ក្រសួងធនធានទឹកនៅថ្ងៃទី ១២តុលានេះ ចេញសេចក្តីប្រកាសពីស្ថានភាពអាកាសធាតុនៅកម្ពុជាពីថ្ងៃទី ១៣ដល់ ១៩តុលា ដោយកម្ពុជានឹងទទួលរងឥទ្ធិពលមួយចំនួនដូចជា ចាប់ពីថ្ងៃទី​១៣​ដល់ ១៤ ទទួលរងឥទ្ធិពលពីជ្រលងនៃព្យុះ KOMPASU 2118 ក្នុងកម្រិតមធ្យម។ ថ្ងៃទី ១៥​ដល់​ ១៧តុលា កម្ពុជានឹងរងឥទ្ធិពលមូសុងនិរតីខ្លាំង និងប្រព័ន្ធសម្ពាធទាបភ្ជាប់ជាមួយវិសម្ពាធដែលស្ថិតក្នុងសមុត្រចិនខាងត្បូង។ ចំណែកថ្ងៃទី ​១៨ដល់ ១៩តុលា កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន និងរំកិលចុះមកក្រោមដល់ភាគខាងជើងកម្ពុជា។

ខេត្តនៅតាមតំបន់វាលទំនាបមួយចំនួនដូចជា ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល តាកែវ ព្រៃវែង និងរាជធានីភ្នំពេញ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ និងមានខ្យល់កន្រ្តាក់ក្នុងល្បឿនមធ្យម។ រីឯបណ្តាលខេត្តមួយចំនួននៅតំបន់ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងធ្លាក់មធ្យម។

ដោយឡែកខេត្តនៅតាមជួរមាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ច្រើន និងមានខ្យល់កន្រ្តាក់ក្នុងល្បឿនលឿនខ្លាំង និងរលកសមុត្រខ្ពស់ ដែលមានខេត្តដូចជា កោះកុង ព្រះសីហនុ កំពត និងកែប៕