើញការសារ ដែលអ្នកទាំងពីរបានសារភាពស្នេហាគ្នាទៅវិញទៅមក។

យោងតាមអាជ្ញាធរ គ្រូបង្រៀន Calvi បានចាប់ផ្ដើមទំនាក់ទំនងជិតស្និទ្ធ គឺនៅពេលនាងបានចាប់ផ្ដើមបង្រៀននៅផ្ទះរបស់កូនសិស្សប្រុសម្នាក់នោះ ចាប់តាំងពីចុងឆ្នាំ២០២០។​ គ្រូបង្រៀនរូបនេះត្រូវបានចោទប្រកាន់ជាច្រើនករណី ប៉ុន្តែនាងត្រូវបាន​ដោះលែងឱ្យនៅក្រៅឃុំវិញកាលពីថ្ងៃសៅរ៍ ដោយតម្កល់ប្រាក់ចំនួន៣៩,០០០ដុល្លារ៕