ថ្នាំ​គ្រាប់​ molnupiravirសម្រាប់​ព្យាបាល​ជំងឺ​កូវីដ​១៩ ដែល​ក្រុមហ៊ុន​ឱសថ Merck បានស្នើសុំឱ្យប្រើប្រាស់ជាបន្ទាន់ពីFDA។ AFP

ក្រុមហ៊ុនឱសថអាមេរិក Merch បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា ខ្លួនបានស្នើសុំទៅរដ្ឋបាលចំណីអាហារនិងឱសថហៅកាត់​ថា​FDA ដើម្បីអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ប្រភេទថ្នាំគ្រាប់របស់ខ្លួន molnupiravir សម្រាប់ព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាលទៅមធ្យម។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNBC។

ការស្នើសុំនេះ បន្ទាប់ពីទិន្នន័យនៃការសាកល្បងលើកទី៣ចេញផ្សាយនៅថ្ងៃទី១តុលាបង្ហាញថា ប្រភេទថ្នាំគ្រាប់នេះ គឺជួយកាត់បន្ថយឱកាសសម្រាប់អ្នកជំងឺទើបធ្វើតេស្ដថ្មី ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរហូត៥០%។ ថ្នាំនេះ គឺជួយធ្វើការងារដើម្បីរារាំងការចម្លងមេរោគនៅខាងក្នុងខ្លួនរបស់មនុស្ស ហើយប្រសិនបើទទួលបានយល់ព្រមពីរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក គឺវាជាថ្នាំគ្រាប់ដំបូងគេសម្រាប់ព្យាបាលជំងឺកូវីដ១៩ ដែលបច្ចុប្បន្ន ជាមធ្យមជំងឺនេះ បានសម្រាប់ពលរដ្ឋអាមេរិកជាង​១,0៦០០នាក់ក្នុងមួយថ្ងៃ។

ប្រធានក្រុមហ៊ុនឱសថMerch លោក Robert Davis បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖«ផលប៉ះពាល់ដ៏ធំធេងនៃជំងឺរាតត្បាតនេះ បានទាមទារឱ្យយើងធ្វើចលនាដោយមិនធ្លាប់មានពីមុនមកជាបន្ទាន់ ហើយនោះគឺជាអ្វីដែលក្រុមការងាររបស់យើងបានធ្វើ ដោយការដាក់ស្នើសុំប្រើប្រាស់ថ្នាំគ្រាប់ molnupiravir ទៅឱ្យFDAក្នុងរយៈពេល១០ថ្ងៃ ដើម្បីទទួលបានទិន្នន័យនេះ។ លោកបន្តថា ថ្នាំគ្រាប់នេះ នឹងអាចប្រើប្រាស់សម្រាប់ពលរដ្ឋអាមេរិកនៅចុងឆ្នាំនេះ។

កាលពីដើមឆ្នាំ ក្រុមហ៊ុនបានយល់ព្រមផ្គត់ផ្គង់ថ្នាំគ្រាប់នេះសម្រាប់ពលរដ្ឋអាមេរិក១លាន៧សែននាក់ ដែលក្នុងម្នាក់គឺដ្ឋាភិបាលសហព័ន្ធអាមេរិក ត្រូវចំណាយ៧០០ដុល្លារ ប៉ុន្តែដរាបណា ក្រុមហ៊ុនត្រូវទទួលបានការអនុម័តយល់ព្រមពេញលេញពីរដ្ឋបាលចំណីអាហារនិងឱសថជាមុនសិន។

ខណៈពេលការចាក់វ៉ាក់សាំងនៅតែវិធីសាស្ដ្រល្អបំផុត សម្រាប់ប្រឆាំងជំងឹកូវីដ១៩ ប៉ុន្តែក្រុមអ្នកជំនាញសុខភាព និងមន្ត្រីសុខា​ភិបាលអាមេរិកសង្ឃឹមថា ថ្នាំគ្រាប់របស់ក្រុមMerchនេះ នឹងជួយទប់ស្កាត់ការវិវត្តរបស់ជំងឺនៅក្នុងខ្លួនមនុស្សកុំឱ្យធ្ងន់ធ្ងររហូតត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ លោកវេជ្ជបណ្ឌិត Mike Ryan ប្រធានកម្មវិធីសុខភាពបន្ទាន់របស់អង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងសន្និសីទសារព៍ត៌មាននៅសប្ដាហ៍មុនថា ថ្នាំនេះគឺប្រៀបបាននឹងរបស់ពិសិដ្ឋមួយ។

ក្រុមហ៊ុនឱសថមួយចំនួនទៀត ក៏កំពុងនាំគ្នាបង្កើតថ្នាំគ្រាប់សម្រាប់លេបព្យាបាលកូវីដដែរ។ ថ្នាំគ្រាប់មួយកំពុងបង្កើតឡើងដោយក្រុមហ៊ុន Pfizer ដែលជាក្រុមហ៊ុនដែលបានបង្កើតវ៉ាក់សាំងកូវីដនិងទទួលបានអនុញ្ញាតឱ្យប្រើប្រាស់ដំបូងគេនៅសហរដ្ឋអាមេរិក និងត្រូវបានគេជឿជាក់ថា ថ្នាំគ្រាប់ពីក្រុមហ៊ុនPfizer ក៏នឹងអាចប្រើប្រាស់នៅចុងឆ្នាំនេះ៕