រូបឯកសារ៖ លោក Kim បង្ហាញ​ចេតនា​ចង់​ស្តារ​ទំនាក់​ទំនង​ជាមួយ​កូរ៉េ​ខាង​ត្បូង​ដើម្បី​តម្កើង​សន្តិភាព​នៅ​ខែ​តុលា។ (AP)

ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ(KCNA)របស់ប្រទេសកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃចន្ទនេះថា មេដឹកនាំកូរ៉េខាងជើងលោកKim Jong Unបានជំរុញមន្ត្រីក្រោមឱវាទឲ្យផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ខណៈសេដ្ឋកិច្ចមានស្ថានភាព«មិនល្អ»។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានReuters។

លោកKim Jong Unបានជំរុញដូចនេះនៅពេលលោកថ្លែងសុន្ទរកថាកាលពីថ្ងៃអាទិត្យម្សិលមិញក្នុងពិធីប្រារព្ធខួបលើកទី ៧៦ នៃការបង្កើតគណបក្សពលករកូរ៉េ(Worker’s Party of Korea)។

សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងបានជួបប្រទះបញ្ហាដោយសារការដាក់ទណ្ឌកម្មរបស់អន្តរជាតិជាច្រើនឆ្នាំទាក់ទិននឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ និងមួយផ្នែកដោយសារគ្រោះទឹកជំនន់។

លោកKim Jong Unបានថ្លែងថា ប្រទេសកូរ៉េខាងជើងប្រឈមនឹង«ភារៈកិច្ចដ៏ធំសម្បើមដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរដ្ឋ»និងដើម្បីសម្រេចឲ្យបាននូវគោលដៅសេដ្ឋកិច្ចដែលបានបង្កើតឡើងនៅក្នុងការប្រជុំរបស់គណបក្សនិងរបស់រដ្ឋាភិបាលកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានKCNA។

លោកបានបន្តថា៖«មធ្យោបាយតែមួយគត់ដើម្បីជំរុញទៅមុខឲ្យបានក្លៀវក្លានូវកិច្ចការដ៏សំខាន់ដែលមិនធ្លាប់មានពីមុននេះ ថ្វីបើស្ថានភាពមិនល្អក៏ដោយ គឺគណបក្សទាំងមូលត្រូវតែរួមសាមគ្គីគ្នា»។

លោកបានបន្ថែមថា មន្ត្រីនានា«គួរតែពិចារណាជានិច្ចកាលថាតើកិច្ចការរបស់ពួកគេមានប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋឬក៏បង្កជាបញ្ហាដល់ប្រជាពលរដ្ឋដែរឬក៏យ៉ាងណានោះ»៕