រូបឯកសារ៖ តំណាង​កងទ័ព​ឥណ្ឌាធ្វើ​ដំណើរ​លើ​ដង​វិថី​នៅ​ទីក្រុងSrinagar តំបន់​ Kashmir កាលពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។ (AP)

ប្រទេសឥណ្ឌានិងប្រទេសចិនបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ការចរចាកាលពីថ្ងៃអាទិត្យរវាងមេបញ្ជាការកងទ័ពនៃភាគីទាំងពីរដើម្បីដកកងទ័ពចេញពីតំបន់ដែលមានជម្លោះសំខាន់ៗនៅតាមបណ្តោយព្រំដែនរបស់ប្រទេសទាំងពីរបានបញ្ចប់នៅក្នុងភាពទាល់ច្រកនិងបានបរាជ័យនៅក្នុងការបន្ធូរបន្ថយភាពតានតឹងរយៈពេល១៧ខែកន្លងមក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានAssociated Press។

ការបរាជ័យនៃការចរចានេះមានន័យថា ប្រទេសទាំងពីរនឹងរក្សាកងទ័ពនៅក្នុងផ្នែកជួរមុខនៃតំបន់Ladakhនៅរដូវរងាខាងមុខនេះជាបន្តទៀត ដែលជាពេលមានសីតុណ្ហភាពដ៏ត្រជាក់បំផុត។

ក្រសួងការពារជាតិឥណ្ឌាបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ខ្លួនបានផ្ដល់នូវ«ការស្នើក្នុងន័យស្ថាបនា»ក៏ប៉ុន្តែភាគីចិនមិនបានយល់ព្រមតាម។ ចំណែកឯយោធាចិនវិញបានបញ្ជាក់ថា«ឥណ្ឌាបានទទូចទាមទារដោយ«មិនសមហេតុសមផលនិងគ្មានការពិតជាក់ស្តែង»។

មេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរបានជួបពិភាក្សាគ្នាអំពីរឿងនេះ បន្ទាប់ពីមិនបានជួបចរចាគ្នាអស់រយៈពេល ២ ខែ នៅតំបន់Moldoនៃផ្នែកប្រទេសចិនក្នុងតំបន់Ladakh។

ការពិភាក្សានេះបានធ្វើឡើងនៅចំពេលដែលមេបញ្ជាការកងទ័ពឥណ្ឌាបង្ហាញការខកចិត្តចំពោះអ្វីដែលលោកហៅថាជាការបង្កើនការពង្រាយទ័ពនិងអាវុធទ្រង់ទ្រាយធំរបស់ភាគីចិន។

កន្លងមក ប្រទេសទាំងពីរបានដាក់ពង្រាយទាហានរាប់ម៉ឺននាក់ ដែលមានទាំងកាំភ្លើងធំ រថក្រោះ និងយន្តហោះចម្បាំងផងដែរ នៅតាមបណ្ដាយព្រំដែនដែលហៅថា«ខ្សែបន្ទាត់នៃការគ្រប់គ្រងជាក់ស្ដែង(Line of Actual Control)»។ កាលពីឆ្នាំ ១៩៦២ ឥណ្ឌានិងចិនបានប្រយុទ្ធគ្នានៅក្នុងសង្គ្រាមដ៏ប្រល័យទាក់ទិននឹងបញ្ហាព្រំដែននេះ៕