គ្រោះទឹកជំនន់នៅខេត្តសានស៊ីក្នុងប្រទេសចិន។ រូបភាពដកស្រង់ចេញពីសារព័ត៌មាន BBC។

មនុស្សជាង១,៧៦លាននាក់ បានរងផលប៉ះពាល់ដោយទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងខេត្តសានស៊ី ភាគខាងជើងប្រទេសចិន។ នេះ​បើ​យោង​តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងត្រូវចុះផ្សាយបន្តដោយសារព័ត៌មានBBCនៅថ្ងៃចន្ទនេះ។

ភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីសប្តាហ៍មុន បណ្តាលឱ្យផ្ទះដួលរលំ និងបង្កការរអិលបាក់ដី ក្នុងស្រុកនិងទីក្រុងជាង៧០នៅខេត្តនេះ។ក្រុមមន្ត្រីបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងកំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះរបស់ក្រុមអ្នកជំនាញ។

ទឹកជំនន់នេះកើតឡើងមិនដល់៣ខែផង បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅខេត្តហឺណានបានបណ្តាលឱ្យមនុស្សជាង៣០០នាក់ស្លាប់។ រដ្ឋបាលឧតុនិយមរបស់ប្រទេសចិនបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនថា ភ្លៀងធ្លាក់ខ្លាំងអូសបន្លាយរយៈពេលយូរនេះ និងព្យុះ កំពុងរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

សានស៊ី គឺជាខេត្តសម្បូរទីតាំងបុរាណរបស់ចិន គឺតែងប្រឈមហានិភ័យធ្ងន់ធ្ងរពីជំនន់ទឹកភ្លៀង។ អាជ្ញាធរបានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួថា មនុស្សជាង១២ម៉ឺននាក់ត្រូវបានគេបញ្ជូនជាបន្ទាន់ទៅទីតាំងសុវត្ថិភាព ហើយផ្ទះចំនួន១៧,០០០ខ្នងបាន​ដួល​រលំ​នៅទូទាំងខេត្តសានស៊ី។

មន្រ្តីប៉ូលីសចំនួន៤នាក់បានស្លាប់ដោយសារការការហូងបាក់ដី។ នេះបើយោងតាមសារព័ត៌មាន Global Times។ សារព័ត៌មានដែល​គ្រប់គ្រងដោយរដ្ឋចិននេះបន្តថា ទឹកជំនន់នៅខេត្តសានស៊ី ប្រហែលជាអាក្រក់ជាងទឹកជំនន់នៅហឺណានកាលពីដើមឆ្នាំទៅទៀត។

សានស៊ីគឺជាខេត្តផលិតធ្យូងថ្មដ៏សំខាន់ ហើយរដ្ឋាភិបាលចិនត្រូវបង្ខំចិត្តបញ្ឈប់ប្រតិបត្តិការនៅរោងចក្ររ៉ែនិងរោងចក្រគីមីដោយ​សារភ្លៀងធ្លាក់ខ្លាំង។ ប្រទេសចិនកំពុងប្រឈមមុខនឹងកង្វះថាមពល ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីរួចទៅហើយ។ រដ្ឋាភិបាលចិនបានកំណត់ការប្រើប្រាស់អគ្គិសនីនៅតាមកំពង់ផែនិងរោងចក្រ។

រដ្ឋាភិបាលនៅខេត្តសានស៊ីបានប្រកាសថា ខ្លួនបានផ្អាកផលិតកម្មនៅអណ្តូងរ៉ែធ្យូងថ្មចំនួន៦០ អណ្តូងរ៉ែមិនមែនធ្យូងថ្មចំនួន​៣៧២ និងរោងចក្រគីមីគ្រោះថ្នាក់ចំនួន១៤ ខណៈប្រតិបត្តិការត្រូវបានបញ្ឈប់រួចហើយនៅអណ្តូងរ៉ែធ្យូងថ្មចំនួន ២៧ផ្សេងទៀតនៅថ្ងៃទី៤តុលា៕