ត្រីរបស់នៅក្នុងស្រះរបស់សមាជិកសមាគមវារីវប្បករកម្ពុជា។ រូបភាព៖ សមាគមវារីវប្បករកម្ពុជា

ត្រីរបស់កសិករក្នុងស្រុកមួយចំនួន លែងមានការកកស្ទះ ប៉ុន្តែពួកគេលក់បានក្នុងតម្លៃថោកប៉ុណ្ណោះ ដែលអាចត្រឹមទប់ទល់ថ្លៃដើមផលិត ស្របពេលចំណីត្រី ក៏បានឡើងថ្លៃខ្លាំងមួយរយៈចុងក្រោយនេះ។

លោក សាំង អ៊ីម ជាអ្នកចិញ្ចឹមត្រីប្រា និងត្រីឆ្តោចំនួន ៨ស្រះនៅក្នុងខេត្តកំពង់ចាម បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១២តុលានេះថា ត្រីនៅក្នុងស្រះរបស់លោកលែងមានការកកស្ទះ ដោយសារមានអ្នកចុះប្រមូលទិញគ្រាន់បើជាងពេលមុន ប៉ុន្តែនៅតែមានតម្លៃថោកដដែល។

លោកថា៖«វាមិនសូវ(កកស្ទះ)ទេ គ្រាន់តែតម្លៃវាមិនទាន់បានឡើងថ្លៃ​។ តម្លៃត្រីប្រាមួយគីឡូជាង៤ពាន់រៀលហ្នឹងតាំងពីជាងមួយឆ្នាំមុន។​ វាមិនចំណេញ បានត្រឹមមួយទប់ទល់រួចថ្លៃដើម»។

លោកបន្តថា កាលពីមុន ទោះបីជាតម្លៃត្រីថោក តែចំណីត្រីក៏រាងថោកដែរ ប៉ុន្តែឥឡូវ តម្លៃត្រីថោកហើយ ថែមទាំងចំណីត្រីឡើងថ្លៃថែមទៀត។ លោកបន្ថែមថា សម្រាប់ត្រីឆ្តោ ទាល់តែអាចលក់បានក្នុងមួយគីឡូ១២០០០រៀលឡើង ទើបអាចចំណេញ ខណៈសព្វថ្ងៃលោកលក់បានត្រឹមតែ១១០០០ប៉ុណ្ណោះ។

ចំណែកលោក លី ហួត អ្នកចិញ្ចឹមត្រីម្នាក់ទៀតនៅខេត្តសៀមរាប ក៏បានលើកឡើងថា មិនមានការកកស្ទះត្រីដូចកាលមុនទេ គ្រាន់តែការចិញ្ចឹមមិនសូវទទួលបានចំណេញ ដោយសារចំណីត្រីឡើងថ្លៃ។

លោកថា៖« ចំណីកាលមុនខ្ញុំទិញតែមួយការ៉ុងជាង៦ម៉ឺនរៀលទេ តែឥឡូវឡើងដល់មួយការ៉ុងជិត៧ម៉ឺន ដែលក្នុងមួយការ៉ុងឡើងចន្លោះពី២ទៅ ៣ពាន់រៀល។ បើចិញ្ចឹមត្រីពោចំណេញ តែបើយើងចិញ្ចឹមត្រីប្រាគឺមិនចំណេញទេ ព្រោះត្រីប្រាលក់ចេញបានតែមួយគីឡូ ៤៥០០រៀលទេ»។

លោក លី ហួត ជាអ្នកចិញ្ចឹមត្រីចំនួន៤ស្រះ ដែលក្នុងនោះរួមមានត្រីប្រា ត្រីពោ និងត្រីឆ្តោ លោកមានត្រីត្រូវចាប់លក់បន្តគ្នា ដោយកំណត់រយៈពេលត្រឹមតែ៣ខែអាចចាប់លក់បាន។​​

ជាមួយគ្នានេះ លោក ចិត្រ ភារម្យ អ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជា ក៏បានអះអាងដែរ​ថា ការនាំចូលត្រីនៅតែមាន ប៉ុន្តែត្រីក្នុងស្រុកមិនមានការកកស្ទះដូចមុនទេ។

លោកថា៖«ការនាំចូលនៅតែនាំចូល គ្រាន់តែថាត្រីយើងនៅក្នុងស្រុក មិនកកស្ទះដូចកាលមុន ដោយសារពួកគាត់(អ្នកចិញ្ចឹមត្រី)លក់ចេញអស់ និងទីផ្សារក៏មិនមានបញ្ហាអ្វីនោះដែរ»។

លោកបន្តថា សមាជិកនៅក្នុងសមាគមរបស់លោកមិនមានជួបប្រទះការកកស្ទះត្រីច្រើនរាប់សិបតោនដូចអំឡុងពេលនៃការបិទខ្ទប់នោះទេ ដោយអ្នកចិញ្ចឹមខ្លះអាចរកទីផ្សារបានដោយខ្លួនឯង និងបានចាប់លក់ទៅឱ្យឈ្មួញជាបន្តបន្ទាប់ហើយដែរ។

កាលពីអំឡុងខែឧសភា សមាគមវារីវប្បករកម្ពុជាបានបានចេញសេចក្តីប្រកាសពីចំនួនត្រីដែលនៅកកស្ទះនៅក្នុងសមាគមរបស់ខ្លួន ដែលមានប្រមាណជាង៥ពាន់តោន និងត្រីដែលត្រូវចាប់លក់បន្តមានជាង ៤ពាន់តោន។ បញ្ហាកកស្ទះត្រីនៅពេលនោះ បានធ្វើឱ្យអ្នកចិញ្ចឹមត្រីមួយចំនួន ផ្អាកការចិញ្ចឹម ខណៈខ្លះទៀតឈប់ចិញ្ចឹមដោយមិនមានដើមទុនដើម្បីបន្ត៕