ការបំផ្លាញដោយសារព្យុះស៊ីក្លូន Kompasu នៅហ្វីលីពីន។ រូបភាពដកស្រង់ពីអ៊ិនធឺណិត។

ទីភ្នាក់ងារគ្រោះមហន្តរាយជាតិហ្វីលីពីនបានលើកឡើងថា នៅថ្ងៃអង្គារនេះ មនុស្ស៩នាក់បានស្លាប់ និងមនុស្ស១១នាក់ទៀតបានបាត់ខ្លួន ដោយសារគ្រោះទឹកជំនន់និងការបាក់ដី ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងពីព្យុះស៊ីក្លូនត្រូពិចឈ្មោះ Kompasu។

Kompasu ដែលមានខ្យល់បក់ខ្លាំងបំផុត១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង បានចាប់ផ្ដើមបោកបក់ប្រទេសហ្វីលីពីននៅល្ងាចថ្ងៃចន្ទ ក្នុងនោះបានធ្វើឱ្យមនុស្សជិត១,៦០០នាក់ត្រូវបានជម្លៀសខ្លួនទៅកន្លែងមានសុវត្ថិភាព។ លោកប្រធានាធិបតី Rodrigo Duterte បានតាមដានពីការឆ្លើយតបគ្រោះមហន្តរាយនេះ នេះបើតាមការលើកឡើងពីអ្នកនាំពាក្យរបស់លោក។

ទីភ្នាក់ងារអាកាសធាតុរដ្ឋបានប្រកាសថា Kompasu ជាព្យុះត្រូពិកទី១៣ ដែលបានវាយប្រហារប្រទេសហ្វីលីពីន ត្រូវបានគេរំពឹងថា នឹងចាកចេញទៅវិញនៅថ្ងៃអង្គារនេះ៕

ប្រភព៖ Reuters