ប្រជានេសាទរាយមងតាមដងទន្លេនាពេលកន្លងមក។ រូបភាព៖NTFP-EP
សូមស្តាប់បទយកការណ៍ជាសំឡេងនៅទីនេះ។

រដូវបិទនេសាទចាប់ពីខែឧសភា ដល់ខែកញ្ញា ត្រូវបានបញ្ចប់ ប្រជានេសាទបានចេញនេសាទវិញធម្មតា ប៉ុន្តែមិនទទួលបានផលត្រីច្រើននោះទេ ដោយសារទឹកនៅតាមអូរមិនទាន់ស្រកអស់។ ប្រជានេសាទសង្ឈឹមថា ផលត្រីនឹងកើនឡើងបើអាចទប់ស្កាត់បទល្មើសនេសាទបាន ខណៈពួកគាត់បារម្ភថា ការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ នៅតែជាបញ្ហាប្រឈម ដែលធ្វើឱ្យផលត្រីធ្លាក់ចុះ។

លោក ម៉ា សុខៈ ប្រធានសហគមន៍នេសាទកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង បានប្រាប់សារព័ត៌មានខ្មែរណាស់នៅព្ថ្ងៃទី១២តុលានេះថា កាលពីថ្ងៃទី៣១កញ្ញា រដ្ឋបាលខេត្តស្ទឹងត្រែងបានប្រកាសឱ្យបើកនេសាទវិញ ប៉ុន្តែក្រោយពេលបើកនេសាទវិញលំហូរត្រីមិនមានការប្រែប្រួលនោះទេ គឺមានលក្ខណៈដូចកាលពីឆ្នាំ២០២០ដែរ។ 

លោកថ្លែងដូច្នេះថា៖«ទឹកស្រកតិចទៀតទើបត្រីវាចេញពីតាមអូរ ពេលហ្នឹងទើបយើងដឹងថា វាសម្បូរប៉ុណ្ណោ។ ប៉ុន្តែនៅឥឡូវនេះទឹកវារៀងនៅនឹង។ អ៊ីចឹងទៅ! ត្រីវាអត់ទាន់ចុះមកទេ វាចូលទៅតាមអូរ ទាល់តែដាច់ខែនេះ ចូលខែ១១ អី ត្រីចាប់ផ្តើមសម្បូរវិញ»។

លោកបន្តថា ប្រសិនអាជ្ញាធរពាក់ព័ន្ធអាចទប់ស្កាត់បទល្មើសនេសាទខុសច្បាប់បាន គឺត្រីនឹងមិនមានការធ្លាក់ចុះនោះទេ មានតែការកើនឡើង ទោះបី​មានការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ក៏ដោយ ប៉ុន្តែវាក៏ជាផ្នែកមួយធ្វើឱ្យប៉ះពាល់ជម្រកត្រីដែរ និងមិនសូវប៉ះពាល់ខ្លាំងដូចការនេសាទខុសច្បាប់។

លោកថ្លែងថា៖«ដោយសារត្រីនៅតំបន់ពួកខ្ញុំនេះជាប្រភេទត្រីមេពូជធំៗ ហើយមានអន្លង់ជ្រៅៗ ហើយការនេសាទក៏មានលក្ខណៈមងតិចតូចលក្ខណៈគ្រួសារ។ ប៉ុន្តែសំខាន់ការឆក់ ឆក់គឺប្រើឧបករណ៍ទំនើបៗ ហើយយើងពិបាកទប់ស្កាត់ ដោយសារអ្នកឆក់វាជំនាញ វាអាចមានអ្នកនៅពីក្រោយខ្នងចាំមើលផ្លូវវាដែរ»។

លោកអះអាងថា កាលពីឆ្នាំ២០១៧ ដល់២០១៩ ត្រីនៅក្នុងតំបន់របស់គាត់ខ្សត់តែម្តង ព្រោះអំឡុងពេលនោះមានបទល្មើសនេសាទច្រើន ប៉ុន្តែក្រោយសហគមន៍របស់លោកបានចុះល្បាតនៅឆ្នាំ២០១៩ បានធ្វើឱ្យត្រីមានចំនួនកើនឡើងមួយចំនួនវិញ។

លោកថ្លែងទៀតថា៖«ខ្ញុំសង្កេតឃើញថា តាំងពីឆ្នាំ២០២០មក ផលត្រីនៅក្នុងដែនរបស់ខ្ញុំនេះគឺវាខុសពីមុន មានការកើនឡើង យើងដាក់មងតូចៗ នេសាទដាក់ឧបករណ៍លប ឃើញថាដាក់ទៅបានហូប ប្រសើរជាងមុន។ ដូច្នេះហើយបានជាខ្ញុំគិតថាត្រីក្នុងដែនរបស់ខ្ញុំមានការកើនឡើង។ កាលពី២០១៧ ២០១៨ បទល្មើសកើតឡើងច្រើនរៀងរាល់ថ្ងៃឆក់ទាំងថ្ងៃទាំងយប់ ហើយសង្កេតមើលយើងដាក់មង ដាក់សន្តូចអឺហ្នឹង គឺអត់បានហូបទេ ម៉ាយប់អីជូនកាលអត់បាន១ផង»។

លោក ធន់ តូ អាយុ៥៥ឆ្នាំ ប្រជានេសាទរស់នៅភូមិកាំងដីសបានលើកឡើងដែរថា ក្រោយពេលសហគមន៍កាំងដីស បានចុះល្បាតទប់ស្កាត់ការនេសាទខុសច្បាប់មក លោកមើលឃើញថា ចំនួនត្រីហាក់មានការកើនឡើងជាងឆ្នាំមុនក្នុងដែននេសាទកាំងដីស ។ លោកចង់ឱ្យសហគមន៍ទាំងអស់ក្នុងខេត្តស្ទឹងត្រែងចុះល្បាតឱ្យបានដិតដល់ក្នុងការទប់ស្កាត់បទល្មើសនេសាទ ដើម្បីឱ្យចំនួនត្រីកើនឡើងនៅពេលអនាគត។

លោកថ្លែងថា៖«ឆ្នាំមុនពិបាករកស៊ីណាស់ ព្រោះពួកគេ(អ្នកនេសាទ) ឆក់ទាំងថ្ងៃនៅខាងតំបន់ខ្ញុំ ដង្ហែគ្នាដូចគេបណ្តែតប្រទីបអ៊ីចឹងពីឆ្នាំមុនៗនោះ។ ប៉ុន្តែដោយសារសហគមន៍កាំងដីសគេបង្កើតអ៊ីចឹងទៅ គេអាចការពារបាន៩០ភាគរយ រាល់ថ្ងៃនេះអត់មានអ្នកណាហ៊ានចូលទេរាល់ថ្ងៃនេះ»។

លោកបន្តថា បញ្ហាទឹកតូច បញ្ហាសាង់សង់វារីអគ្គិសនី ក៏ធ្វើផ្នែកមួយធ្វើឱ្យត្រីធ្លាក់ផងដែរ ប៉ុន្តែធ្វើយ៉ាងកុំឱ្យមានបញ្ហានេសាទឆក់ត្រីខុសច្បាប់ និងបណ្តែតមងក្នុងរដូវត្រីពង ព្រោះវាបានបំផ្លាញត្រីច្រើនណាស់។

ចំណែកលោក ស្រី សំវិចិត្រ  នាយខណ្ឌជលផលស្តីទីខេត្តស្ទឹងត្រែងបានឱ្យដឹងថា ដោយសារស្ថានភាពទឹកនៅខេត្តស្ទឹងត្រែងមិនទាន់ស្រកនៅតាមអូរអស់ ដូច្នេះមិនទាន់ដឹងថាត្រីឆ្នាំនេះមានការកើនឡើងឬយ៉ាងណានោះទេ ខណៈនៅខែវិចិ្ឆកា និងខែធ្នូ ទើប​​​ចាប់ផ្តើមនេសាទបានត្រី ប៉ុន្តែប្រជានេសាទនៅតែចេញទៅនេសាទធម្មតាជាលក្ខណៈគ្រួសារ។

លោកថ្លែងដូច្នេះថា៖«ប៉ុន្តែលក្ខណៈគ្រួសារយើងនៅតែហាម នៅតំបន់អភិរក្ស តំបន់ការពារដែរ គាត់អាចនេសាទនៅតាមដងទន្លេដែលគាត់នេសាទបាន គឺយើងរកបានធម្មតាអត់អីទេ»។

លោកបន្តថា ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលជលផល សហការជាមួយដៃគូរពាក់ព័ន្ធគឺអនុវត្តបានល្អហើយ ប៉ុន្តែស្ថានភាពទឹកមិនអំណោយផលដល់ផលត្រី ជាក់ស្តែងទឹកឡើងបានតែជាង៨ម្រ៉ែត ហើយស្រកវិញអស់ ដោយវាមិនឡើងខ្ពស់លិចទំបន់ និងចូលតាមអូរបានច្រើននោះទេ ដូច្នេះវាជាចំណុចមួយអាចធ្វើឱ្យប៉ះពាល់ដល់ផលនេសាទដែរ។

លោក យក់ សេងឡុង អនុប្រធានអង្គការសម្ព័នភាពដើម្បីអភិរក្សធនធានជលផលហៅកាត់ថា FACT បានលើកឡើងដែរថា លោកមិនទាន់អាចសន្និដ្ឋានថា ត្រីកើនឡើង ឬធ្លាក់ចុះនៅឆ្នាំនេះនោះទេ ប៉ុន្តែលោកអះអាងថា កត្តាលំហូរទឹកប្រែប្រួល ការប្រែប្រួលអាកាសធាតុ ការសាងសង់ទំនប់វារីអគ្គិសនី និងបទល្មើសនេសាទ ជាកត្តាដែលធ្វើឱ្យប៉ះពាល់ដល់ទន្និផលត្រី។ 

លោកថ្លែងដូច្នេះថា«ឥឡូវវានៅដើម(រដូវ)ពេក ដល់យើងរង់ចាំដល់ខ្ទង់ចុងខែតុលា ដើមខែវិចិ្ឆកា ទើបយើងដឹងថាវាសម្បូរឬមិនសម្បូរ ប៉ុន្តែយើងទាញជាទូទៅ កត្តាទឹកហ្នឹងជារឿងសំខាន់កាលណាលំហូរទឹកហ្នឹងជាអត់ទៀងទាត់ វាបញ្ហាប្រឈមប៉ះពាល់ដល់ត្រីដែរ»។

សេចក្តីប្រកាសព័ត៌មានរបស់អង្គការ WWF កម្ពុជាបានបញ្ជាក់ថា ធនធានជលផលទឹកសាប គឺជាប្រភពប្រូតេអ៊ីនសំខាន់បំផុតសម្រាប់មនុស្ស២០០លាននាក់នៅតំបន់អាស៊ីអាហ្វ្រិក និងអាមេរិកខាងត្បូង ព្រមទាំងជាប្រភពផ្ដល់ការងារនិងរបរចិញ្ចឹមជីវិតដល់មនុស្សចំនួន៦០លាន នាក់ផង ដែរ៕

សឹម សល់ម៉ា